ដោយសារតែប្រទេសកម្ពុជាមានភាពអំណោយផលនៅក្នុងវិស័យទេសចរណ៍ បានជំរុញឲ្យ វិនិយោគិនជាតិ និងអន្តរជាតិ បោះទុនវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមួយនេះ ដូចជា ការវិនិយោគសាងសង់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និង ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតភ្លើងខៀវដល់វិនិយោគិនចិនដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាបដែលមានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ។
ការវិនិយោគទំាងអស់នេះ សុទ្ធតែដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា។
បច្ចុប្បន្ន កម្ពុជាមានសណ្ឋាគារសរុបចំនួន ៦៤៧ ស្មើនឹងជាង ៣ម៉ឺន ៦ពាន់បន្ទប់ និងផ្ទះសំណាក់មានប្រមាណជិត ២០០០ ជាមួយនឹងបន្ទប់ស្នាក់នៅប្រមាណជិត ៣ម៉ឺនបន្ទប់។
នេះយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៦។ របាយការណ៍បង្ហាញថា សណ្ឋាគារប្រណីតៗបានកើនឡើងជាង ២០ បើធៀបនឹង១០ឆ្នាំមុន មានតែ៥ ទៅ៦ប៉ុណ្ណោះ។
សណ្ឋាគារនិងផ្ទះសំណាក់ចំនួនប៉ុណ្ណឹង មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅនឹងតម្រូវការកើនឡើងចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេស ទេសចរក្នុងស្រុកធ្វើដំណើរកម្សាន្តជាច្រើន នៅពេលបុណ្យជាតិនិងអន្តរជាតិធំៗម្តងៗ ពោលនៅពេលបុណ្យទានម្តងៗ តែងតែខ្វះខាតបន្ទប់ស្នាក់នៅ។
យោងតាមតួលេខពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ ពោលគឺមានការកើនឡើងជុំវិញ ៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕