
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភាឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានវាយតម្លៃថា ការបើកឱ្យមានការចរចារវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនេះ គឺជាឱកាសដ៏សំខាន់ និងចាំបាច់ណាស់សម្រាប់កម្ពុជាដើម្បីទទួលបានលទ្ធភាពបញ្ចុះអត្រាពន្ធពីសហរដ្ឋអាម៉េរិក ពិសេសតាមរយៈយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបញ្ចុះអត្រាពន្ធពី៣៥% មកនៅត្រឹម៥% លើមុខទំនិញនាំចូលចំនួន១៩មុខពីសហរដ្ឋអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ ក្រៅតែពីការបញ្ចុះពន្ធលើទំនិញនាំចូលមួយចំនួនពីសហរដ្ឋអាម៉េរិកហើយនោះ កម្ពុជាក៏គួរត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជាប់ពាក់ព័ន្ធមួយចំនួនផ្សេងទៀតជាមួយសហរដ្ឋអាម៉េរិកផងដែរ ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការចរចានេះ។
តែយ៉ាងណា អ្នកជំនាញរូបនេះ ហាក់មិនទាន់មានសុទិដ្ឋិនិយមខ្ពស់នោះទេ ចំពោះលទ្ធផលនៃការចរចានេះ ហើយប្រសិនបើកម្ពុជាមិនទទួលបានពន្លឺល្អក្នុងការចរចានាពេលខាងមុខនេះទេនោះ លោកជឿជាក់ថា កម្ពុជាអាចនឹងត្រូវមានភាពប្រកួតប្រជែងខ្ពស់ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក ដោយសារថ្លៃដើមផលិតរបស់កម្ពុជាមានតម្លៃខ្ពស់ បើធៀបនឹងបណ្តាប្រទេសដ៏ទៃ។
គួរជម្រាបថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិកបានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយភាគីសហរដ្ឋអាម៉េរិកចំនួន២លើករួចមកហើយ មុននឹងត្រៀមទៅចរចាដោយផ្ទាល់នាពេលខាងមុខនេះ។ សហរដ្ឋអាម៉េរិកបានកំណត់ដំឡើងអត្រាពន្ធនាំចូលទំនិញពីកម្ពុជាចំនួន៤៩% ប៉ុន្តែបានពន្យារពេលពនុវត្តចំនួន៩០ថ្ងៃ ដើម្បីទុកពេលចរចាលើបញ្ហានេះ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ