ប្រេងឆៅនិងធ្យូងថ្ម

តម្លៃប្រេងឆៅ និងធ្យូងថ្មហក់ឡើង កំពុងដាក់សម្ពាធដល់ទីផ្សារភាគហ៊ុននៅអាមេរិក


តម្លៃប្រេងឥន្ធនៈ ដែលរាប់ចាប់ពីប្រេងឆៅ ទៅដល់ ធ្យូងថ្ម បន្តកើនឡើងនៅទូទាំងសកលលោក ដែលបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងថា សកលលោក អាចនឹងជួបបញ្ហាអតិផរណាដោយសារតម្លៃថាមពលឡើងថ្លៃ ហើយវិនិយោគិន ពិសេសទីផ្សារភាគហ៊ុនចាប់ផ្តើមស្វែងរកការវិនិយោគដែលមានសុវត្ថិភាព ហើយបញ្ហានេះ ក៏កំពុងធ្វើឲ្យមានការរង្គោះរង្គើទៅដល់ទីផ្សារភាគហ៊ុនរបស់អាមេរិកផងដែរ។ នេះបើយោងតាម សារព័ត៌មានអន្តរជាតិ Nikkei Asia ចេញផ្សាយនៅថ្ងៃនេះ។
តារាងបង្ហាញអំពីតម្លៃប្រេងឆៅ និងធ្យូងថ្មហក់នៅអាមេរិកដែលបានដាក់សម្ពាធដល់ទីផ្សារភាគហ៊ុន

តម្លៃ​ទីផ្សារ​ប្រេង​ឆៅ Brent របស់​អង់គ្លេស បាន​កើនឡើង​ដល់​ទៅ​តម្លៃ ៨០​ដុល្លារ ក្នុង​មួយ​បារ៉ែល ដែល​មានការ​កើនឡើង​ខ្ពស់​បំផុត គិត​ចាប់តាំងពី​ខែតុលា ឆ្នាំ ២០១៨​មក​។

បើ​ក្រឡេក​ទៅ​មើល ទីផ្សារ​ប្រេង​ឆៅ​អា​មេ​រិ​ក​វិញ​ក៏​បាន​ហក់​ឡើងថ្លៃ​ខ្ពស់​ដល់​ទៅ​ជាង ៧៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ផង​ដែរ ហើយ​វា​ក៏​ជា​តម្លៃ​មួយ​ខ្ពស់​បំផុត គិត​ចាប់ពី​ខែកក្កដា ឆ្នាំ ២០២១​មក​។

ភាព​មិន​ច្បាស់លាស់​នៃ​ការ​កើនឡើង​ថ្លៃ នៃ​ថាមពល​នេះ បាន​ធ្វើ​ឲ្យ​វិនិយោគិន​ក្នុង​ទីផ្សារ​ភាគហ៊ុន មាន​ភាព​វឹកវរ ហើយ​ភាគហ៊ុន​នៅ​ក្នុង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​ជា​ច្រើន ត្រូវ​បាន​លក់​ចេញ​ភ្លាម​ៗ ជាមួយ​ទិន្នផល​មូល​ប​ត្រ​បំណុល​មានការ​កើនឡើង ហើយ​វិនិយោគិន ក៏​កំពុង​រង់ចាំ​មើល ផែនការ​បន្ទាប់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​។

អ្នកវិភាគ​ផ្នែក​ថាមពល នៃ​ស្ថាប័ន​ស្រាវជ្រាវ Commerzbank បាន​លើក​ឡើង​ថា ទីផ្សារ​ប្រេង​ឆៅ​នា​ពេល​បច្ចុប្បន្ន គឺ​មាន​ភាព​តានតឹង ដោយសារ​តែ​តម្រូវការ​ប្រេង​កើនឡើង ហើយ​ការ​ផ្គត់ផ្គង់​ប្រេង គឺ​មាន​កំណត់ ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​បន្ត​កើនឡើង​។

បញ្ហា​សំខាន់​ដែល​ការ​ផ្គត់ផ្គង់​ប្រេង មាន​ភាព​តានតឹង គឺ​ដោយសារ​តែ​បញ្ហា​កង្វះខាត​ផលិតកម្ម​នៅ​ឈូង​សមុទ្រ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​មួយវិញទៀត គឺ​អង្គការ OPEC+ បាន​ផលិត​ប្រេង​តិច​ជាង​ចំនួន​ដែល​បាន​កំណត់​។

បើ​តាម​ផ្សារ​ហ៊ុន Goldman Sachs បាន​លើក​ឡើង​ថា ដោយសារ​តែ​គ្រប់​គ្នា​មើលឃើញ​ពី ភាព​សុទិដ្ឋិនិយម​ក្នុង​រយៈពេល​វែង បញ្ហា​ឱនភាព​នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ប្រេង គឺ​ធំ​ជាង​អ្វី​ដែល​បាន​គិត​ទុក ដោយសារ​តែ តម្រូវការ​ប្រើប្រាស់​ប្រេង​កើនឡើង​លើស​ពី​ការ​ព្យាករណ៍ ខណៈ​ការ​ផ្គត់ផ្គង់​ប្រេង ស្ថិត​នៅ​ក្រោម​កម្រិត​ដែល​បាន​ព្រមព្រៀង​គ្នា​។

បញ្ហា​តម្លៃ​ប្រេង​ឆៅ មិនមែន​ជា​ប្រភព​តែ​មួយ ដែល​បង្កើត​ជា​ក្តី​បារម្ភ​ដល់ វិនិយោគិន​ទីផ្សារ​ភាគហ៊ុន​នោះ​ទេ នៅ​មាន​បញ្ហា​តម្លៃ​ធ្យូងថ្ម ដែល​កើនឡើង​បួន​ដង ធៀប​នឹង​ឆ្នាំ​២០២០ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​បំផុត ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បើ​តាម​ទិន្នន័យទីផ្សារ​ពី​ក្រុមហ៊ុន រី​ហ្វី​ន​នី​ត​ធី​វ (Refinitiv) ក៏​បាន​បង្ហាញ​ថា ភាគហ៊ុន​ឧស្ម័ន​ធម្មជាតិ ក៏​កំពុង​ជួញដូរ​ក្នុង​តម្លៃ​មួយ​ខ្ពស់​បំផុត ក្នុង​រយៈពេល ៧​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​នេះ ក៏​កើត​មាន​ឡើង​ចំ​ពេល​ដែល ការ​ផ្គត់ផ្គង់​ថាមពល​ទូ​ទាំង​សកលលោក មាន​ភាព​មិន​ច្បាស់លាស់ បង្ក​ជា​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​។

ជាក់ស្តែង ការ​កើនឡើង​នៃ​តម្លៃ​ធ្យូងថ្ម បាន​បង្ខំ​ឲ្យ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ក្នុង​ប្រទេស​ចិន បាន​សម្រេច​កាត់​បន្ថយ​ផលិតកម្ម បណ្តាល​ឲ្យ​មានការ​ដាច់​ភ្លើង​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ប៉េ​កាំ​ង​។

នៅ​ចក្រភព​អង់គ្លេស ស្ថានីយ៍​ប្រេងឥន្ធនៈ​ជា​ច្រើន ក៏​គ្មាន​ប្រេង​ទាល់តែ​សោះ ដោយសារ​តែ​កង្វះខាត​អ្នកបើកបរ​ឡាន​ដឹក​ប្រេង គួប​ផ្សំ​នឹង​បញ្ហា​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប Brexit ដែល​ធ្វើ​ឲ្យ​មានការ​សម្រុក​ទិញ​ទំនិញ​យ៉ាង​ខ្លាំង​។

កំណើន​ថ្លៃ​ថាមពល​ខ្ពស់​យ៉ាងនេះ ក៏​បាន​ធ្វើ​ឲ្យ​ការ​កំណត់​អំពី អតិផរណា នៅ​ក្នុង​ទស្សនវិស័យ​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក មានការ​ពន្យារពេល​ជា​បណ្តោះអាសន្ន​ផង​ដែរ​។

បើសិនជា​ការ​ដាក់​សម្ពាធ​ទៅ​លើ តម្លៃ​ទំនិញប្រើប្រាស់​នៅ​តែ​មាន ហើយ​តម្លៃ​ថាមពល នៅ​តែ​ខ្ពស់​ដដែល​នេះ ធនាគារកណ្តាល​អា​មេ​រិ​ក អាច​នឹង​កាត់​បន្ថយ​ការ​ទិញ​មូល​ប​ត្រ​បំណុល និង​ដំឡើង​អត្រា​ការ​ប្រាក់​វិញ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែបដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ

ព័ត៌មាន
CamID គឺជា App ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជាលិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជ…

អាមេរិក ចោទថារដ្ឋាភិបាលក្រុងប៉េកាំង កំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ចិន មិនឱ្យទិញយន្តហោះប៊ូអ៊ីងរបស់អាមេរិក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា រដ្ឋាភិបាលចិនបាននិងកំពុងរារាំងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់ខ្លួន មិនឱ្យទិញយន្តហោះប្រភេទ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ