ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល ឬសញ្ញាបណ្ណហាក់មានភាពល្អប្រសើរជាងការចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ដោយសារតែមូលបត្របំណុលមានភាពងាយស្រួល និងមានវិនិយោគទុនធំៗច្រើនជាងមូលបត្រកម្មសិទ្ធិ។ បើតាមអ្នកជំនាញរូបនេះ ការវិនិយោគលើមូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ គឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីគ្នា ក្នុងនោះមូលបត្របំណុល គឺជាការវិនិយោគមួយដែលយកទុនដែលទំនេរមកវិនិយោគដើម្បីបានការប្រាក់នៅក្នុងរយៈពេលណាមួយដែលបានកំណត់ ខណៈមូលបត្រកម្មសិទ្ធិ គឺមានហានិភ័យខ្ពស់ជាង ប៉ុន្តែអាចទទួលបានប្រាក់ចំណេញក៏ខ្ពស់ជាងដែរ។ បើតាមថ្នាក់ដឹកនាំរូបនេះ ការចូលរួមរបស់ក្រុមហ៊ុននានាក្នុងការបោះផ្សាយលក់មូលបត្រនៅមានកម្រិត អាចដោយសារតែនាពេលកន្លងមក អ្នកវិនិយោគមើលឃើញអំពីប្រាក់ចំណេញពុំទាន់ទទួលបានច្រើនដូចនៅបណ្ដាប្រទេសដទៃ ព្រោះទីផ្សាររបស់កម្ពុជានៅមានទំហំតូច។
ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា យល់ឃើញថា កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីជំរុញឱ្យបណ្ដាក្រុមហ៊ុននានាចូលរួមបោះផ្សាយលក់មូលបត្រ ក៏ដូចជាទាក់ទាញវិនិយោគិនឱ្យងាកមកចាប់អារម្មណ៍លើផ្សារភាគហ៊ុន។ បើតាមថ្នាក់ដឹកនាំរូបនេះ តាមរយៈសកម្មភាពនានាដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលនឹងធ្វើឱ្យក្រុមហ៊ុននានាពិចារណាចូលរួមជាមួយវិស័យមូលបត្រ តាមរូបភាពបោះផ្សាយលក់ភាគហ៊ុន ឬបោះផ្សាយសញ្ញាបណ្ណ ខណៈមកពេលទល់ពេលនេះមានក្រុមហ៊ុនជាបន្តបន្ទាប់បានមកចុះបញ្ជី ហើយនឹងមានក្រុមហ៊ុនផ្សេងទៀត ក៏នឹងចូលរួមចុះបញ្ជីនាពេលខាងមុខផងដែរ។
បើតាមការគូសបញ្ជាក់របស់អគ្គនាយកផ្សារមូលបត្រកម្ពុជា មកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា