អត្ថបទពាណិជ្ជកម្ម

កម្ពុជាបញ្ជូនគ្រូបង្គោលចំនួន ២៦នាក់ ទៅសិក្សាជំនាញ «រ៉ូបូតឧស្សាហកម្ម» នៅទីក្រុងប៉េកាំង


គ្រូបង្គោលកម្ពុជាចំនួន ២៦នាក់ (ស្ត្រី៤នាក់) មកពីមកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសហគ្រាសឯកជន ត្រូវបានបញ្ជូនទៅសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញ រ៉ូបូតឧស្សាហកម្ម នៅទីក្រុងប៉េកាំងប្រទេសចិន រយៈពេល២សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី១៩-៣១ ខែកក្កដា ឆ្នាំ២០២៦។
កម្ពុជាបញ្ជូនគ្រូបង្គោលចំនួន ២៦នាក់ ទៅសិក្សាជំនាញ «រ៉ូបូតឧស្សាហកម្ម» នៅទីក្រុងប៉េកាំង
ដោយ
អំពី SDF

វគ្គបណ្ដុះបណ្ដាលជំនាញ រ៉ូបូតឧស្សាហកម្ម នៅប្រទេសចិននេះ ត្រូវបានរៀបចំឡើង ដោយ SDF ​សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម​ប៉េកាំង (BITC) ក្រោម «កម្មវិធីភាពជាដៃគូ ILO/China លើការពង្រឹងការអភិវឌ្ឍជំនាញ» ក្នុងគោលបំណង​ពង្រឹងសមត្ថភាពដំឡើង កំណត់កម្មវិធី និងដោះស្រាយបញ្ហាបច្ចេកទេសប្រព័ន្ធរ៉ូបូត ដើម្បីយក​ចំណេះដឹងទាំងនេះ​ទៅបណ្តុះបណ្តាលបន្តជូនសិស្ស-និស្សិត និងកម្មករនិយោជិតនៅកម្ពុជា។

ថ្លែងក្នុងពិធីបើក ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានមានប្រសាសន៍ថា៖ «ពិភពលោកកំពុងផ្លាស់​ប្តូរយ៉ាងឆាប់រហ័ស ហើយរ៉ូបូតឧស្សាហកម្ម (រ៉ូបូតសម្រាប់ប្រើក្នុងរោងចក្រ និងឧស្សាហកម្ម) បាននិងកំពុងក្លាយជាផ្នែកយ៉ាងសំខាន់នៃបម្រែបម្រួលនេះ។ បច្ចុប្បន្ន រោងចក្រជាច្រើននៅកម្ពុជាបាននិងកំពុងធ្វើទំនើបកម្មផលិតកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការប្រើប្រាស់​បច្ចេកវិទ្យាទំនើបទាំងនេះ ជាពិសេសទាក់ទងនឹងទំនើបកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុង​ខ្សែច្រវាក់ផលិតកម្ម។ លើសពីនេះ វគ្គបណ្តុះបណ្តាលក៏នឹងផ្តល់បទពិសោធអនុវត្តផ្ទាល់ ដើម្បីឱ្យគ្រូបង្គោលរបស់យើង អាចផ្ទេរចំណេះជំនាញទាំងនេះដល់សិស្ស និងកម្មករនិយោជិតនៅកម្ពុជា»។

ទន្ទឹមនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះមិនត្រឹមតែជួយអភិវឌ្ឍជំនាញប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន ព្រមទាំងបើកទ្វារសម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត នាពេលអនាគត។
គួរជ្រាបថា កម្មវិធីនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទី៣ហើយ រវាង SDF, ILO និង BITC បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្ដុះបណ្ដាលជំនាញថែទាំយានយន្តអគ្គិសនីកម្រិតខ្ពស់ (EV) នាពេលកន្លងមកទាំងនៅប្រទេសចិន និងកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រូបង្គោល TVET នឹងជួយផ្ទេរចំណេះដឹងបន្តជូនសិស្ស-និស្សិតយ៉ាងហោចណាស់ ១ពាន់នាក់ ត្រឹមឆ្នាំ២០២៩ ហើយគ្រូបង្គោលបច្ចេកទេសវិញ នឹងចែករំលែកចំណេះដឹងបន្តជូនក្រុមការងារក្នុងសហគ្រាស និងគាំទ្រការចុះកម្មសិក្សារបស់សិស្ស-និស្សិត ។

គិតមកទល់ពេលនេះ មានគ្រូបង្គោលដែលទទួលបានការគាំទ្រពី SDF និង ILO សរុបចំនួន ៥៦រូបហើយ ដែលទទួលបានការអភិវឌ្ឍជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ ដោយក្នុងនោះមាន ជំនាញ EV ៣០រូប និង រ៉ូបូតឧស្សាហកម្ម ២៦រូប។

ក្នុងបេសកកម្មខាងលើនេះ ក្រុមការងារ SDF ក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌល Mechatronics World Championship Training Base, ក្រុមហ៊ុន UBTECH Robotics និង HollySys Technology Group, ព្រមទាំងមានជំនួបពិភាក្សាជាមួយអង្គការ ILO ប្រចាំក្រុងប៉េកាំងផងដែរ។ SDF នឹងបន្តវិនិយោគលើការអភិវឌ្ឍជំនាញដែលឆ្លើយតបតម្រូវការទីផ្សារ ដើម្បីទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋ សំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ