បញ្ហា Covid-19

បណ្តាប្រទេសធំៗ បញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងមេរោគCovid-19


ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសធំៗជាច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគCovid-19 ដោយបានបញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្លារអាមេរិក សម្រាប់ការគ្រប់គ្រងស្ថានការណ៍នានា ដែលបង្កឡើងដោយមេរោគរលាកផ្លូវដង្ហើមមួយនេះ។យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក WHO នៅតែបង្ហាញពី ក្តីព្រួយបារម្ភចំពោះបណ្តាប្រទេសមួយចំនួន ដែលមិនបានរៀបចំខ្លួន ឲ្យបានល្អ ក្នុងការចូលរួមទប់ស្កាត់ និងគ្រប់គ្រងបញ្ហានេះ ជាមួយបណ្តាប្រទេសដទៃលើសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
កូរ៉េខាងត្បូងបញ្ចេញកញ្ចប់លុយជិត ១០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ ១៩(រូបភាព៖www.deccanherald.com)
ដោយ

គិត​មក​ទល់​ពេល​នេះ បណ្តា​ប្រទេស​ជា​ច្រើន ក្នុង​តំបន់​អាស៊ី បាន​ដាក់​ចេញ​នូវ ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ត្រៀម​សម្រាប់​ដោះស្រាយ​បញ្ហា​នានា ទាក់ទង​នឹង​វីរុស​កូ​វី​ដ ១៩ ហើយ​ក្រៅពី​នោះ នៅ​ប៉ែក​អឺរ៉ុប ដែល​ជា​តំបន់​កំពុង​តែ​ចាប់ផ្តើម​កម្តៅ នៃ​ការ​សាយភាយ​វីរុស​កូ​វី​ដ រួម​ជាមួយនឹង សហរដ្ឋអាមេរិក ព្រមទាំង​ធនាគារពិភពលោក សុទ្ធតែ​បាន​ត្រៀម​កញ្ចប់​ថវិកា សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ដែរ​។

ក្រឡេក​ទៅ​មើល ប្រទេស​ចិន ដែល​ជា​ប្រភព​កកើត​នៃ​មេរោគ​ Covid-19 ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ចិន បាន​ដាក់​ចេញ​នូវ គោលនយោបាយ​ហិរញ្ញវត្ថុ​សកម្ម​ជាង​មុន បើ​គិត​ត្រឹម​ថ្ងៃ​ទី ៤ ខែមីនា​ ចិន បាន​បែងចែក​ថវិកា​ជិត ១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់ ការ​បង្ការ​ជំងឺ និង​គ្រប់គ្រង​មេរោគ​ Covid-19​នេះ ក៏​ដូច​ជា​ជួយ​លើក​ស្ទួយ​ដល់ ជីវភាព​ប្រជាជន និង​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​សារព័ត៌មាន CCTV​។

ដោយឡែក ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ពីការ​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ប្រមាណ ៩,៨ ពាន់​លាន​​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 បន្ទាប់​ពី​ប្រទេស​មួយ​នេះ បាន​ក្លាយជាប្រទេស​ដែល​មានការ​ឆ្លង​មេរោគ Covid-19 ច្រើន​ជាងគេ​បង្អស់ បន្ទាប់​ពី​ប្រទេស​ចិន​។

ចំពោះ​មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក វិញ ក្នុង​ថ្ងៃ​ទី ៥ ខែមីនា​នេះ ក៏​ទើបតែ​ទទួល​បាន​កញ្ចប់​ថវិកា​ពិសេស​សម្រេច​ដោយ​ព្រឹទ្ធសភា​អា​មេ​រិ​ក ប្រមាណ ៨​,៣ ពាន់​​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រើប្រាស់​ឆ្លើយ​តប​ទៅ​នឹង ការ​កើនឡើង​នៃ​ករណី​ឆ្លង​មេរោគ​ Covid-19 ក្នុង​ប្រទេស​មួយ​នេះ​។

រីឯ​រដ្ឋាភិបាល​អ៊ី​តា​លី ក៏​កំពុង​តែ​ខ្នះខ្នែង បង្កើន​កញ្ចប់​ថវិកា​ពិសេស​ទ្វេ​ដង រហូត​ដល់​ទៅ ៨,៤​ ពាន់​លាន​ដុល្លារ​​អា​មេ​រិ​ក ដោយ​រំពឹង​នឹង​ទទួល​បាន​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ជួយ​ដល់ ប្រជាពលរដ្ឋ និង​អាជីវកម្ម ព្រោះថា រឿង​នេះ​មិនមែន​ជា​សុខភាព​តែ​មួយ​មុខ​នោះ​ទេ គឺ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ដែរ​។

នៅ​មាន​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត ដែល​បាន​បញ្ចេញ​កញ្ចប់​ថវិកា​របស់​ខ្លួន ដើម្បី​ត្រៀមខ្លួន​ទប់ស្កាត់ និង​គ្រប់គ្រង​លើ​បញ្ហា​នេះ ដូច​ជា ប្រទេស​ថៃ មាន​កញ្ចប់ ៣​,២ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​, ប្រទេស​សិង្ហ​បុរី មាន​កញ្ចប់ ៤,៦​ពាន់លាន​ដុល្លារ​អា​មេ​រិ​ក​, ប្រទេស​ម៉ា​ឡេ​ស៊ី មាន​កញ្ចប់ ៤,៨ពាន់​លាន​​ដុល្លារ​អា​មេ​រិ​ក​ជាដើម​។

សូ​ម្បី​តែ​ធនាគារពិភពលោក ក៏​ត្រៀម​កញ្ចប់​ថវិកា ១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជួយ​ដល់​បណ្តា​ប្រទេស ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ហើយ​កញ្ចប់​នេះ អាច​ប្រើប្រាស់​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក ថេ​ត ត្រុ​ស អា​ដា នំ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO បាន​គូសបញ្ជាក់​ថា បណ្តា​ប្រទេស​មួយ​ចំនួន គឺ​មិន​បាន​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​​នៃ​មេរោគ​ Covid-19​នេះ​ទេ បើ​ទោះបីជា​មាន ករណី​ឆ្លង​នៅ​ច្រើន​​ប្រទេស​​ទៅ​ហើយ​នោះ​។

លោក​បន្ត​ថា មេរោគ​នេះ គឺជា​ការ​គំរាមកំហែង​ដល់ គ្រប់​បណ្តា​​ប្រទេស​ទាំងអស់ មិនមែន​តែ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​នោះ​ទេ ហើយ​ដំណោះស្រាយ​គឺ គ្រប់​គ្នា​ត្រូវ​ចូលរួម និង​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដ៏​កាច​សាហាវ​នេះ​ទាំងអស់​គ្នា​។

គួរ​ជម្រាប​ដែរ​ថា ករណី​ឆ្លង​មេរោគ Covid-19 បាន​កើន​ដល់​ជិត ១​សែន​ករណី​ហើយ ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស និង​តំបន់​ចំនួន​ជាង ៩០ ក្នុង​នោះ​ករណី​ស្លាប់​ដោយ​ជំងឺនេះ មាន​ជាង ៣​ពាន់​ករណី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃជំរុញការផលិតម៉ាស់ និងយកមួយចំណែកចែកចាយពលរដ្ឋដោយឥតគិតថ្លៃ

ព័ត៌មាន
ជនឆ្លៀតឱកាសដំឡើងថ្លៃលក់ម៉ាស់លើសពីតម្លៃ ២,៥បាត សម្រាប់ម៉ាស់មួយ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំឡើងទៅ នឹងពិន័យជាទឹកប្រាក់ប្រមាណ ៣ពាន…

ទុនវិនិយោគក្នុងវិស័យសំណង់ និង អចលនទ្រព្យមានតម្លៃសរុបជាង ១១ពាន់លានដុល្លារ

ព័ត៌មាន
មួយឆ្នាំពេញ២០១៩ កន្លងទៅនេះ តម្លៃទុនវិនិយោគលើវិស័យអចលនទ្រព្យ និង សំណង់ មានតម្លៃសរុបប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ