រោងចក្រព្យួរ​នៅអំឡុងពេល​កូវីដ-១៩

ក្រសួងការងារ៖ ការព្យួររោងចក្រ កើនដល់ជាង ១៣០ រោងចក្រ ខណៈកម្មករនិយោជិត ១០ម៉ឺននាក់ប៉ះពាល់ការងារ


គិតមកទល់ពេលនេះ យ៉ាងហោចណាស់ មានរោងចក្របានដាក់ពាក្យស្នើព្យួរប្រតិបត្តិការផលិត របស់ខ្លួនជាង ១៣០ រោងចក្រហើយ ខណៈដែលកម្មករនិយោជិតប្រមាណ ១០ម៉ឺននាក់ត្រូវបានព្យួរការងារបណ្ដោះអាសន្ន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​

ឯកឧត្តម ហេង សួរ មន្ត្រីនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អះអាង​នៅក្នុង​សន្នីសីទសារព័ត៌មាន​​នៅរសៀល​ថ្ងៃទី ២៧ ខែមេសានេះ ថា ដោយសារតែ​មានការ​ផ្អាក​ការបញ្ជាទិញ​ពីប្រទេស​នៅអឺរ៉ុប និងអាមេរិក និងអាមេរិក​ បានធ្វើឲ្យ​តម្រូវការ​នៃផលិតផល​កាត់ដេរ​សម្លៀក​បំពាក់​ស្បែកជើង និងកាបូប​ បាន​ជួបនូវបញ្ហា​យ៉ាងខ្លាំង ដែលវា​បានធ្វើឲ្យ​រោងចក្រ​កាត់ដេរ​ប្រមាណជាង ១៣០ រោងចក្រ​ហើយ​នៅកម្ពុជា​បាន​សម្រេច​ដាក់ពាក្យ​ព្យួរ​ប្រតិបត្តិការ​ផលិត ហើយបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​កម្មករ​នយោជិតប្រមាណ ១០ម៉ឺននាក់ផងដែរ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា «នៅពេលដែល​ប្រទេស​នៅអឺរ៉ុប និង​អាមេរិក​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ គេបិទទីផ្សារ​ គេបិទចរាចរណ៍​ធ្វើឲ្យ​តម្រូវការ​សម្លៀក​បំពាក់​ឬមួយក៏ស្បែកជើង​ ឬមួយក៏កាបូប​ក៏ដូចជា​ផលិតផល​ដដៃ​ផ្សេងទៀតនោះ គឺថា ត្រូវបាន​កាត់បន្ថយ​ជា​គំហុក​ផងដែរ។»

ឯកឧត្តម​បន្ថែមថា «ហើយតាមរយៈ​ការធ្លាក់ចុះ​នៃតម្រូវការ​នៃទីផ្សារ​របស់យើងនេះ ធ្វើឲ្យរោងចក្រ​ផ្នែកកាត់ដេរ​និងស្បែកជើង​មួយចំនួន​ធំដែរ បានដាក់ពាក្យ​សុំព្យួរ ដោយគិតមកដល់​ពេលនេះ​ មានរោងចក្រ​ជាង ១៣០ បានដាក់ពាក្យព្យួរ​ ហើយដែលមាន​បងប្អូន​កម្មករ​និយោជិត​ជិត​១០ម៉ឺន​នាក់​បានរង​ផលប៉ះពាល់​ពីការព្យួរនេះ។»

យ៉ាងណាក៏ដោយចុះ បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងាររូបនេះ មានរោងចក្រ​ដែលបាន​ដាក់ពាក្យព្យួរភាគច្រើន គឺពួកគេ​មិនចង់ព្យួរទេ គឺចង់បិទ​រោងចក្រតែម្ដង ប៉ុន្ដែ ដោយសារតែ​មានការ​អន្តរាគមន៍ពី​រាជរដ្ឋាភិបាល​តាមរយៈ​ការផ្ដល់​ការលើកទឹកចិត្ត និងការ​សម្របសម្រួល​ធ្វើឲ្យយ៉ាងណា​ឲ្យ​កម្មករ​និយោជិត​ទទួលបាន​អត្ថប្រយោជន៍​នៅអំឡុងពេល​ដ៏លំបាកនេះ​ ទើបធ្វើឲ្យថៅកែរោងចក្រ​សម្រេចចិត្ត​ដាក់ពាក្យ​ព្យួររោងចក្រ​ជំនួសវិញ។

ឯកឧត្តម ហេង សួរ​អះអាង​យ៉ាងដូច្នេះ «ធាតុពិត​រោងចក្រ​ដែលបាន​ដាក់ពាក្យ​ព្យួរនេះ តាមស្ថានភាព​ជាក់ស្ដែង​ ចង់បិទ​ច្រើនជាងព្យួរ​ ក៏ប៉ុន្ដែ​តាមរយៈ​ការ​គេហៅថា​ពិភាក្យាគ្នា ដើម្បីរក​នូវ​គេហៅថា ផលចំណេញ​ ទោះបីជាយើងខាត ប៉ុន្ដែ​ធ្វើឲ្យម៉េច​កុំឲ្យវា​ខាត​ទាំងស្រុង ធ្វើម៉េច​ឲ្យមាន​ផលចំណេញខ្លះ​នៅលើដៃបងប្អូន​កម្មករ​និយោជិត​ គឺរាជរដ្ឋាភិបាល​សុខចិត្ត​លើកទឹកចិត្ត​ឲ្យរោងចក្រ​ទាំងអស់នោះ​មក​ត្រឹម​ជាការព្យួរវិញ​ ដោយសារតែក្នុងពេលព្យួរនេះ មានន័យថា​បងប្អូន​មិនទាន់​បាត់បង់​ការងារ​នៅឡើយទេ  លើកលែងតែ​​រោងចក្រ​ហ្នឹងបិទ ​អាហ្នឹងមានន័យថា​គាត់បាត់បង់ការងារ​រហូត។ ប៉ុន្ដែការព្យួរ មានន័យថា គាត់​គ្រាន់តែមិនមក​ធ្វើការងារ​នៅក្នុងរយៈពេល​ព្យួរហ្នឹង​ ហើយនៅក្នុងរយៈពេល​ព្យួរហ្នឹង​គាត់បាន​អត្ថប្រយោជន៍​ខ្លះ​ពីរោងចក្រ ហើយរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​នូវទឹកប្រាក់ចំនួន ៤០ដុល្លារ ពីលើលទ្ធភាព​ដែលរោងចក្រ​អាច​ផ្ដល់ជូន​បងប្អូន​នៅក្នុងពេលដែលព្យួរនេះ។»

បើតាម​ក្រសួងការងារ រាជរដ្ឋាភិបាល​បាន​សម្រួល​ដល់​ថៅកែ​រោងចក្រដូចជា​ការលើកលែងផ្នែកប្រាក់ពន្ធ ការសម្រួល​លើកលែង​ការ​បង់វិភាគទាន​ បសស និងផ្នែកផ្សេងៗទៀត។

បើតាម​ឯកឧត្តម ហេង សួរ សម្រាប់​រយៈពេល ២ ទៅ៣ខែខាងមុខនេះ ខាងរោងចក្រ​កាត់ដេរ​នៅកម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ​ពី​អ្នកបញ្ជាទិញ​ពិសេស ពីប្រទេស​នៅសហភាព​អឺរ៉ុប និងអាមេរិក​នៅឡើយទេ។

ដោយឡែក​ចំពោះការនាំចេញ​ផលិតផល​ក្នុងវិស័យ​កាត់ដេរនៅត្រីមាសទី១​ឆ្នាំនេះដែរ ត្រូវបាន​ឯកឧត្តម ហេង សួរ​អះអាងថា គឺមានគឺអាចមាន​ប្រមាណ ៨០% នៃ​ត្រីមាសទី​១នៅឆ្នាំ២០១៩ ហើយសម្រាប់ត្រីមាសទី២ វិញអាចនឹង​ការនាំចេញ​អាច​នឹងថយចុះ​ជាង ៥០%។

សូមបញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល និងខាងថៅកែ​រោងចក្រ​បាន​យល់ព្រម​ឯកភាព​គ្នា​ក្នុងការ​ផ្ដល់​ប្រាក់បៀវត្សរ៍​ជូនដល់​កម្មករ​និយោជិត​ដែលត្រូវបានព្យួរការងារ​ក្នុងមួយចំនួន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករម្នាក់​ ដោយក្នុងនោះ​រាជរដ្ឋាភិបាល​ជួយ ៤០ ដុល្លារ និង​ថៅកែរោងចក្រ​ចេញ ៣០ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ មានពលករជិត៩ម៉ឺននាក់ត្រលប់មកកម្ពុជាវិញ តែមិនទាន់រកឃើញករណីឆ្លងកូវីដ-១៩ នៅឡើយទេ

ព័ត៌មាន
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតនៅថ្ងៃទី ២៧ ខែមេសានេះ ពលករដែលបានចូលមកកាន់ប្រទេសកម្ពុជាមានចំនួនជិត ៩ម៉ឺននាក់ហើយ។ ពលករទាំងអស់នេះ សុទ្ធ…

សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាង៣០០គ្រួសារត្រូវការដើមទុនពង្រីកការចិញ្ចឹមសត្វបន្ថែម

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា សមាជិករបស់ខ្លួន ប្រមាណជាង ៣០០ គ្រួសារ ក៏ដូចជាកសិដ្ឋានបានធ្វើការត្អូញត្អែរអំពាវនាវទៅដល់ធនាគារអភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ