ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ក្នុងខេត្តសៀមរាបថា វាច្បាស់ណាស់ថា ការប្រែប្រួលអាកាស ធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះពិភពលោក។
ឯកឧត្តម មានប្រសាសន៍ថា “កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១,៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើនក្នុងការកសាងក្របខ័ណ្ឌយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧។”
កិច្ចប្រជុំប្រចាំឆ្នាំនេះ បានគូសបញ្ជាក់ពីបញ្ហាប្រឈមបង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅ កម្ពុជា និង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក៏ដូចជាការសម្របសម្រួល រវាងរាជរដ្ឋាភិបាលលើផែនការសកម្មភាពទាក់ទងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា និងនៅក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រកាសអំពីយុទ្ធសាស្រ្តចក្រាបរិស្ថានថ្មី ២០២៣-២០២៨ ដែលនឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
“យើងត្រូវតែផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែលើការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសកម្មភាពជាក់ស្តែងផងដែរ ដើម្បីគាំទ្រដល់តម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយ ការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើការរួមគ្នា ដើម្បីការពារបរិស្ថានរបស់យើង និងធានាអនាគតប្រកប ដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។” នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទីពីរ ហើយក៏ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំ CCCS២៣ ដែលមាន រយៈពេលវែងជាងមុន និងពិភាក្សាលើប្រធានបទជាច្រើន។
កិច្ចប្រជុំប្រចាំឆ្នាំ CCCS23 បានទទួលការឧបត្ថម្ភពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំ របស់ខ្លួនគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ជាមួយនឹងការឧបត្ថម្ភពីដៃគូសហការរួមមានទីភ្នាក់ងារជំនួយអាមេរិក USAID។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម ចាស្ទីន វ៉ាយអាត បានមានប្រសាសន៍ “ការប្រែប្រួលអាកាស ធាតុគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បី ពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០។”
លោកបានបន្ថែមថា “អូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើបញ្ហាបម្រែបម្រួលអាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈ កម្មវិធី CAPRED យើងនឹងតភ្ជាប់ភ្លើងអគ្គិសនីស្អាតទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់ បង្កើនសុវត្ថិភាពទឹកតាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនៅ តាមជនបទនៃប្រទេសកម្ពុជា និងគាំទ្រគំរូអាជីវកម្មគ្មានកាកសំណល់ក្នុងវិស័យកសិកម្ម។”
ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍ នេះ នៅពេលដែលកម្ពុជា និងពិភពលោកកំពុងរៀបចំសម្រាប់ សន្និសីទអាកាសធាតុពិភពលោក COP លើក ទី២៨ នៅទីក្រុងឌូបៃ។
“យើងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរឡើងលើកិច្ចការសម្របសម្រួលរបស់យើង និងកិច្ចសហប្រតិបត្តិការក្នុង ការគាំទ្រយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន។”
ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា "សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការសម្រប សម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅឱ្យក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។”
ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា "សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិ ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការសម្រប សម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅឱ្យក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Disney និង Delta។”
ប្រធានក្រុមប្រឹក្សានៃអង្គការ MFI ឯកឧត្តមអ្នកឧកញ៉ា សៀ រិទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីការយល់ដឹងរួមគ្នាថា ការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ពីការគិតគូពីអនាគតរបស់មនុស្សជំនាន់ក្រោយ ប្រទេសជាតិ និងពិភពលោកបានទេ។
លោកបានមានប្រសាសន៍ថា “អង្គការ MFI បានពិនិត្យមើលលើបញ្ហាទាំងនេះ ហើយបានរកឃើញថា ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុត។”
ឯកឧត្តម Allen Tan អគ្គនាយកនៃអង្គការ MFI មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនៅឆ្នាំនេះបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជាង ៣៣០ នាក់ រួមមានអ្នកជំនាញអាកាសធាតុ និងអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍ ក៏ដូចជាតំណាងយុវជនដ៏លេចធ្លោផងដែរ។
វេទិកាគោលនយោបាយអន្តរជាតិក៏ត្រូវបានប្រារព្ធឡើងផងដែរ ដោយមានការរួមគ្នាជាមួយតំណាងមកពី ក្រសួងបរិស្ថាន អង្គការ MFI ភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស ស្ថានទូត អង់គ្លេស ស្ថានទូតបារាំង អង្គការ EnergyLab Cambodia និង អង្គការ FAO។ វេទិកានេះក៏បានពិនិត្យលើតួនាទីសំខាន់នៃគោលនយោបាយអន្តរជាតិ ក្នុងការបង្កើតយុទ្ធសាស្ត្រទប់ទល់នឹងផលប៉ះពាល់នៃបម្រែ បម្រួលអាកាសធាតុនៅកម្ពុជា។
កិច្ចប្រជុំកំពូលមួយនេះ បានទទួលការឧបថ្ថម្ភពីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) តាមរយៈការរៀបចំពិព័រណ៍ស្តីពីដំណោះស្រាយប្រកបដោយនិរន្តរភាព និងបើកឱ្យមានការចូលរួមទស្សនា ជាសាធារណៈពេញមួយកិច្ចប្រជុំដើម្បីបង្ហាញពីបច្ចេកវិទ្យា និងវិធីសាស្រ្តដែលផ្តោតលើបញ្ហាអាកាសធាតុ។
លោក Markus Bürli នាយក SDC នៅកម្ពុជាបានមានប្រសាសន៍ថា "យើងត្រូវធ្វើឱ្យប្រាកដថា បច្ចេកវិទ្យា និងសេវាកម្មដែលបានបង្កើតឡើង អាចជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់ឱ្យអនុវត្ត។"
លោកបានបន្ថែមថា “ការតាំងពិព័រណ៍ The Sustainable Solution Expo បានបង្ហាញពីបច្ចេកទេសមួយចំនួន ក៏ដូចជាបង្ហាញពីរបៀបអនុវត្តឱ្យត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជាផងដែរ”។
កិច្ចប្រជុំកំពូលស្តីនេះបានធ្វើការស្វែងយល់បន្ថែមពី ហិរញ្ញវត្ថុអាកាសធាតុ និរន្តភាពនៃកសិកម្ម និងសាក វប្បកម្ម សហគ្រិនភាពថាមពល ទេសចរណ៍ប្រកបដោយនិរន្តរភាព សុវត្ថិភាពទឹក ទីផ្សារកាបូន ក៏ដូចជា ផែនការសេដ្ឋកិច្ច និងបរិស្ថានជាតិរបស់ប្រទេសកម្ពុជា។