ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

កម្ពុជា ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ថៃ ជាអ្នកក្រឡាស់មិនព្រមទទួលយកបទឈប់បាញ់


តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសថៃ បានប្រែក្រឡាស់មិនទទួលយកបទឈប់បាញ់ក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួនលើកម្ពុជា ក្រោមការជួយសម្របសម្រួលរបស់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ដោយ

ជាមួយគ្នានេះ កម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជំរុញឱ្យកងទ័ពថៃ បញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ដោយគ្មានលក្ខខណ្ឌ។ យ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ ស្នើកម្ពុជា និងថៃ បង្កើនការអត់ធ្មត់ និងបន្ថយកម្តៅសង្គ្រាមជាអតិបរមា។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅក្នុងប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការនេះថា កម្ពុជា បានយល់ព្រមក្នុងការទទួលយកបទឈប់បាញ់ជាមួយភាគីថៃ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ តែភាគីថៃ ដែលមុនដំបូងព្រមទទួលយកបទឈប់បាញ់នេះ បានក្រឡាស់ឈប់ទទួលយកវិញ។ បន្ថែមលើនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក បានថ្លែងបទអន្តរាគមន៍ពីការវាយលុកដោយទ្រង់ទ្រាយធំរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើកម្ពុជា ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅលើទីតាំងមួយចំនួនតាមខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា រួមមាន ប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រសាទព្រះវិហារ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនប្រភេទដោយបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងកិច្ចប្រជុំបន្ទាន់ខាងលើ សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នានា បានថ្លែងបទអន្តរាគមន៍ដោយអំពាវនាវឱ្យភាគីកម្ពុជា និងថៃ ប្រកាន់យកការអត់ធ្មត់ និងមានដំណោះស្រាយដោយសន្តិវិធី ព្រមទាំងបញ្ឈប់ហិង្សាដោយប្រដាប់អាវុធ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី ដែលបានបន្ថែមថា នៅក្រោយកិច្ចប្រជុំបន្ទាន់នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យភាគីកម្ពុជា និងថៃ អត់ធ្មត់ឱ្យបានខ្លាំងជាទីបំផុត៕
អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ពលរដ្ឋខ្មែរយ៉ាងច្រើនកុះករសម្រុកចាកចេញពីប្រទេសថៃ ក្រោយការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ កាន់តែឡើងកម្តៅ

ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ យ៉ាងច្រើនកុះករបានសម្រុកចាកចេញពីប្រទេសថៃ នៅថ្ងៃនេះ ក្រោយសង្គ្រាមកើតចេញពីការឈ្លានពានទាំងគឃ្លើនរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ