អ្នកជំនាញរំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជា-វៀតណាមបានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ប្រចាំឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
កម្ពុជារំពឹងថា តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជា តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម លំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ហាណូយគឺជាទីក្រុងដ៏ធំ និងសំខាន់មួយនៅក្នុងតំបន់អាស៊ាន ដូច្នេះតាមរយៈការតភ្ជាប់ការហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាបនេះ វាមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ដ្បិតថា ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាបនេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរជនជាតិវៀតណាម ឱ្យចូលមកកម្ពុជាប៉ុណ្ណោះទេ តែវាក៏អាចទាក់ទាញភ្ញៀវទេសចរពីប្រទេសផ្សេងទៀតចូលមកកម្ពុជាផងដែរ ជាពិសេសភ្ញៀវទេសចរជនជាតិឥណ្ឌា រុស្សី និងប៉ូឡូញជាដើម ពីព្រោះថា អាកាសយានដ្ឋាននៅទីក្រុងហាណូយ ក៏មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសទាំងនោះផងដែរ។
បើតាមអ្នកជំនាញរូបនេះ ភ្ញៀវទេសចរវៀតណាមជាច្រើនបានចូលមកកម្ពុជាកន្លងមក ភាគច្រើនចូលមកតាមរយៈច្រកព្រំដែននានា ហើយក្នុងនោះ ក៏មានចូលមកតាមរយៈជើងហោះហើរត្រង់ពីទីក្រុងសៃហ្គន មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានសៀមរាបផងដែរ។
គួរជម្រាបដែរថា កាលពីថ្ងៃទី១ខែធ្មូ ឆ្នាំ២០២៣កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងបាងកកប្រទេសថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Thai Airways។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរវៀតណាម គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ក្នុងចំណោមភ្ញៀវទេសចរសរុប ដែលកម្ពុជាទទួលបានក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ពោលគឺកម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាម ជាង៨២ម៉ឺននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កើនឡើងប្រមាណ ១៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕