ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ចង់ឃើញប្រតិបត្តិការអាជីវកម្មរ៉ែ នៅកម្ពុជា បំពេញកាតព្វកិច្ចបង់បន្ធត្រឹមត្រូវ ដែលបម្រើឱ្យផលប្រយោជន៍ជាតិទាំងមូល មិនមែនផលប្រយោជន៍បុគ្គល។ ទន្ទឹមនឹងចង់ឃើញការអនុវត្តកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ ថ្នាក់ដឹកនាំរូបនេះ ក៏ចង់ឃើញអាជីវកម្មរ៉ែទាំងអស់មានការគិតគូរពីផលប៉ះពាល់មកលើបរិស្ថាន និងសង្គមជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ជំរុញឱ្យការធ្វើអាជីវកម្មរ៉ែ ត្រូវតែធានាឱ្យបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិត ដែលស្ទើរតែ១០០% សុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការផ្តល់តែប្រាក់ខែជូនកម្មករនិយោជិតតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសុខសុវត្ថិភាពដល់ពួកគេនៅក្នុងប្រតិបត្តិការរ៉ែទាំងអស់ឱ្យបានហ្មត់ចត់បំផុត។
សម្រាប់ឯកឧត្តម កែវ រតនៈ បញ្ហាទាំងនេះ គឺជាបញ្ហាដែលក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវដោះស្រាយដ្បិតក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យវិស័យរ៉ែនៅកម្ពុជា អាចរកចំណូលជូនជាតិបានហើយ និងអាចការពារបរិស្ថាន និងធានានូវការអភិវឌ្ឍ ព្រមទាំងអាចធានាបាននូវសេចក្តីសុខសុវត្ថិភាពដល់កម្មករកម្មការិនីផងដែរ។
សូមជម្រាបថា ការអភិវឌ្ឍវិស័យរ៉ែ នៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងកម្ពុជាផលិតស៊ីម៉ងបានប្រមាណ៩លានតោនក្នុង១ឆ្នាំៗ និងគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាផលិតមាសបានប្រមាណ៩,៥តោន ខណៈកម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណ ៥០លានដុល្លារផងដែរ គិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅនេះ៕