ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអង់គ្លេស បានរីកចម្រើនទៅរកភាពល្អប្រសើរកាន់តែជិតស្និទ្ធ ដែលទំនងជាអាចឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានាពេលខាងមុខ ខណៈដែរបច្ចុប្បន្ន អង់គ្លេស ក៏បានចាកចេញ និងនៅដាច់ដោយឡែកពីសហគមន៍អឺរ៉ុប។ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ អង់គ្លេសក៏បានសន្យាជាមួយកម្ពុជា ក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលនឹងផ្តល់លទ្ធភាពឱ្យកម្ពុជា អាចនាំចេញទំនិញទៅកាន់ទីផ្សារអង់គ្លេស ក្រោមបន្ទាត់ពន្ធសូន្យ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា តាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អង់គ្លេស ដល់កម្ពុជានេះ គឺនឹងជួយជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអង់គ្លេស កាន់តែប្រសើរ និងជាវិធានមួយក្នុងការជំរុញការវិនិយោគពីប្រទេស ដែលមានទំនាក់ទំនងជាមួយអង់គ្លេស ចូលមកកម្ពុជា កាន់តែច្រើនផងដែរ។ ស្របពេលកម្ពុជា ជិតចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនាពេលឆាប់ៗខាងមុខនេះ អ្នកជំនាញរូបនេះ បានវាយតម្លៃថា ការបង្តើតឱ្យមានការផ្តល់ការអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យ គឺជារឿងមួយដែលសំខាន់សម្រាប់កម្ពុជា ហើយកម្ពុជា ក៏ត្រូវបន្តពង្រឹងខ្លួនឱ្យកាន់តែប្រសើរផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើកម្ពុជា ពិតជាអាចសម្រេចបាននូវការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសមែននោះ អ្នកឧកញ៉ាជឿជាក់ថា វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអង់គ្លេស សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង៩៣២លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅទីផ្សារអង់គ្លេស មានទំហំជាង៨៨៦លានដុល្លារ កើនឡើង២១% ខណៈការនាំចូលពីអង់គ្លេសវិញ មានទំហំជាង៤៧លានដុល្លារ ថយចុះជាង៣៦%។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕