វិស័យធនាគារ

តើស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្ន កម្ពុជាគួរបង្កើនការទម្លាក់ឥណទាន ឬកាត់បន្ថយ?


វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈមតែម្តង។ ស្របពេលដែលសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់ បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុហាក់រឹតបន្តឹងក្នុងការបញ្ចេញឥណទានរបស់ខ្លួនជូនអតិថិជន ក្រោយបារម្ភពីហានិភ័យមួយចំនួន។
វិស័យធនាគារ
ដោយ

តើនៅក្នុងកាលៈទេសៈសេដ្ឋកិច្ចបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុគួរបង្កើនការបញ្ចេញឥណទាន ឬកាត់បន្ថយ?

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ កត់សម្គាល់ឃើញថា មុនផ្ទុះវិបត្តិកូវីដ-១៩ គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ បានបញ្ចេញឥណទានយ៉ាងច្រើនជាមួយកំណើនប្រមាណ២០%ជារៀងរាល់ឆ្នាំ ដែលបានចំណែកក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនខ្ពស់ជាច្រើនឆ្នាំក្នុង៧%ក្នុងមួយឆ្នាំ។

សម្រាប់អ្នកជំនាញរូបនេះ ទន្ទឹមនឹងផ្ដល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ច ការទម្លាក់ឥណទានមិនចំគោលដៅ ក៏អាចនាំឱ្យកូនបំណុលមួយចំនួនមានបំណុលវ័ណ្ឌកផងដែរ ជាពិសេសអំឡុងពេលដែលពិភពលោក រួមទាំងប្រទេសកម្ពុជា បានជួបប្រឈមនឹងវិបត្តិសកលតែម្ដង។ យ៉ាងណាមិញនៅឆ្នាំ២០២៣កន្លងទៅ ដោយសារពិភពលោកត្រូវការទំនិញ និងសេវាពីកម្ពុជាតិចជាងមុន បានធ្វើឱ្យចំណូលរបស់សហគ្រាសនិងពលរដ្ឋមួយចំនួនមានធ្លាក់ចុះ ដែលនាំឱ្យមានការសងបំណុលយឺតកាន់តែកើនឡើង ដូច្នេះដើម្បីទប់ទល់នឹងហានិភ័យឥណទាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរឹតត្បិតការបញ្ចេញឥណទានជាងឆ្នាំមុនៗ។

អ្នកជំនាញរូបនេះយល់ឃើញថា ស្ថិតក្នុងស្ថានភាពនេះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមិនគួររឹតដ្បិតចំពោះការបញ្ចេញឥណទាននោះទេ ដើម្បីឲ្យប្រជាពលរដ្ឋអាចចាប់ឱកាសយកឥណទាននោះ ទៅប្រកបអាជីវកម្ម ឬវិនិយោគជាដើម។

សម្រាប់នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយរូបនេះ កម្ពុជាគួរតែយកចិត្តទុកដាក់ថែមទៀត នៅក្នុងការពង្រឹង និងពង្រីកផលិតកម្ម និងសក្តានុពល ដែលបម្រើឱ្យតម្រូវការក្នុងស្រុក ដែលជាការកសាងគ្រឹះនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងផង និងភាពធន់ផង។ លោកបន្តថា តម្រូវការខាងក្រៅពិតជាសំខាន់ ដែលកម្ពុជា ត្រូវតែចាប់យកឱកាស ក៏ប៉ុន្តែកត្តាខាងក្រៅហាក់កាន់តែមានភាពមិនច្បាស់លាស់ និងប្រែប្រួលលឿន។

ជាគោលនយោបាយ ប្រសិនបើរដ្ឋជឿជាក់ថា កម្ពុជានឹងមានឱកាសល្អៗ ច្រើន ដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ច រដ្ឋអាចធ្វើអន្តរាគមន៍បានតាមរយៈការបង្កើនការចំណាយដោយខ្លួនឯង ឬការលើកទឹកចិត្តឱ្យវិស័យឯកជនបង្កើនចំណាយដោយប្រើវិធីសារពើពន្ធ ឬវីធីគ្រប់គ្រងរូបិយវត្ថុ ដោយធនាគារជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅតែជាប្រភពដើមទុនដ៏សំខាន់ ហើយស្ថិតក្នុងបរិបទនេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរតែបង្កើនការផ្ដល់ហិរញ្ញប្បទាន ជាមួយអត្រាការប្រាក់សមរម្យ សម្រាប់ផ្ដល់ជាដើមទុនក្នុងការស្ដារ និងស្រោចស្រង់សេដ្ឋកិច្ច។ បើទោះជាបែបនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ស្នើឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាលម្អិតពីគោលបំណងខ្ចីឥណទានរបស់អតិថិជនឲ្យបានលម្អិតជាមុនសិន ដើម្បីចៀសវាងប្រជាពលរដ្ឋធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ឌក។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នហាក់កំពុងឆ្ពោះទៅរកភាពនឹងនរជាបណ្ដើរៗ តាមរយៈការងាកចេញពីវិស័យអចលនទ្រព្យ ដើម្បីចាប់យកវិស័យឧស្សាហកម្ម ដោយសារវិស័យនេះ ជួយបង្កើនលទ្ធភាពផលិតកម្ម និងបង្កើតការងារបានច្រើន គួបផ្សំការងើបឡើងវិញនៃវិស័យទេសចរណ៍ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្មជាដើម។

ស្រដៀងគ្នានេះ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា ជាកាតាលីករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើកកម្ពស់សហគ្រិនភាព និងកាត់បន្ថយភាពក្រីក្រ។ ស្ថិតក្នុងពេលបច្ចុប្បន្ន វិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែរក្សាបាននូវស្ថិរភាពល្អ និងមានទុនគ្រប់គ្រាន់ ក្នុងការផ្តល់ដល់អតិថិជន ដែលមានតម្រូវការសាច់ប្រាក់ ហើយអាចបំពេញបានតាមលក្ខខណ្ឌសមស្រប។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ បានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង១លាន៥សែននាក់ និងបានផ្តល់ឥណទានប្រមាណជាង៥ពាន់១រយលានដុល្លារ ខណៈដែលសមតុល្យប្រាក់បញ្ញើទទួលពីអតិថិជនមានចំនួនជាង២ពាន់២រយលានដុល្លារ និងបានផ្តល់ឱកាសការងារដល់ពលរដ្ឋជាង២ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៣០%នៅត្រីមាសទី៤ឆ្នាំ២០២៣?

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៤លានដុល្លារ នៅត្រីមាសទី៤ឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត៣០% បើធៀបនឹងត្រីមាសទី៤ កាលពីឆ្…

ជម្លោះពាណិជ្ជកម្មសកលកាន់តែរីកធំឡើង ខណៈសង្គ្រាមនៅអ៊ុយក្រែនបានឆ្លងផុត២ឆ្នាំ

ក្រោយពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេល២ឆ្នាំរួចមក វាមានសញ្ញាបង្ហាញកាន់តែច្បាស់ឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងតែបែកខ្ញែកគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ