បើតាមការអះអាងរបស់ថ្នាក់ដឹកនាំ CSX ការដូញភាគហ៊ុនបច្ចុប្បន្នមានទំហំជាធម្យម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ខណៈកាលពីមុនការជួញដូរបានហក់ឡើងដល់៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែកន្លងមកនេះការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមានទំហំជាធម្យម៣០ម៉ឺនដុល្លារអាមេរិកមានធ្លាក់ចុះបន្តិចបន្តូចបើធៀបនឹងទំហំជួញដូរក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានក្នុងរង្វង់៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះវាយតម្លៃជារួមថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅក្នុងរយៈពេលប្រមាណ៣ចុងក្រោយនៅតែរក្សាបានស្ថានភាពល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលរងនូវការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកក៏ដោយ។ ការថ្លែងបែបនេះធ្វើឡើងពេលឯកឧត្តម ហុង សុហួរ ធ្វើជាអធិតីក្នុងកម្មវិធីបើកវេទិកា“Earnings Forum 2023”។
ទំហំជួញដូរភាគហ៊ុននៅកម្ពុជានៅមានកម្រិតនៅឡើយបើធៀបទៅនឹងប្រទេសក្បែរខាងកម្ពុជាថៃ និងវៀតណាម ក្នុងនោះការជួញដូរភាគហ៊ុននៅថៃជាមធ្យមមានក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក ខណៈនៅវៀតណាមការជួញដូរមានក្នុងរង្វង់ជិត១ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ដែលបានចាត់ទុកទំហំជួញដូរភាគហ៊ុននៅមានកម្រិតនេះ វាបានបង្ហាញឲ្យឃើញថា ទីផ្សារភាគហ៊ុននៅកម្ពុជានៅមានឱកាសផ្តល់ប្រាក់ចំណេញខ្ពស់ដល់វិនិយោគិន និងការរីកចម្រើនបន្ថែមទៀត។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ប្រសិនបើផ្សារមូលបត្រមានការរីកចម្រើនវានឹងរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែខ្លាំង តាមរយៈការចរាចរសាច់ប្រាក់កើតចេញពីការជួញដូរនៅក្នុងចរន្តសេដ្ឋកិច្ច។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២០បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ថ្នាក់ដឹកនាំ CSX រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិចំនួនមួយ និងបោះផ្សាយលក់មូលបត្របំណុលពី៣ទៅ៤ក្រុមហ៊ុនបន្ថែមទៀតនៅឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕