នាពិធីបើកការតាំងពិព័រណ៍វិស័យសំណង់ អគារ វិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនវិស័យរួមមួយ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យវិស័យឧសហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា មានរបៀបរៀបរយ តាមរយៈការបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ និងបង្កើតផលិតផលថ្មីៗ ក៏ដូចជានវានុវត្តន៍ទៅលើគំនិតថ្មីៗ សម្រាប់ទ្រទ្រង់ដល់វិស័យនេះ។ តាមរយៈទស្សនវិស័យនេះ ឯកឧត្តមរំពឹងឃើញនូវភាពនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីទ្រទង់ដល់វិស័យឧស្សាហកម្មនេះផងដែរ។
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ដើម្បីជំរុញឱ្យការប្រើប្រាស់គ្រឿងបង្គុំសំណង់នៅក្នុងស្រុកឱ្យកាន់តែមានភាពនវានុវត្តន៍ ក្រសួងរៀបចំសិក្ខាសាលាមួយ សំដៅជួយលើកកម្ពស់ និងតាក់តែងគោលនយោបាយឱ្យបានជាក់លាក់ក្នុងការកំណត់យកឫស្សីជាគ្រឿងបង្គុំសំណង់ដ៏មានសារសំខាន់។ ហើយក្រៅពីនេះ ក្រសួងក៏បានកំណត់គ្រឿងបង្គុំសំណង់ដទៃទៀត ដូចជាដីឥដ្ឋ ថ្ម ស៊ីម៉ងត៍ ស្មាច់ គ្រួសក្រហម និងផ្កាលម្អជាដើម ដើម្បីលើកកម្ពស់ និងរក្សាឧត្ដមប្រយោជន៍របស់កម្ពុជា ដែលរបស់ទាំងអស់នេះ គឺប្រើប្រាស់ដើម្បីបម្រើឱ្យវិស័យសំណង់។
ទន្ទឹមនេះឯកឧត្តម សាយ សំអាល់ ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធគ្រប់ផ្នែកត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យវិស័យឧស្សាហកម្មអចលទ្រព្យ និងសំណង់របស់កម្ពុជា មានភាពរីកចម្រើនឡើងវិញ ដ្បិតថាវិស័យនេះ គឺជាវិស័យដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ តួយ៉ាង តាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នមានប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ កំពុងបម្រើការងារនៅក្នុងវិស័យនេះ និងបានទទួលផលពីវិស័យនេះក្នុងរង្វង់ប្រមាណ១រយលានដុល្លារក្នុង១ខែ។
ឯកឧត្តម សាយ សំអាល់ រំពឹងថា ផ្តើមចេញពីពិព័រណ៍នេះ កម្ពុជានឹងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ឯកឧត្តម ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យមានការតាំងពិព័រណ៍សម្រាប់វិស័យឧស្សាហកម្ម និងសំណង់បែបនេះឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕