ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិសេសចាប់ពីឆ្នាំ២០១៦ រហូតដល់ខែ សីហាឆ្នាំ២០១៩ កម្ពុជាមានភាពទាក់ទាញទទួលបានគម្រោងវិនិយោគ ពីបណ្ដាប្រទេសជាច្រើន ក្នុងនោះ ការវិនិយោគរបស់ចិន មានភាពលេចធ្លោជាងគេ ដោយការវិនិយោគទាំងនោះ ពុំផ្ដោតតែលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបប៉ុណ្ណោះទេ ប៉ុន្ដែ វាបានគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ទាំងអស់។
ឯកឧត្តម ជា វុទ្ធី បន្តថា មានខេត្តមាត់សមុទ្ររបស់កម្ពុជាចំនួន ៣គឺខេត្ត កោះកុង ព្រះសីហនុ និងកំពត កំពុងស្រូបទាញការវិនិយោគពីសំណាក់វិនិយោគិនចិនច្រើនគួរឲ្យកត់សម្គាល់។ តួយ៉ាង បើគិតចាប់ពីឆ្នាំ២០១៦ មកទល់នឹងខែសីហា ឆ្នាំ២០១៩ ខេត្តកោះកុង បានស្រូបទាញការវិនិយោគពីចិន បានប្រមាណ ៤៧០ លានដុល្លារអាមេរិក ស្មើនឹង២% នៃទុនវិនិយោគសរុប ខេត្តព្រះសីហនុ ទទួលបានទុនវិនិយោគ ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៨,៩% នៃទុនវិនិយោគសរុប និងខេត្តកំពត ទទួលបានទុនវិនិយោគពីចិនប្រមាណ ១០០ លានដុល្លារអាមេរិក ស្មើនឹង០,៥% នៃទុនវិនិយោគសរុប។
របាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងទៀតថា បើពិនិត្យទៅលើសកម្មភាពវិនិយោគជារួម ដែលមានកើនឡើងជាបន្តបន្ទាប់នោះ ពោលគឺគិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០១៩ សកម្មភាពវិនិយោគតាមវិស័យដែលលេចធ្លោជាងគេគឺវិស័យទេសចរណ៍ ដែលមានប្រមាណ ៤៧% វិស័យហេដ្ឋារចនាសម្ព័ន្ធមាន២៤% វិស័យឧស្សាហកម្ម និងកម្មន្ដសាល មាន២៣% និងវិស័យកសិកម្ម និងកសិឧស្សាហកម្មមាន៦% នៃទំហំវិនិយោគសរុប។
ដោយឡែក គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០១៩នេះ បើនិយាយពីចំនួនគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្ដសាលមានការកើនឡើងខ្លាំង ខណៈដែលទុនវិនិយោគក្នុងវិស័យទេសចរណ៍វិញ បានហក់កើនឡើងយ៉ាងគំហុក ប្រមាណ៩៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ប៉ុន្ដែ សម្រាប់តួលេខវិនិយោគក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ មានការថយចុះ។
របាយការណ៍ ពី CDC បានបញ្ជាក់ដែរថា សម្រាប់រយៈពេល៨ខែនៃឆ្នាំ២០១៩នេះ កម្ពុជាមានគម្រោងវិនិយោគ ២២២ គម្រោង ដែលមានទុនវិនិយោគប្រមាណជាង៦ពាន់លានដុល្លារអាមេរិក ពោលគឺមានការកើនឡើង៨១ គម្រោង និងទុនវិនិយោគកើនជិត២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
បើយើងក្រឡេកទៅចាប់អារម្មណ៍ទៅលើសកម្មភាពវិនិយោគបរទេសតាមប្រទេសនីមួយៗវិញ តាមរបាយការណ៍របស់ CDC បញ្ជាក់ថា បើរាប់ចាប់ពីឆ្នាំ២០១៦ ដល់ខែសីហាឆ្នាំ២០១៩ ការវិនិយោគផ្ទាល់ពីបរទេស FDI បានចូលរួមចំណែកប្រមាណ ៥៦% នៃការវិនិយោគសរុប ក្នុងនោះ ប្រទេសចិនឈរនៅលំដាប់ទី១ ដែលបានវិនិយោគប្រមាណជិត៨ពាន់លានដុល្លារអាមេរិក ស្មើនឹង៣៥% នៃទុនវិនិយោគសរុប និងតាមពីក្រោយដោយប្រទេសជប៉ុន មាន៨% និងវៀតណាម មានជិត ៣% នៃទុនវិនិយោគសរុប ។ ដោយឡែក ទុនវិនិយោគក្នុងស្រុកវិញ បានបន្តឈរនៅលំដាប់លេខ១ ដែលមានទុនប្រមាណ ១០ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត៤៥% នៃទុនវិនិយោគសរុប។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែល វិស័យវិនិយោគនៅកម្ពុជាមានកំណើន ការបង្កើតឱកាសការងារក៏មានកាន់តែច្រើនដែរ ជាក់ស្ដែងតាមរបាយការណ៍ជាមធ្យមក្នុងមួយឆ្នាំៗ វិស័យនេះ បានបង្កើតការងារថ្មីៗ ប្រមាណ ១៥ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ៕