នៅជុំវិញសកលលោក ទឹកប្រាក់ដែលឧក្រិដ្ឋជនបានលាងសម្អាត ត្រូវបានគេប៉ាន់ស្មានថា មានប្រមាណពី ២ ទៅ ៥ភាគរយ នៃផលិតផលក្នុងស្រុករបស់សកលលោក ឬប្រមាណពី ៨០០ ប៊ីលាន ទៅ ២ទ្រីលានដុល្លារក្នុង១ឆ្នាំ។ នេះយោងតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយប្រើប្រាស់តួលេខការិយាល័យអង្គការសហប្រជាជាតិ។
លោក ជា ចាន់តូ បាននិយាយអំពីយុទ្ធសាស្រ្តជាតិដែលមានចំនួន៦២ទំព័រ យ៉ាងដូច្នេះថា ៖ «ទិន្និន័យនេះបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថិរភាពសង្គមនិងសេដ្ឋកិច្ចដែលរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយ ត្រូវយកចិត្តទុកដាក់ទប់ស្កាប់និងបង្រ្កាប ឲ្យបានទាន់ពេលវេលា តាមរយៈការស្វែងរកបទល្មើសដើម្បីបង្កកនិងរឹបអូសផលនិងឧបករណ៍នៃបទល្មើសទាំងនេះ។»
កាលពីខែកុម្ភ:កន្លងទៅ អង្គការឃ្លាំមើលការលាងលុយកខ្វក់ (FATF) បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីតាមដាន ដោយសារតែមានការព្រួយបារម្ភថា ប្រទេសនេះងាយរងគ្រោះដោយសារការលាងលុយកខ្វក់។
យោងតាមយុទ្ធសាស្រ្តជាតិ ២០១៩-២០២៣ គោលបំណងមាន ១០សំខាន់ៗ រួមមាន គ្រប់គ្រងហានិភ័យ, ផ្តល់អាជ្ញាប័ណ្ណនិងត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុ, ស៊ើបអង្កេតនិងកាត់ទោសបទល្មើស, រឹបអូសផលនៃសំអាងបទល្មើស, ស្វែងរកនិងលុបបំបាត់ចោលហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានសាយភាយអាវុធប្រល័យលោក។
ខណ:ដែលយុទ្ធសាស្រ្តជាតិថ្មីនេះ មានអ្នកចូលរួម ៧០រូបមកពីក្រសួង ស្ថាប័ន ចំនួន២២ យុទ្ធសាស្រ្តជាតិចាស់បានផុតកំណត់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
កាលពីចុងខែមីនា ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានិងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ប្រទេសកម្ពុជាបានវាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ នៅឆ្នាំ២០១៦ ស្តីពីការប្រឆាំងការលាងលុយកខ្វក់និងហិរញ្ញប្បទានភេវរកម្ម ដោយបានរកឃើញថា ហានិភ័យការសំអាតប្រាក់នៅកម្ពុជាមានកម្រិត«មធ្យមខ្ពស់។»
កត្តាដែលមានទម្ងន់ធ្វើឲ្យហានិភ័យកើនខ្ពស់ដោយសារសេដ្ឋកិច្ចដុល្លារូបនីយកម្ម និងការប្រើប្រាស់សាច់ប្រាក់សុទ្ធច្រើន, ការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការច្រើន, ការរីកលូតលាស់វិស័យអចលនទ្រព្យនិងវិស័យល្បែងស៊ីសងតាមកាស៊ីណូ។
របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិនោះ បានកំណត់វិស័យ៤ដែលងាយរងគ្រោះខ្លាំងជាងគេ មានដូចជា វិស័យធនាគារ, វិស័យផ្ទេរប្រាក់, វិស័យកាស៊ីណូ, និងវិស័យអចលនទ្រព្យ ដែលមានកម្រិតគំរាមគំហែងនៃការសំអាតប្រាក់«មធ្យមខ្ពស់។»
ចំពោះវិស័យអចលនទ្រព្យនិងកាស៊ីណូ របាយការណ៍បាននិយាយថា «អាជ្ញាធរត្រូវវាយតម្លៃហានិភ័យសំអាតប្រាក់នៃវិស័យនេះ ដើម្បីកំណត់ពីភាពងាយរងគ្រោះ និងរៀបចំយន្តការត្រួតពិនិត្យនិងបញ្ញត្តកម្មដើម្បីគ្រប់គ្រងនិងកាត់បន្ថយហានិភ័យទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។»
យោងតាមការវាយតម្លៃដដែល ហានិភ័យហិរញ្ញប្បទានភេវរកម្មនៅកម្ពុជាមានកម្រិតទាប ខណ:ដែលមិនទាន់មានការវាយតម្លៃលើវិស័យអង្គការមិនរកប្រាក់ចំណេញនៅឡើយទេ៕