កំណើន​វិនិយោគ​វិស័យ​កាត់ដេរ

ការវិនិយោគក្នុងវិស័យកាត់ដេរ និង ស្បែកជើង កាបូប កើនបញ្ច្រាសទិសនឹងការព្រួយបារម្ភរឿងដក EBA


ការវិនិយោគនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង កាបូប ដែលមានគោលដៅនាំចេញសំខាន់ទៅ សហភាពអឺរ៉ុប មិនបានបង្ហាញពីសញ្ញាថមថយចុះនោះឡើយ ហើយការវិនិយោគក្នុងវិស័យផលិតកាបូប ទៀតសោត ដែលមានទីផ្សារអាមេរិកជាសំខាន់នោះ ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ បើទោះបីជាមានការព្រួយបារម្ភចំពោះ លទ្ធភាពបាត់បង់ការអនុគ្រោះពន្ធ តាមរយៈប្រព័ន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA យ៉ាងណាក៏ដោយ។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ហៅកាត់ថា CDC បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ CDC បានអនុម័ត លើគម្រោង​វិនិយោគ​ចំនួន ១៥៣គម្រោង ដែលមានទុន​វិនិយោគ​ប្រមាណ ៥ពាន់លាន​ដុល្លារអាមេរិក ដែលក្នុងនោះ​មាន ១៣៤​គម្រោង ស្ថិតក្នុង​វិស័យ​ឧស្សាហកម្ម​ និងកម្មន្តសាល ដែលជា​វិស័យមួយ​សំខាន់ ក្នុងការរុញច្រាន​កំណើន​សេដ្ឋកិច្ចជាតិ ជំរុញ​ការនាំចេញ និងបង្កើត​ការងារ​ជាច្រើនផងដែរ។

៦ខែ ឆ្នាំ២០១៩នេះ វិស័យ​ឧស្សាហកម្ម​ និងកម្មន្តសាល មានទុន​វិនិយោគ​សរុបជាង ៩២០លាន​ដុល្លារអាមេរិក ដែលមាន​កំណើន ៦៨ភាគរយ និងមានការ​កើន​ឡើងនៃគម្រោង​វិនិយោគចំនួន ៥០គម្រោង បើធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨។

ក្រឡេកទៅមើល​ការវិនិយោគលើ វិស័យឧស្សាហកម្ម​ និងកម្មន្តសាល ភាគច្រើន​ធ្វើឡើង​នៅក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​រហូតដល់ទៅ ៩១គម្រោង ខណៈដែរ ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​មានតែ ៤៣គម្រោង ក៏ប៉ុន្តែបើ​ប្រៀបធៀប​ទំហំទុន​វិនិយោគវិញ គឺមានទំហំប្រហាក់​ប្រហែលគ្នា ប្រមាណ ៤៥០លានដុល្លារអាមេរិក។

អ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺថា CDC បានអនុម័តលើ គម្រោងវិនិយោគ​ផលិតកាបូប ចំនួន ៣៧គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ១៩៣លានដុល្លារ​អាមេរិក ដែល​កើនឡើងប្រមាណ ៣០០ភាគរយ​ឯណោះ បើធៀបនឹង​ឆមាសទី ១ ឆ្នាំ ២០១៨ ដែលមាន​ទុនវិនិយោគ​ប្រមាណ ៤៨លានដុល្លារ​អាមេរិកប៉ុណ្ណោះ។

នៅ​ក្នុងអំឡុងឆមាសទី ១នេះ គម្រោង​វិនិយោគថ្មីៗ មានចំនួន ១៤៣គម្រោង ខណៈដែរ គម្រោង​ពង្រីក​ផលិតកម្ម មានតែ ១០គម្រោង ហើយការ​វិនិយោគ​ជារួម​ បង្កើត​ការងារជាង ១៦ម៉ឺនកន្លែង។

អ្វីដែលពិសេស សម្រាប់​ឆមាសទី ១ ឆ្នាំ ២០១៩នេះ គឺថា ការវិនិយោគ​ក្នុងស្រុក ដែលមានន័យ​ថា វិនិយោគិន​កម្ពុជា​ផ្ទាល់តែម្តង ដែលបានបោះទុន​វិនិយោគ​ជាង ៣.៥០០ លានដុល្លារ​អាមេរិក ស្មើនឹងចំណែក​រហូតដល់ទៅ ៦៨ភាគរយ នៃទុនវិនិយោគ​សរុប ឈរលំដាប់​ថ្នាក់លេខ ១ លើកំពូល​តារាង ដែលកាល​ពីឆមាសទី ១ ឆ្នាំ ២០១៨ មានត្រឹមតែ ១៣ភាគរយ​ប៉ុណ្ណោះ​នៃទុនវិនិយោគសរុប។

រីឯ ទុនវិនិយោគ​ធំបន្ទាប់ គឺជាការវិនិយោគ​មកពីប្រទេស​ចិន ដែលបាន​កាន់​ចំណែក ២៥ភាគរយ​នៃទុនវិនិយោគ​សរុប ស្មើនឹងប្រមាណ ១.៣០០ លានដុល្លារ​អាមេរិក នឹងបានក្លាយជា​ប្រភពទុន​មកពីក្រៅប្រទេស​ដ៏ធំជាងគេ សម្រាប់​ឆមាសទី ១នេះផងដែរ។

គួរជម្រាបដែរថា គម្រោងវិនិយោគ​ក្នុងឆមាស​ទី ១ ឆ្នាំ២០១៩នេះ គឺមានកើនឡើង ៤៨គម្រោង និងទុន​វិនិយោគ កើនឡើង​ប្រមាណ ២ពាន់លាន​ដុល្លារ​អាមេរិក បើសិនជា​ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមានការ​វិនិយោគ ១០៥គម្រោង និងទុន​វិនិយោគជាង ៣ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករជាប់ឆ្នោតថ្មី មានយុទ្ធសាស្ត្រស្រួចស្រាល់អ្វីខ្លះ ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា?

ព័ត៌មាន
បន្ទាប់ពីមានការឆ្នោតកាលពីថ្ងៃទី ០៩ សីហានេះ ឧកញ៉ា សុង សារ៉ន ត្រូវបានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទិ៣ ស្របគ្នានេះ ឧកញ៉ា…

ថៃ នាំចេញត្បូង និងគ្រឿងអលង្ការជាង ៧ពាន់លានដុល្លារ ក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩

ព័ត៌មាន
នៅក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩នេះ ប្រទេសថៃ បានធ្វើការនាំចេញ ត្បូង និងគ្រឿងអលង្ការ សរុបជាទឹកប្រាក់ជាង ៧,២ ពាន់លានដុល្លារអាមេរិក មានកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ