ការនាំចូលត្រីពីក្រៅប្រទេសច្រើននេះ គឺដោយសារតែត្រីធម្មជាតិនិងការចិញ្ចឹមត្រីផ្គត់ផ្គង់នៅក្នុងស្រុកមិនទាន់គ្រប់ចំនួនតម្រូវការនៅឡើយ។
ប្រទេសកម្ពុជាមានទន្លេមេគង្គ មានបឹងទន្លេសាបជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ី ដែលបឹងនេះជាជម្រកត្រីដ៏ធំអស្ចារ្យសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋទូទាំងប្រទេស។ តើហេតុអ្វីបានជាត្រីធម្មជាតិកម្ពុជាមិនគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក?
ត្រង់ចំណុចនេះ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) និងជាអ្នកសេដ្ឋកិច្ចដ៏មានពិសោធន៍មួយរូបនៅកម្ពុជា ទំនងជាបន្ទោសបញ្ហាខ្វះត្រីផ្គត់ផ្គង់ក្នុងស្រុកនេះ ទៅលើការហូរចេញនូវត្រីធម្មជាតិកម្ពុជាទៅទីផ្សារប្រទេសជិតខាង។
លោក ច័ន្ទ សុផល បានសរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោក៖ «ថៃហូបត្រីរ៉ស់ធម្មជាតិពីបឹងខ្មែរ ខ្មែរហូបត្រីចិញ្ចឹមពីវៀតណាម»។ លោក ច័ន្ទ សុផល អំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការចំពោះបញ្ហានេះ៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលខ្មែរយកពន្ធខ្ពស់ លើការនាំត្រីចេញទៅប្រទេសថៃ ដើម្បីឲ្យត្រីទាំងនោះ ត្រូវបង្វិលចូលមកលក់ក្នុងស្រុកខ្មែរ ហើយខ្មែរអាចបរិភោគត្រីបឹងធម្មជាតិទាំងនោះ បានច្រើនជាងមុនក្នុងថ្លៃទាបជាងមុន»។
“ថៃហូបត្រីរ៉ស់ធម្មជាតិពីបឹងខ្មែរ ខ្មែរហូបត្រីចិញ្ចឹមពីវៀតណាម”
វិស័យកសិកម្ម បសុសត្វ និងវារីវប្បកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលជាង ៧០ភាគរយ ដល់ប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ៣០ភាគរយ នៃផលទុនជាតិសរុប។
ប៉ុន្តែ ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវចំណាយប្រាក់រាប់សិបលានដុល្លារក្នុងការនាំចូលផលិតផលកសិកម្មមកពីបរទេសទៅវិញ។ ជាក់ស្តែង ក្នុង១ឆ្នាំៗ កម្ពុជាចំណាយប្រាក់ប្រមាណ ៤០លានដុល្លារ ដើម្បីនាំចូលត្រីមកពីប្រទេសជិតខាង។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា មនុស្សម្នាក់ៗក្នុង១ឆ្នាំ បរិភោគសាច់ត្រី ៦៣គីឡូក្រាម អង្ករ ១៤៣គីឡូក្រាម និងបន្លែ ៥២គីឡូក្រាម។
ការបន្តនាំចូលត្រីមកពីបរទេសនេះ បង្កការខាតបង់ថវិកាជាតិយ៉ាងច្រើន។ ដូច្នេះ បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា អ្វីជាសំខាន់ដែលយើងត្រូវធ្វើ គឺទាក់ទាញវិនិយោគពីបរទេស ដោយត្រូវប្រែក្លាយការចិញ្ចឹមត្រីលក្ខណៈគ្រួសារ ទៅជាលក្ខណៈធ្វើជំនួញវិញ។ ធ្វើបែបនេះ ដើម្បីទប់ស្កាត់ការហូរចូលត្រីពីប្រទេសជិតខាង។ ម្យ៉ាងវិញទៀត ភាគច្រើននៃទំនិញកសិផលនាំចូលមួយចំនួនធំ ជាទំនិញខុសស្តង់ដារ និងខូចគុណភាព ទៀតផង៕