ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន

អ្នកជំនាញជឿថា ក្រោយច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀនដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ថៃ មួយកម្រិតទៀត


ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ជាមួយខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីទាំងពីរកម្ពុជា-ថៃ ឯកភាពគ្នាពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមអ្នកជំនាញយល់ឃើញថា ច្រកព្រំដែនអន្តរជាតិថ្មីនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើចរាចរណ៍ ថែមទាំងជួយសម្រួលដល់ការដោះដូរទំនិញផងដែរ។
3
ដោយ

កម្ពុជានិងថៃ បានឯកភាពគ្នាជួយជំរុញនិងពន្លឿនបញ្ចប់ការងារដែលនៅសេសសល់នៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដែលជាចំណុចប្រសព្វរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវរបស់ថៃ ដើម្បីឈានទៅដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ការឯកភាពគ្នារវាងភាគីទាំងពីរធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយលោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងរបស់ថៃ កាលពីពេលថ្មីៗ។ នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យល្អបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន មកទល់ពេលនេះការសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់របស់កម្ពុជា បានបញ្ចប់ស្ទើរ១០០% ហើយ នៅឡើយតែអគារព្រំដែនរបស់ភាគីថៃ ដែលមកទល់ពេលនេះទើបសម្រេចបានប្រមាណ៣០%ប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះវាយតម្លៃថា ភាគីថៃអាចត្រូវការចំណាយពេល២ឆ្នាំទៀត ដើម្បីបញ្ចប់ការសាងសង់អគារទាំងនោះ។

ជុំវិញគម្រោងច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះ ត្រូវបានលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បង្ហាញការជឿជាក់ថា នៅពេលច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ដាក់ឲ្យដំណើរការវានឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឲ្យមានការកើនឡើងមួយកម្រិតទៀត។ សម្រាប់អ្នកជំនាញរូបនេះ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណង​អៀន មិនត្រឹមតែសម្រួលការធ្វើចរាចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរនោះទេ តែវាក៏ជួយបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនផលិតផល ចំណេញពេលវេលា ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនកសិផលខ្មែរទៅកាន់ទីផ្សារប្រទេសថៃផងដែរ។

ស្រដៀងគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ការបើកច្រកព្រំដែនអន្តរជាតិថ្មីជាមួយថៃនេះ គឺជាការវិធានការដ៏ល្អប្រសើរមួយក្នុងការជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ មិនថា ការបើកច្រកទ្វាព្រំដែនជាមួយប្រទេសថៃ ឬវៀតណាម វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងការដោះដូរទំនិញផងដែរ។

គួរបញ្ជាក់ផងថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានទុនវិនិយោគជាង២៦លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃ។ តាមគម្រោងច្រកព្រំដែនអន្តរជាតិនេះ សាងសង់ឡើងសម្រាប់បម្រើឲ្យតែការដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ ខណៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត សម្រាប់បម្រើឲ្យការធ្វើដំណើរចេញចូលរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។ កន្លងមករាជរដ្ឋាភិបាលមានផែនការគ្រោងនឹងបើកឲ្យដំណើរច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន​ នៅអំឡុងឆ្នាំ២០២៣នេះ៕

None



អត្ថបទបន្ទាប់


តើច្បាប់ថ្មីរបស់អឺរ៉ុប ដែលហាមកាប់ព្រៃឈើអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូកម្ពុជាដែរឬទេ?

មន្ត្រី និងអ្នកជំនួញក្នុងវិស័យកសិកម្មអះអាងថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ង…

លោក ពូទីន អនុម័តលុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែសកល

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែជាសកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ