សហភាពអឺរ៉ុប កាលពីខែមករា កន្លងទៅ បានកំណត់យកពន្ធអង្ករប្រភេទ Indica ដែលនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា សម្រាប់រយៈពេលបីឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃការនាំចូល ហើយជាការការពារអ្នកផលិតស្រូវអង្ករនៅអឺរ៉ុប រួមទាំងប្រទេសអ៊ីតាលី ផងដែរ។
ផ្សាយចេញពីទីក្រុងប្រ៊ូសែល ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដកស្រង់សម្ដីមន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជា ថា វិធានការការពារនេះមិនពាក់ព័ន្ធនឹងឥរិយាបថអយុត្តិធម៌ណាមួយនោះទេ ហើយផ្អែកមូលដ្ឋានទៅលើការសន្និដ្ឋានជាទូទៅ និង ការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវ។
នៅកម្ពុជា មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាមិនទាន់មានអត្ថាធិប្បាយអ្វីនៅឡើយទេ។ លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្វែរសំណួររបស់សារព័ត៌មាន ខេមបូណូមីស ឲ្យទៅសួរលោក មូល សារិទ្ធ អគ្គលេខាធិការ ដែលទូរស័ព្ទរបស់លោកហៅមិនចូលទេ នៅថ្ងៃសុក្រនេះ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បាននិយាយនៅថ្ងៃសុក្រនេះ ថា ក្រសួងកំពុងពិគ្រោះយោបល់ថា ត្រូវធ្វើយ៉ាងម៉េចបន្តទៀត ទាក់ទងនឹងវិធានការសហភាពអឺរ៉ុបមកលើអង្ករកម្ពុជា។
លោក ស៊ាង ថៃ បាននិយាយតាមសារតេឡេក្រាម យ៉ាងដូច្នេះថា ៖ «ខ្ញុំមានសេចក្តីរីករាយ សូមជម្រាបជូនដល់លោកថា បច្ចុប្បន្ន ក្រសួងកំពុងពិគ្រោះយោបល់ជាមួយអ្នកជំនាញច្បាប់ ស្តីពីច្បាប់អង្គការពាណិជ្ជកម្មពិភពលោក និងច្បាប់អឺរ៉ុប ដើម្បីកំណត់វិធីល្អបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងការស្វែងរកដំណោះស្រាយក្នុងករណីវិធានការការពាររបស់សហភាពអឺរ៉ុបលើអង្ករកម្ពុជា។»
បន្ទាប់ពីមានវិធានការការពារនេះ អង្ករកម្ពុជាត្រូវបង់ពន្ធ ១៧៥អឺរ៉ូ ក្នុងមួយតោន ក្នុងឆ្នាំទី១ ហើយនិងធ្លាក់មកនៅត្រឹម ១៥០អឺរ៉ូ ក្នុងមួយតោន នៅឆ្នាំទី២ និង ១២៥ អឺរ៉ូ នៅក្នុងឆ្នាំទី៣។
លោក កាន់ គន្ធី នាយករងរបស់ក្រុមហ៊ុន AMRU Rice បាននិយាយថា វិធានការការពារនេះមិនយុត្តិធម៌សម្រាប់កម្ពុជានោះទេ ពីព្រោះអឺរ៉ុបទាំងមូលអត់មានអ្នកដាំស្រូវម្លិះ ឬក៏អង្ករក្រអូបនោះទេ។
លោក កាន់ គន្ធី បាននិយាយដូច្នេះថា ៖ «អ៊ីចឹង ដាក់វិធានការការពារលើ [អង្ករ] ម្លិះ និងសែនក្រអូបនេះ វាអត់ឆ្លុះបញ្ចាំងអ្វីដែលខាងសហគមន៍អឺរ៉ុបព្រួយបារម្ភ ឬក៏និយាយ នោះទេ។»
លោក កាន់ គន្ធី បានបន្តថា ៖ «បើយើងនិយាយពីភាពប្រកួតប្រជែង គួរកុំប្រៀបធៀបផ្លែប៉ោមនិងផែ្លប៉ោម។ នៅខាងអឺរ៉ុប គេមានដាំអ៊ីអ៊ែរ និងអង្ករ ស អ៊ីចឹង អត់មានអ្នកដាំស្រូវក្រអូបទេ ដល់វាដាក់ទាំងអស់អ៊ីចឹង វាអត់ត្រូវ»៕