លោក ភីត ហេសេត រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានផ្តល់ការប៉ាន់ស្មានពីទំហំខូចខាតក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ថា អាម៉េរិកបានខាតបង់អស់ប្រមាណជាង៣៧ពាន់លានដុល្លារអាម៉េរិក។ ការបង្ហាញតួលេខនេះធ្វើឡើងក្នុងពេលអំឡុងពេល លោក បង្ហាញមុខនៅចំពោះមុខគណៈកម្មាធិការគ្រប់គ្រងថវិកា នៃព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ពាក់ព័ន្ធនឹងសំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើកញ្ចប់ថវិកាការពារជាតិបន្ថែមទំហំ៦៧ពាន់លានដុល្លារ។
ការប៉ាន់ប្រមាណការចំណាយដ៏មហាសាលលើសង្គ្រាមនេះ គឺជាតួលេខថ្មីសន្លាង ខណៈដែលកាលពីខែឧសភា មន្ត្រីមន្ទីរបញ្ចកោណធ្លាប់បានប៉ាន់ប្រមាណថា សង្គ្រាមនេះធ្វើឱ្យអាម៉េរិកខាតបង់ត្រឹមតែរង្វង់ ២៩ពាន់លានដុល្លារប៉ុណ្ណោះ។ នៅក្នុងអំឡុងពេលប្រជុំ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យជុំវិញការចំណាយ ដែលកំពុងហក់ឡើងខ្ពស់ ខណៈសញ្ញានៃការបញ្ចប់ជម្លោះនៅមិនទាន់ឃើញពន្លឺ ហើយសមត្ថភាពយោធារបស់អ៊ីរ៉ង់នៅតែពិបាកប៉ាន់ស្មាន។
ពាក់ព័ន្ធនឹងការរិះគន់នេះលោក ហេសេត បានប្រាប់គណៈកម្មាធិការគ្រប់គ្រងថវិការបស់ព្រឹទ្ធសភាថា ការប៉ាន់ស្មានកញ្ចប់ថវិកាចំណាយថ្មីនេះ គឺគ្របដណ្តប់លើប្រតិបត្តិការយោធារហូតមកទល់ពេលនេះ និងលទ្ធភាពនៃការចំណាយដែលរំពឹងទុកមួយចំនួនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ លោក ហេសេត បានបន្តថា សំណើសុំថវិកាថ្មីដែលក្រសួងបានស្នើនោះ រួមមាន២១ពាន់លានដុល្លារ ដើម្បីពន្លឿនការទិញមីស៊ីលកម្រិតខ្ពស់ និងគ្រាប់រំសេវផ្សេងៗ ដែលកងកម្លាំងអាម៉េរិកបានប្រើប្រាស់យ៉ាងច្រើនក្នុងអំឡុងសង្គ្រាម ខណៈ២ពាន់លានដុល្លារដើម្បីបំពេញឃ្លាំងអាវុធដែលបានបាត់បង់ ឬខូចខាតក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធ និងជិត១២ពាន់លានដុល្លារផ្សេងទៀត ដើម្បីវិនិយោគលើយន្តហោះគ្មានមនុស្សបើក ផ្កាយរណប និងបច្ចេកវិទ្យាយោធាផ្សេងៗ។
លោកស្រី ផេតធី មូរ៉េ (Patty Murray) សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់ថា សង្គ្រាមនេះកំពុងដើរហួសពីការគ្រប់គ្រង ហើយប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមនឹងការធ្វើឱ្យជម្លោះកាន់តែរីករាលដាល និងអាចប្រឈមនឹងបទចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម។ លោកស្រី បានឌឺដងផ្លែផ្កាថា ប្រធានាធិបតីធ្លាប់បានអះអាងថា សង្គ្រាមជិតចប់ជិត៤០ដងមកហើយ ប៉ុន្តែពេលនេះបែរជាមកស្នើសុំថវិកាបន្ថែម ដើម្បីបន្តសង្គ្រាមទៅវិញ៕
ដោយៈ សរ សុជាតិ