ឥណ្ឌូនេស៊ី-អឺរ៉ុប

ក្រុមហ៊ុនជីករ៉ែធ្យូងថ្មនៅប្រទេសឥណ្ឌូនេស៊ីបង្កើនផលិតកម្ម ខណៈកំពុងសំឡឹងឃើញតម្រូវការថាមពលកើនឡើងនៅអឺរ៉ុប


ក្រុមហ៊ុនរុករករ៉ែធ្យូងថ្មមួយចំនួននៅប្រទេសឥណ្ឌូនេស៊ីកំពុងតែប្រជែងគ្នា ដើម្បីជំរុញផលិតកម្មរបស់ពួកគេនៅចំពេលតម្លៃរបស់ធ្យូងថ្មកើនឡើងខ្ពស់ និងការកើនឡើងនៃតម្រូវការពីតំបន់អឺរ៉ុបនៅមុនពេលរដូវរងាចូលមកដល់ បន្ទាប់ពីអឺរ៉ុបបានដាក់បម្រាមនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ហើយរុស្ស៊ីក៏ទើបតែបានផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia ថ្មីៗនេះ។
ក្រុមហ៊ុនជីករ៉ែធ្យូងថ្មនៅប្រទេសឥណ្ឌូនេស៊ីបង្កើនផលិតកម្ម ខណៈកំពុងសំឡឹងឃើញតម្រូវការថាមពលកើនឡើងនៅអឺរ៉ុប

ក្រុមហ៊ុនរុករករ៉ែនៅប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកនាំចេញធ្យូងថ្មកម្ដៅដ៏ធំបំផុតនៅក្នុងពិភពលោកនោះ តាមធម្មតាមិននាំចេញធ្យូងថ្មទៅកាន់អឺរ៉ុបនោះទេ ដោយសារប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ីមួយចំនួនទៀត គឺជាគោលដៅនាំចេញកំពូលរបស់ពួកគេ។

ប៉ុន្តែស្របពេលមានការហាមប្រាមរបស់សហភាពអឺរ៉ុបលើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ីដែលបានចូលជាធរមានកាលពីខែសីហា ហើយរុស្ស៊ីបានបិទការផ្គត់ផ្គង់ឧស្ម័នមួយចំនួនទៅកាន់ទ្វីបនេះនៅចំពេលមានសង្រ្គាមនៅអ៊ុយក្រែន វាបានធ្វើឱ្យអ្នកទិញនៅអឺរ៉ុបកំពុងតែស្រវាដើររកទិញធ្យូងថ្មឆ្ងាយៗរហូតដល់ប្រទេសឥណ្ឌូនេស៊ី និងអូស្ត្រាលី។

លោក Pandu Sjahrir ប្រធានសមាគមរុករករ៉ែធ្យូងថ្មឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារ Nikkei Asia ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មៗនេះថា តម្រូវការសម្រាប់ធ្យូងថ្មរបស់ឥណ្ឌូនេស៊ីកំពុងកើនឡើងយ៉ាងខ្លាំងដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយនេះ ហើយប្រទេសអាល្លឺម៉ង់គឺជាគម្រូដ៏ល្អមួយ។ ពួកគេកំពុងស្នើសុំទិញធ្យូងថ្មជាច្រើនពីឥណ្ឌូនេស៊ី។ ជាពិសេសនៅឆ្នាំក្រោយនេះ អាល្លឺម៉ង់នឹងក្លាយជាប្រទេសនាំចូលធ្យូងថ្មធំបំផុតទី២ ឬទី៣របស់ឥណ្ឌូនេស៊ីបន្ទាប់ពីចិន និងឥណ្ឌា។

ក្រុមហ៊ុន Bukit Asam ដែលហៅថា ក្រុមហ៊ុន PTBA នោះគឺជាក្រុមហ៊ុនរុករករ៉ែក្នុងស្រុកមួយ ដែលបានចាប់ផ្តើមដឹកជញ្ជូនធ្យូងថ្មទៅកាន់អឺរ៉ុប។ លោក Rafli Yandra នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបាននិយាយថា ក្រុមហ៊ុននេះបាននាំចេញធ្យូងថ្មចំនួន ១៤ ម៉ឺន ៧ ពាន់តោនទៅកាន់ប្រទេសអ៊ីតាលីចាប់ពីខែមីនាដល់ខែកក្កដា។

លោក Yandra បានប្រាប់អ្នកយកព័ត៌មានថា សម្រាប់បណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀតដូចជាអាល្លឺម៉ង់ និងប៉ូឡូញជាដើម ក្រុមហ៊ុន PTBA បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ ចរចាគ្នានៅឡើយ ដើម្បីជ្រៀតចូលក្នុងទីផ្សារទាំងនេះក្នុងតម្លៃប្រសើរជាងមុន។

ក្រុមហ៊ុន Bukit Asam បានផលិតធ្យូងថ្មចំនួនប្រហែល១៦ លានតោន នៅចន្លោះខែមករាដល់ខែមិថុនា ពោលគឺបានកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ក្រុមហ៊ុន Bumi Resources ដែលជាក្រុមហ៊ុនផលិតធ្យូងថ្មដ៏ច្រើនបំផុតនៅឥណ្ឌូនេស៊ី ក៏កំពុងតែធ្វើការដើម្បីបង្កើនផលិតកម្មនៅឆ្នាំនេះរហូតដល់ ៨៣ លានតោនពោលគឺកើនឡើងជាងឆ្នាំមុន ៦%។ ក្រុមហ៊ុននេះបានទទួលការសួរនាំ និងកំពុងពិភាក្សាដើម្បីដឹកជញ្ជូនធ្យូងថ្មទៅកាន់ប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ីតាលី។

តំណាងក្រុមហ៊ុននាំចេញធ្យូងថ្មឥណ្ឌូនេស៊ីបានលើកឡើងទៀតថា ពួកគេបានចាប់ផ្តើមបរិមាណនៃការដឹកជញ្ជូនតិចតួចទៅកាន់អឺរ៉ុប ប៉ុន្តែពួកគេអាចនឹងបង្កើនបរិមាណនេះនៅពេលដែលទិន្នផលមានសភាពធម្មតានៅក្រោយពេលបញ្ចប់រដូវធ្លាក់ភ្លៀង។

ក្រុមហ៊ុនជីករ៉ែធ្យូងថ្មនៅឥណ្ឌូនេស៊ីកំពុងទទួលបានប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ ដោយសារតម្លៃធ្យូងថ្មកើនឡើង។ ក្រុមយហ៊ុន PTBA បានប្រកាសពីប្រាក់ចំណូលសុទ្ធរបស់ខ្លួនចំនួនជាង ៤១៥ លានដុល្លារនៅឆមាសទីមួយនៃឆ្នាំនេះ ពោលគឺបានកើនឡើង ២៤៦%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ខណៈដែលចំណូលរបស់ក្រុមហ៊ុន Adaro's បានកើនឡើង ៧ ដង ដល់ជាង ១ពាន់លានដុល្លារ ហើយក្រុមហ៊ុន Bayan Resources បានកើនឡើងជិត ៣ ដងរហូតដល់ ៩៧០ លានដុល្លារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បញ្ហាអតិផរណា រុញឲ្យកម្រិតបំណុលក្នុងប្រទេសទីផ្សារកំពុងរីកចម្រើននៅអាស៊ី និងទូទាំងសកលលោកកើនខ្ពស់មិនធ្លាប់មាន

ព័ត៌មាន
ការចំណាយសារពើពន្ធកាន់តែច្រើន ដើម្បីយកមកទូទាត់ប៉ះប៉ូវ ផលប៉ះពាល់នៃបញ្ហាអតិផរណាជាសកល នឹងធ្វើឱ្យកម្រិតបំណុលកើនឡើងខ្លាំង នៅក្នុងប្រទេសនៃតំប…

អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកកើនលើស ៦%ជាលើកដំបូង ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ

ព័ត៌មាន
អត្រាការប្រាក់ជាមធ្យមចំពោះកម្ចីទិញផ្ទះដ៏ពេញនិយមនៅសហរដ្ឋអាមេរិកនោះ បានហក់ឡើងលើស ៦% ជាលើកដំបូង បើរាប់តាំងពីឆ្នាំ២០០៨មក ហើយអត្រាការប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ