ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅ៥ខែឆ្នាំ២០២១
សម្រេចបានតែជាង១៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ
ធ្លាក់ចុះជាង២៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប៉ុន្តែ
ការនាំចេញទំនិញពីថៃមកវិញនៅតែរក្សាបានកំណើនជាង ១%ដែរ ដោយមានទំហំទឹកប្រាក់ជិត
១ពាន់៣រយលានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ប្រទេសកម្ពុជា និងថៃ ធ្លាប់ដាក់ផែនការរួមគ្នាក្នុងការសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ រំលងប៉ុន្មានឆ្នាំហើយ ផែនការនេះ ហាក់នៅមិនទាន់សម្រេចបាននៅឡើយទេ។ ហើយបើមើលតួលេខឆ្នាំ២០២១នេះទៀតសោត ក៏មិនសូវរំពឹងពីកំណើនខ្ពស់ដែរ។ ដ្បិតថា នៅ៥ខែដើមឆ្នាំនេះ តួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ នៅ៥ខែឆ្នាំ២០២១ សម្រេចបានជាង១ពាន់៤រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង៣%ទៅហើយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ វាសបញ្ជាក់ឲ្យឃើញថា គោលដៅទំហំពាណិជ្ជកម្ម១៥លពាន់លានដុល្លារ ដែលប្រទេសទាំងពីរធ្លាប់ដៅទុកនោះ កំពុងរសាត់កាន់តែឆ្ងាយ។
របាយការណ៍ដដែល បានឲ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅ៥ខែឆ្នាំ២០២១ សម្រេចបានតែជាង ១៥០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង២៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯ ការនាំចូលទំនិញពីថៃមកវិញនៅតែរក្សាបានកំណើនវិជ្ជមានជាង ១% ដោយមានទំហំទឹកប្រាក់ជិត ១ពាន់៣រយលានដុល្លារអាមេរិក។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា សង្កេតឃើញថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះចរន្តដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសកម្ពុជានិងថៃ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បន្ទាប់ពីប្រទេសទាំងពីរទទួលរងនូវការឆ្លងនៃជំងឺកូវីដ-១៩។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញទៀតថា ការធ្លាក់ចុះនេះកើតឡើងក្រោយមានការរឹតបន្តឹងនៅតាមព្រំដែននៃប្រទេសពីរ ដោយសារវិធានការការពារការនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ទំនិញចេញចូលប្រទេសទាំងពីរត្រូវបានដោះដូរនៅតាមព្រំដែនរៀងៗខ្លួន។
បើតាមឧកញ៉ា ស៊ិន ចន្ធី ការដឹកទំនិញចេញពីកម្ពុជាទៅថៃ មានការធ្លាក់ចុះខ្លាំងជាងការដឹកទំនិញពីថៃចូលមកកម្ពុជា ពោលគឺក្រោយកម្ពុជាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជាង៣ខែកន្លងមកនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានជាង៩ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២០ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាង១០ពាន់លានដុល្លារអាមេរិក។ យើងនឹងរង់ចាំមើលបន្ដទៀតថា តើរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងមានយុទ្ធសាស្ត្រអ្វីបន្ថែមទៀតក្នុងការជំរុញ ដល់គោលដៅនាំចេញនាំចូលរវាងគ្នានឹងគ្នាបន្ដទៀត ដើម្បីអាចឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារតាមកាគ្រោងទុកនោះ?