វិស័យថាមពល

សម្តេចតេជោ ហ៊ុន សែន កំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ៤០% នៅត្រឹមឆ្នាំ ២០៣០


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន ប៉ុន្ដែ កម្ពុជានៅតែប្ដេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ អះអាងថា កម្ពុជា បានកំណត់គោលដៅនឹងកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ៤២% នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង ៤០% នៅត្រឹមឆ្នាំ ២០៣០
ដោយ

ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធានបទ «គោលនយោបាយបរិស្ថាន និង ការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានខិតខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន»។ សម្តេចតេជោ បន្ថែមថា ជាការរួមចំណែកដោះស្រាយបញ្ហាប្រែប្រួល​អាកាសធាតុ ថ្វីត្បិតកម្ពុជា​ជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក្តី, កម្ពុជានៅតែប្ដេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២% នៅត្រឹមឆ្នាំ២០៣០ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេលវែង​ប្រកបដោយអព្យាក្រឹតកាបូនដើម្បីជំរុញសេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការបញ្ចេញកាបូនតិច និងបានកំណត់ផងដែរ ពីការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាសមាសភាពដ៏សំខាន់​នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងបានកំណត់ក្នុងច្បាប់​ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មី លើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង, សេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន ។

បើតាម សម្តេចតេជោ ហ៊ុន សែន បញ្ហាបរិស្ថាន​មិនស្គាល់ព្រំដែនប្រទេសឡើយ ហេតុនេះ មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមបរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីពីគ្រោះមហន្តរាយទាំងឡាយ សម្រាប់ជនានុជនជារៀងដរាបតទៅ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា យើងក៏គួរផ្តោតជាសំខាន់ផងដែរ លើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែកចំណេះដឹង​អំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម ដើម្បីឆ្លើយតបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិស្ថានសកល ហើយកម្ពុជាបានត្រៀមខ្លួនជាស្រេច និងត្រូវការដៃគូ ទាំងសាធារណៈ និងឯកជន ដើម្បីជួយយើងសម្រេចបាននូវការប្តេជ្ញាចិត្តទាំងនេះ ៕

None



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ផ្ដល់ជូនអត្រាការប្រាក់បញ្ញើសន្សំខ្ពស់ដល់ ៨,៧០% ដើម្បីជំរុញកំណើនប្រើប្រាស់ប្រាក់រៀល

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេមួយ បាននិងកំពុងចូលរួមចំណែកក្នុងផ្ដល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ ពិសេសកា…

ការអនុម័តគម្រោងវិនិយោគដោយ CDC នៅតែបន្ដកើនឡើង ទោះបីស្ថានភាពសេដ្ឋកិច្ចសាកលកំពុងអាប់អួ

ការដាក់ចេញនូវវិធានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ និងការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកយ៉ាងសំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ