វិបត្តិនៅអ៊ុយក្រែនបន្តក្តៅគគុក

វិបត្តិអ៊ុយក្រែន៖ បៃឌិននិយាយទូរសព្ទមួយម៉ោងជាមួយពូទីន ប៉ុន្ដែមានតែការព្រមានដាក់គ្នាប៉ុណ្ណោះ


ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានព្រមានខ្លាំងៗទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តាមរយៈការសន្ទនាតាមទូរសព្ទអស់រយៈពេលមួយម៉ោងនាចុងសប្ដាហ៍មុនេះ។ លោកបៃឌិននិយាយថា បើមានការឈ្លានពានអ៊ុយក្រែនពីរុស្សីពិតមែន រុស្សីប្រាកដណាស់ នឹងទទួលបានតបស្នងដ៏អាក្រក់បំផុតត្រឡប់ទៅវិញ នៅក្នុងកិច្ចសហប្រតិបត្តិការពីសម្ព័ន្ធមិត្តអឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
វិបត្តិនៅអ៊ុយក្រែនបន្តក្តៅគគុក
ដោយ

មន្ត្រីសេតវិមានអាមេរិក ប្រាប់អ្នកសារព័ត៌មានថា លោក Biden បានព្រមានទៅលោក Putinថា ការលុកលុយទៅលើអ៊ុយក្រែន នឹងបង្កើតឱ្យមានការប៉ះពាល់រីករាលដាលពាសពេញពិភពលោក ហើយវាក៏នឹងប៉ះពាល់ដល់មុខមាត់រុស្ស៊ីលើឆាកអន្តរជាតិផងដែរ។ ប្រមុខដឹកនាំក្រុងវ៉ាស៊ីនតោនបន្តព្រមានទៀតថា ទោះបីជាផ្លូវការទូតនៅតែបើកចំហរ ប៉ុន្តែសេណារីយ៉ូផ្សេងទៀតរួមមាន ទណ្ឌកម្ម និងការបញ្ជូនទ័ពរបស់សម្ព័ន្ធមិត្តមកក្នុងតំបន់អឺរ៉ុបក៏នៅបន្តធ្វើដូចគ្នាដែរ។ សម្រាប់ទណ្ឌកម្មវិញ លោកបៃឌិនបានបង្ហើបឲ្យលោកពូទីនដឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្ថិតក្នុងចំណោមជម្រើសដែលគេកំពុងពិចារណា។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបញ្ជូនទ័ព៣ពាន់នាក់បន្ថែមទៀតទៅប្រទេសប៉ូឡូញ។ សម្រាប់សេតវិមាន អឺរ៉ុបកំពុងស្ថិតក្នុងភាពគ្រោះថា្នក់ជាងពេលណាៗទាំងអស់គិតចាប់ពីសង្គ្រាមត្រជាក់ចប់មក។

យ៉ាងណាមិញ បើតាមប្រភពរបស់វិមានក្រឹមឡាំងឲ្យដឹងថា លោកពូទីន បានប្រាប់លោក បៃឌិនអំឡុងការជជែកគ្នាតាមទូរសព្ទថា សហរដ្ឋអាមេរិកមិនបានយកការទាមទារដែលរុស្សីព្រួយបារម្ភពីបញ្ហាសន្តិសុខសំខាន់ៗមកពិចារណានោះទេ ហើយបានព្រមានថាទីក្រុងម៉ូស្គូនឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ។

គួររំឭកថា ការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់នេះ ជាការជួបជជែកគ្នាលើកដំបូងហើយរវាងមេដឹកនាំទាំងពីរចាប់តាំងពីការនិយាយគ្នាលើកចុងក្រោយកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំទៅមិញ។

កាលពីចុងសប្តាហ៍មុននេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាឱ្យបុគ្គលិកអាមេរិកដែលធ្វើការនៅស្ថានទូតក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញពីប្រទេសនេះភ្លាមៗ ខណៈដែលរុស្ស៊ីក៏បានប្រាប់បុគ្គលិកការទូតមួយចំនួននៅទីនោះឲ្យចាកចេញផងដែរ។ មិនមែនតែអាមេរិកនោះទេ សូម្បីអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្ត ក៏កំពុងជម្លៀសមន្ត្រីស្ថានទូតរបស់ខ្លួនពីទីក្រុងកៀវដែរ ស្របពេលដែលស្ថានភាពនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនឡើង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន បានអំពាវនាវឱ្យប្រទេសចិនកុំនៅស្ងៀមស្ងាត់ចំពោះមុខវិបត្តិមួយនេះ ដោយបានស្នើឲ្យជួយចេញមុខអំពាវនាវឲ្យរុស្សីបន្ធូរបន្ថយភាពតានតឹងដែលមិនទាន់បានស្រាកស្រាន្តសោះមកទល់ពេលនេះ ទោះបីមានជំនួបចរចា និងពិភាក្សាគ្នារាប់មិនអស់ហើយក្តី ប៉ុន្ដែកន្លងមកចិនបានចេញមុខឆ្លើយតបថា ចិនមិនមានសិទ្ធិអ្វីក្នុងការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ីនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតប្រេងធំៗរកបានប្រាក់ចំណេញកប់ក្តោង ស្របពេលតម្លៃប្រេងកើនឡើង

ព័ត៌មាន
ការកើនឡើងតម្លៃថាមពល បាននាំមកនូវប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនប្រេងសំខាន់ៗដែលភាគច្រើនជាក្រុមហ៊ុនមកពីលោកខាងលិច។ ជាមួយគ្នានេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ