ការលើកសំណើលើការផ្តល់ប្រាក់កម្ចីបន្ថែមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសកំពង់ផែក្រុងព្រះសីហនុ ផែនការមេភស្តុភារកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស រវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមបណ្ឌិត ម៉ូរី ម៉ាសាហ្វូមី ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
នាកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីទ្រទ្រងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ជាក់ស្ដែង ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុន តាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី អះអាងថា កំពង់ផែក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា។
នៅកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ម៉ូរី ម៉ាសាហ្វូមី ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានពិភាក្សាលើគម្រោង ការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារអាមេរិក ដែលត្រូវធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លារទៀត ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីនេះ។
ទន្ទឹមនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងដែលត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសមត្ថភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។ ដោយឡែក គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្នែកនៃផ្លូវអាស៊ានហាយវេ លេខ១ ដ៏មានសក្តានុពល តភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជា និងទៅក្នុងតំបន់ ជាពិសេសតាមរយៈប្រទេសថៃ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ខាងមុខនេះផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា កម្ពុជាក៏កំពុងរៀបចំមជ្ឈមណ្ឌលភស្តុភាកម្ម (Logistics Hub) ធ្វើឱ្យកម្ពុជាក្លាយជាអនុតំបន់ភស្តុភាកម្ម ជាពិសេសគឺគម្រោង «មជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ» ដែលជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងចូលរួមក្នុងការពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ ទន្ទឹមនឹងប្រទេសជប៉ុន បានជួយសិក្សាចប់សព្វគ្រប់លើការៀបចំផែនការមេភស្តុភារកម្មនៅកម្ពុជា ដែលនឹងត្រូវការទំហំថវិកាប្រមាណ ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣២គម្រោងរួចហើយនោះ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគក្នុងគម្រោងមួយចំនួន ក្នុងចំណោមគម្រោងនោះផងដែរ។
សូមបញ្ជាក់ថា នៅអំឡុងជំនួបទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ប្រមុខដឹកនាំរាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា ក៏បានសម្រេចពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត ពោលគឺពីកម្រិត «ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ» ទៅជា «ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីរ រំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ ៕