ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពីសំណាក់ប្រពលរដ្ឋពីរឿងតម្លៃស្រូវមានការធ្លាក់ថ្លៃនៅឆ្នាំនេះ ថ្មីៗនេះដែរ ក្រសួងកសិកម្ម បានចេញមុខអះអាងថា តាមការស្រាវជ្រាវព័ត៌មានពីបណ្ដាមន្ទីរកសិកម្ម បានឲ្យដឹងថា នៅតាមខេត្តដែលកំពុងមមាញឹកក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយទេ លើកលែងតែស្រូវដែលមានគុណភាពអន់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើតាមក្រុមកសិករមកពីខេត្តមួយចំនួនបានអះអាងប្រាប់ខេមបូណូមីស នៅថ្ងៃនេះថា តម្លៃស្រូវនៅឆ្នាំនេះ បើធៀបនឹងឆ្នាំទៅមិញ គឺមានការធ្លាក់ថ្លៃមែន ហើយកសិករនៅខេត្តខ្លះទៀតអះអាងទៀតថា ពួកគាត់ក៏ប្រឈមនឹងការខាតបង់ដែរ ដ្បិតថា តម្លៃស្រូវធ្លាក់ចុះហើយ ខណៈទិន្នផលក៏មិនសូវជាបានច្រើនដូចឆ្នាំមុនដែរ ព្រោះតែគ្រោះរាំងស្ងួត។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនាពេលថ្មីៗនេះ បានចេញមុខអះអាងថា ការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានរិះគន់មើលក្រសួងកសិកម្ម ពាក់ព័ន្ធនឹងតម្លៃស្រូវគ្រប់ប្រភេទធ្លាក់ចុះនៅតាមបណ្ដាខេត្តមួយចំនួន ជាប់ព្រំដែនប្រទេសថៃនោះ គឺជារឿងដែលផ្ទុយពីការពិតដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយក្រសួងកសិកម្ម បានចាត់ទុកការផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺបានធ្វើឲ្យសាធារណជន ដែលមិនយល់ហេតុផល មានការភាន់ច្រលំ មកលើរាជរដ្ឋាភិបាល ពិសេសមកលើក្រសួងកសិកម្មតែម្ដង។
ក្រសួងកសិកម្ម បានអះអាងទៀតថា តម្លៃស្រូវ នៅតាមបណ្ដាយខេត្តមួយចំនួន គឺនៅតែមានតម្លៃសមរម្យនៅឡើយទេ លើកលែងតែស្រូវដែលមានគុណភាពអន់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ កសិករនៅតែមានការត្អូញត្អែរចំពោះតម្លៃស្រូវឆ្នាំនេះ ដោយបានលើកឡើងថា គឺមានការធ្លាក់ចុះជាងឆ្នាំមុន ខណៈដែលទិន្នផលក៏មានការធ្លាក់ចុះច្រើនដែរ ព្រោះតែគ្រោះរាំងស្ងួត។ ដោយសារតែទិន្នផលបានតិចជាងមុន និងតម្លៃធ្លាក់ចុះ កសិករមួយចំនួន បានអះអាងថា ពួកគេមិនអាចរកចំណេញឃើញថាទេ ពោលគឺនបានត្រឹមទប់ទល់នឹងការចំណាយ និងខ្លះទៀតអាចប្រឈមនឹងការខាតបង់ទៀតផង។
សុខ បារាំង កសិករនៅស្រុកសូត្រនិគម ខេត្តសៀមរាប បានលើកឡើងថា សម្រាប់តម្លៃស្រូវឆ្នាំនេះ គឺពិតជាមានការធ្លាក់ថ្លៃមែន ដោយកាលពីឆ្នាំទៅមិញ ប្រភេទស្រូវក្រអូបសើមអាចលក់បានមួយគីឡូ ១២០០ រៀល ប៉ុន្ដែ ឆ្នាំនេះ លក់បានតែប្រមាណ ១០១០រៀល ទៅ១០២០ រៀល ឬបានខ្ពស់ ត្រឹម១០៥០រៀលប៉ុណ្ណោះ។
លោក សុខ បារាំង បានបញ្ជាក់ទៀតថា ទន្ទឹមនឹងតម្លៃស្រូវឆ្នាំនេះស្រុតចុះហើយនោះ ឈ្មួញក៏មានការទិញរើសគុណភាពស្រូវថែមទៀតផង ដោយស្រូវគុណភាពល្មមៗ ដែលធ្លាប់លក់បានតម្លៃខ្ពស់ក៏ត្រូវឈ្មួញបង្អាប់ទម្លាក់ថ្លៃដែរ។ ណាមួយទៀតនោះ គឺឆ្នាំនេះ ទិន្នផលស្រូវក៏មិនសូវបានផលច្រើនដូចឆ្នាំមុនដែរ ព្រោះរាំងស្ងួតខ្វះទឹក ដូច្នេះហើយ បើកាត់កងចំណាយលើថ្លៃជី ថ្លៃថ្នាំ ថ្លៃច្រូត និងថ្លៃកម្មករ ឃើញថា កសិករមិនសូវជាសង្ឃឹមបានចំណេញទេ ក្នុងការលក់ស្រូវឆ្នាំនេះ គឺមានតែខាតច្រើនជាង។
លោក មាន នេង ជាកសិករផង និងជាមេភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានអះអាងដែរថា តម្លៃស្រូវឆ្នាំនេះ ពិតជាមានការធ្លាក់ចុះជាងឆ្នាំមុនមែន ហើយអ្វីដែលកសិករនៅតំបន់នេះជួបបញ្ហានោះ ក្រៅពីស្រូវធ្លាក់ថ្លៃហើយ ទិន្នផលក៏ធ្លាក់ចុះដែរ ដោយស្រែមួយហិកតាមានទិន្នផលស្រូវបានតែប្រមាណ១តោន ឬលើនេះតិចតួចប៉ុណ្ណោះ និងមានខ្លះទៀត ១ហិកតា បានស្រូវតែ៤០០ ទៅ៥០០ គីឡូក្រាមក៏មានដែរ។ ដូច្នេះ មានកសិករភាគតិចណាស់ ដែលលក់ស្រូវបានចំណេញនៅឆ្នាំនេះ។
លោក មាន នេង បានគូសបញ្ជាក់ទៀតថា ចំពោះការលើកឡើងថា ស្រូវធ្លាក់ថ្លៃនៅឆ្នាំនេះ មិនប៉ះពាល់ដល់កសិករ គឺជាការលើកឡើងមិនត្រឹមត្រូវទេ លោកថា បើចង់ដឹងច្បាស់ ឲ្យមកសួរកសិករផ្ទាល់ទើបបានដឹងពីទឹកចិត្តរបស់ពួកគាត់ ថាគាត់កំពុងលំបាកចិត្តប៉ុនណា។ មេភូមិរពាក់ រូបនេះ បានបញ្ជាក់ទៀតថា ជាធម្មតា អ្នកស្រែធ្វើស្រែ តែងតែធ្វើស្រែប្រាថ្នាចង់បានស្រូវលក់បានថ្លៃ ទោះបីជាស្រូវបានផលតិចក៏ដោយក៏គាត់ត្រេកអរដែរ តែនេះ ស្រូវបានតិចហើយ លក់បានថោកទៀត។
មិនខុសពីកសិករនៅខេត្តសៀមរាប និងបន្ទាយមានជ័យ លោកសុខ ស៊ន កសិករនៅស្រុកមោងខេត្តបាត់ដំបង បានអះអាងថា ដោយសារតែគ្រោះធម្មជាតិធ្វើឲ្យស្រូវឆ្នាំនេះ មិនទទួលបានភោគផលច្រើននោះទេ ណាមួយតម្លៃក៏មិនសូវជាបានសមប្រកបដែរ។ យ៉ាងណាក៏ដោយចុះ កសិករស្រុកមោង រូបនេះ បានបញ្ជាក់ដែរថា ចំពោះតម្លៃស្រូវបើសិនជានៅលក់បានត្រឹម១០០០រៀល ឬលើនេះតិចតួច ក្នុងមួយគីឡូក្រាម គឺអាចកសិករអាចនៅទប់ទល់នឹងការចំណាយបាន ប៉ុន្ដែ បើធ្លាក់ក្រោម១០០០រៀលគឺច្បាស់ជាប្រឈមនឹងការខាតបង់ហើយ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា តម្លៃស្រូវផ្ការំដួលនៅខេត្តព្រះវិហារ មានស្ថិរភាព និងថ្លៃជាងគេ ធៀបនឹងខេត្តផ្សេងៗទៀត ដែលមានចន្លោះពី ១០៤០ រៀលទៅ១១៥០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវសើម។ លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៤ តម្លៃស្រូវផ្ការំដួលប្រភេទស្រូវស្ងួត គឺលក់បានតែ ៨០០ ទៅ៩០០រៀលប៉ុណ្ណោះ៕