ប្រមុខអង្គការសហប្រជាជាតិ

ប្រមុខ UN ព្រមានប្រាប់មេដឹកនាំពិភពលោកថា «ពេលនេះពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំបំផុត»


ប្រមុខអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែកញ្ញា បានថ្លែងជាលើកដំបូងរបស់លោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដោយបាននិយាយព្រមានប្រាប់ចំៗទៅមេដឹកនាំពិភពលោកទាំងអស់ថា ពិភពលោកពេលនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
ប្រមុខ UN ព្រមានថាពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ!

ប្រមុខ UN ថ្លែងបែបនេះនៅចំពោះមុខមេដឹកនាំនានា ដែលបានមកជួបប្រជុំគ្នាជាលើកដំបូងក្នុងរយៈពេល២ឆ្នាំក្រោយកូវីដ១៩ ដើម្បីដោះស្រាយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ ភាពក្រីក្រ វិសមភាព និងដោះស្រាយការបែកបាក់ក្នុងចំណោមមហាអំណាចធំៗ ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។

មហាសន្និបាតអង្គការសហប្រជាជាតិបានចាប់ធ្វើឡើងហើយពីថ្ងៃចន្ទទី១៩ខែកញ្ញា សម្រាប់រយៈពេលមួយសប្តាហ៍ពេញ ដោយផ្តើមពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗជាច្រើន។ ចំណែកចាប់ពីថ្ងៃអង្គារទី២០កញ្ញាតទៅ ប្រមុខរដ្ឋនិងរដ្ឋាភិបាលប្រទេសជាសមាជិកនីមួយៗនឹងឡើងថ្លែងសុន្ទរកថាដោយផ្ទាល់នៅលើវេទិកាអង្គការសហប្រជាជាតិ ខណៈដែលកាលពី២ឆ្នាំមុន បានត្រឹមថ្លែងតាមសារវីដេអូដែលថតទុកប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថានៃការចាប់ផ្តើមកិច្ចប្រជុំរបស់មេដឹកនាំនៅថ្ងៃទី ២០ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានលើកឡើងថា ក្រៅតែពីកិច្ចការដ៏ធំធេង ដើម្បីបញ្ជៀសមហន្តរាយដល់ផែនដីដែលកំពុងតែឆាបឆេះដោយជម្លោះនោះ ពិភពលោកក៏នៅតែត្រូវដោះស្រាយជាមួយនឹងជំងឺកូវីដ-១៩ដែរ។ ជាក់ស្តែង លោក Guterres បានគូសបញ្ជាក់ពីកង្វះលទ្ធភាពដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញ លើវិស័យដែលបាន បាត់បង់មូលដ្ឋាន ដូចជាការអប់រំ សុខាភិបាល និងសិទ្ធិស្ត្រី។

ក្រៅតែពីបញ្ហាកូវីដ១៩ ហិរញ្ញវត្ថុ និងបំណុល ច្បាស់ណាស់ដែលថា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ជារបៀបវារៈកំពូលមួយ ដែលនឹងត្រូវលើកយកមកជជែក ពិសេសគេជឿជាក់ថា សំណុំរឿងនេះ នឹងត្រូវបានមេដឹកនាំប្រទេសនានា លើកយកមកថ្លែង ក្នុងសន្ទរកថារៀងៗខ្លួនផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ប្រមុខដឹកនាំកំពូលនៃប្រទេសអ៊ុយក្រែន គឺលោកហ្សេលេនស្គី ដោយមានការព្រមព្រៀងពិសេស តាមរយៈការបោះឆ្នោត ប្រធានាធិបតីរូបនេះបានទទួលការអនុញ្ញាតឱ្យថ្លែងទៅកាន់អង្គមហាសន្និបាត តាមរយៈវីដេអូ។

លើសពីនេះទៀត ជារឿងគួរភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយទៀត គឺប្រមុខដឹកនាំប្រទេសធំៗពីរ នឹងមិនទៅចូលរួមមហាសន្និបាតនៅឆ្នាំនេះឡើយ នោះគឺ អវត្តមាន របស់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង។ គួរជម្រាបដែរថា មេដឹកនាំទាំងពីរនេះទើបតែត្រឡប់មកពីជួបគ្នាដោយផ្ទាល់កាលពីប៉ុន្មានថ្ងៃមុននេះ នៅប្រទេសអ៊ូបេគីស្ថាន ក្នុងកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

ប្រការនេះកាន់តែបាន បង្ហាញយ៉ាងច្បាស់ថា ពិភពលោកកំពុងពុះចែក ប្រេះឆា និងបែងចែកបក្សពួកគ្នា។ នៅចំពោះមុខបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបរិហារភាពប្រេះឆារបស់ពិភពលោក ដែលពេលនេះមានទម្រង់ជាការពុះចែកភូមិសាស្ត្រយុទ្ធសាស្ត្រ យ៉ាងខ្លាំងមិនធ្លាប់មានទេ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ដោយលោក បានអំពាវនាវឱ្យពិភពលោកមកជួបជុំគ្នាស្វែងរកដំណោះស្រាយ វិបត្តិប្រឈមទាំងឡាយ។

សូមជម្រាបថា ក្រៅតែពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន វិបត្តិប្រឈមផ្សេងទៀត ដូចជាវិបត្តិកូវីដ១៩ វិបត្តិថាមពលដែលគំរាមកំហែងនៅតំបន់អឺរ៉ុប និងវិបត្តិប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅប៉ាគីស្ថាន នឹងលើកមកដាក់នៅលើតុពិភាក្សានៅថ្ងៃពុធទី២១ខែកញ្ញា ដែលមហាសន្និបាតនេះ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូសយ៉ក សហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


ហេតុអ្វីបញ្ហាល្អក់កកររវាងក្រុមហ៊ុនអាមេរិក Boeing និងប្រទេសចិនកាន់តែអាក្រក់?

ព័ត៌មាន
រឿងរ៉ាវរវាងប្រទេសចិនជាមួយក្រុមហ៊ុនយក្សអាមេរិកប៊ូអ៊ីង (Boeing)មានសភាពកាន់តែអាក្រក់ទៅៗហើយ ដោយនៅពេលថ្មីៗនេះ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំ…

រដ្ឋាភិបាលហុងគ្រីដាក់ស្នើច្បាប់ប្រឆាំងអំពើពុករលួយជាលើកដំបូងភ្លាមៗ ក្រោយសហភាពអឺរ៉ុបគ្រោងកាត់ប្រាក់មូលនិធិ

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសហុងគ្រីបានបញ្ជូនសេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយជាលើកដំបូងទៅកាន់សភាជាតិរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា។ ការប្រញ៉ាប់ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ