ទេសចរណ៍-​ចិន

កម្ពុជា​ត្រៀម​ប្រយុទ្ធ​ដណ្តើម​ភ្ញៀវ​ទេសចរ​ចិន​ពី​អាស៊ី​និង​អឺរ៉ុប


រយៈពេល​ពីរ-​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ចលនា​នៃ​ការ​បំលាស់​ទី​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ពិភពលោក ហាក់​បី​ដូច​ជា​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់។ លំហូរ​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​និង​អឺរ៉ុប​កំពុង​តែ​ប្រកួត​ប្រជែង​គ្នា​ដណើ្តម​យក​ភ្ញៀវ​ទេសចរ​ចិន។
ភ្ញៀវ​ទេសចរ​ចិន​ថត​រូប​អនុស្សាវរីយ៍​ខណៈ​កំពុង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត នៅ​ប្រទេស​កម្ពុជា។ រូបភាព៖ Jingdaily.com
ដោយ

ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ដែល​ពី​មុន​មិន​សូវ​ចាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ចិន ប៉ុន្តែ ឥឡូវ​នេះ ចាប់​ផ្តើម​កម្រើក​​រៀបចំ​​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ហើយ ក្នុង​នោះ​កម្ពុជា​ក៏​កំពុង​ត្រៀម​ប្រយុទ្ធ​ដណ្តើម​យក​ភ្ញៀវ​ទេសចរ​ចិន​ដែរ។

ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ថា កម្ពុជា​​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួច​រាល់​ហើយ ដើម្បី​ទាក់ទាញ​និង​ទទួល​ភ្ញៀវ​ទេសចរ​ចិន។

ឯកឧត្តម​អះអាង​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ធ្វើ​ទីផ្សារ យើង​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិន​គឺ​ជា​កម្លាំង​ទេសចរណ៍​មួយ​ដ៏​ធំ ដែល​នរណា​ក៏​ចង់​បាន ដូច្នេះ បើ​យើង​មិន​ត្រៀម​ទាក់ទាញ​និង​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ទេ យើង​នឹង​ចាញ់​គេ​ហើយ»។

ឯក​ឧត្តមបណ្ឌិត ថោង ខុន បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​តំបន់​អាស៊ី​មាន​ចំណែក ៧០​ភាគរយ និង​អឺរ៉ុប ២០​ភាគរយ ក្នុង​នោះ​ប្រទេស​បារាំង​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ល្អ​បំផុត ហើយ​ក៏​ទទួល​បាន​ប្រាក់​ចំណូល​ជា​ច្រើន​ផង​ដែរ។ 

កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​កើន​ដល់ ១៤​ក្រុមហ៊ុន​ហើយ!

ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បើក​ប្រតិបត្តិការ​ហោះហើរ​ក៏​កើន​ឡើង​ច្រើន​ដែរ។

ឯកឧត្តម ថោង ខុន បាន​គូស​បញ្ជាក់​ថា ការ​ហោះហើរ​ពី​ប្រទេស​ចិន​ក្នុង​មួយ​សប្តាហ៍​មាន​ចំនួន ១២០​ជើង​ឯណោះ ជាមួយ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៤​ក្រុមហ៊ុន។

ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍​​បន្ត​ថា នៅ​ឆ្នាំ​នេះ កម្ពុជា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បាន​ជាង​១​លាន​នាក់ កើន​ឡើង ៤០​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦ ហើយ​រំពឹង​ថា ទទួល​បាន​ចំនួន ២​លាន​នាក់​ក្នុង​ឆ្នាំ​២០២០។

ឯកឧត្តម​ថា ការ​កើន​ឡើង​នេះ​ដោយសារ​តែ​ ទី១ ការ​រៀបចំ​ទទួល​បាន​ល្អ និង​ទី២ ការ​ហោះ​ហើរ។ ឯកឧត្តម​បណ្ឌិត​ថា នៅ​ក្នុង​ឆ្នាំ​២០៣០ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទូទាំង​ពិភព​លោក នឹង​កើន​ឡើង​ដល់​ទៅ ១៨០០​លាន​នាក់ ខណៈ​ដែល​បច្ចុប្បន្ន ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​២០០​លាន​នាក់។

បើ​និយាយ​ពី​ភ្ញៀវ​ទេសចរ​ចិន​វិញ កាល​ពី​ឆ្នាំ​មុន ទេសចរ​ចិន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១២០​លាន​នាក់ ហើយ​ចំណាយ​ប្រាក់​ប្រមាណ ១២០​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​ឆ្នាំ​២០២០ ទេសចរ​ចិន​ចេញ​កម្សាន្ត​ក្រៅ​ប្រទេស​មិន​តិច​ជាង ២០០​លាន​នាក់​នោះ​ទេ ហើយ​ការ​ចំណាយ​រំពឹង​ថា កើន​ដល់ ៤២០​ពាន់​លាន​ដុល្លារ​អាមេរិក៕

None



អត្ថបទបន្ទាប់


លោក យក់ ចំរើនប្ញទ្ធិ៖ Forte ត្រៀម២​ជំហាន​រួច​ស្រេច​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ធានា​រ៉ាប់រង

ទោះ​បី​ជា​វិស័យ​ធានា​រ៉ាបរង ទើបតែ​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា រយៈពេល​ប្រមាណ​៥​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ​វិស័យ​នេះ​កំពុង​មាន​ការ…

ប្រាក់​កម្ចី​ជិត​១០​លាន​ដុល្លារ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បញ្ចេញ​សម្រាប់​ទិញ​​ស្រូវ​ស្ដុក

ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​បញ្ចេញ​ឥណទាន​សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ស្ដុក​ទុក ចំនួន​ជិត​១០​លាន​ដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ