យ៉ាងណាក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ក្រសួរ៉ែ និងថាមពលអះអាងថា ការបូមប្រេងនៅកម្ពុជាមិនបញ្ចប់ត្រឹមការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy នោះឡើយ ពោលគឺកម្ពុជាគ្រោងនឹងបន្តប្រតិបត្តិការបូមប្រេងនៅក្នុងអណ្តូងដែលសល់ និងអាចខួងអណ្តូងបន្ថែមនាពេលខាងមុខ។
ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រោយទូទាត់ការចំណាច និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានប្រាក់ចំណូលជាង១៤លានដុល្លារអាមេរិក ពីចំណែក៧០% នៃការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលកម្ពុជាទាមទារបានកាលពីពេលថ្មីៗ។ ប៉ុន្តែ ជារួមប្រាក់ចំណូលដែលទទួលបានពីការលក់ប្រេងឆៅសរុបមានចំនួនជាង ២៥លាន២សែនដុល្លារ ក្រោយលក់ចេញក្នុងតម្លៃជិត៩០ ដុល្លារក្នុង១ធុងបារ៉ែល។ ចំណូលទាំងនេះ កម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរនិងសេវាជំនាញការអន្តរជាតិផ្សេងៗជាង១លាន៧សែនដុល្លារ ពោលគឺទឹកប្រាក់ដែលនៅសល់ពីការចំណាយសព្វគ្រប់ គឺមានជិត២០លាន៣សែនដុល្លារ ដើម្បីបែងចែកគ្នាជាមួយភាគីពាក់ព័ន្ធ ហើយកម្ពុជាទទួលបាន ជាង១៧លានដុល្លារ ឬស្មើនឹង៧០% នៃតម្លៃសរុប។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉េង សក្តិធារ៉ា ក្រៅពីប្រាក់ចំណូលដែលទទួលបានពីការលក់ប្រេងឆៅនេះ កម្ពុជាទទួលបានថវិកា៥លានដុល្លារពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy រួមទាំងឧបករណ៍ និងកប៉ាល់ផលិតប្រេងផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា ដំណើរការផលិតកម្មបូមប្រេងនៅកម្ពុជានឹងមិនបញ្ចប់ដោយសារការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy នោះទេ ពោលគឺកម្ពុជាអាចនឹងបន្តផលិតកម្មបូមប្រេងដែលនៅសល់ក្នុងអណ្តូងប្រេងទាំង៥ប្រមាណជាង១០ម៉ឺនបារ៉ែល ក៏ដូចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីបូមប្រេងនៅតំបន់មួយចំនួន ក្រៅពីផ្លាតហ្វម A នាពេលខាងមុខ។
គួរបញ្ជាក់ថា មុននឹងសម្រេចបានផលប្រយោជន៍៧០% នៃតម្លៃប្រេងជិត៣០ម៉ឺនបារ៉ែលនេះ កម្ពុជាបានចំណាយពេលជាង១ឆ្នាំ ក្នុងការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញក្នុងការទាមទារប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលត្រូវបានកប៉ាល់ MT Strovolos ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy លួចដឹកចេញពីកម្ពុជានេះ៕