ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម

ផែនការពង្រីកទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ទទួលបានបរាជ័យ


រហូតមកដល់ចុងឆ្នាំ ២០១៨នេះទៅហើយ នៅឡើយ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង វៀតណាម នៅតែពុំទាន់សម្រេចបានទៅតាមផែនការ គោលដៅកំណត់របស់រដ្ឋាភិបាលទាំងពីរនៅឡើយទេ។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)
ដោយ

រដ្ឋាភិបាលប្រទេស​ទាំងពីរ កម្ពុជា និងវៀតណាម​ ធ្លាប់​បាន​កំណត់គោល​ដៅ​បង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងគ្នា ឲ្យបាន​កើន​ដល់ទៅ ៥ពាន់​លាន​ដុល្លារ​អាមេរិក នៅត្រឹម​បំណាច់ឆ្នាំ ២០១៥ ប៉ុន្តែ រហូត​មកដល់​ក្នុង​ឆ្នាំ ២០១៧ ក៏នៅតែ​មិនបាន​សម្រេច​តាម​ទិសដៅ ពោលបានត្រឹម​តែ ៣,៨​ពាន់លាន​​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ 

រហូតមក​ដល់ ៧ខែ ដើមឆ្នាំ​ ២០១៨នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និងប្រទេស​វៀតណាម​សម្រេច​បាន​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ​អាមេរិក ឃើញថា កើនឡើង​ប្រមាណ ១៨ភាគរយ បើធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ មិនទាន់​ដល់​គោលដៅ​នោះទេ។ នេះបើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់ ក្រសួងពាណិជ្ជកម្ម។

ជុំវិញទៅនឹងការ​ដែលមិន​ទទួល​បាន​ជោគជ័យ​នៅទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យបាន​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ត្រឹម​ឆ្នាំ​២០១៥ មិនមាន​ហេតុផលណា​មួយ​ច្បាស់​លាស់​ដែលត្រូវ​បកស្រាយ​នោះទេ ប៉ុន្តែបើ​តាម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​អំពាវ​នាវសុំឲ្យ​វិស័យ​ឯកជន​កម្ពុជា-វៀតណាម ខិតខំ​បង្កើន​ការវិនិយោគ​ទៅវិញ​ទៅមក​ ដើម្បីឈាន​ទៅសម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៥ពាន់​លាន​ដុល្លារ​អាមេរិក ដែលបាន​កំណត់​កាល​ពីឆ្នាំ ២០១៥ និង កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​នៃប្រទេស​ទាំងពីរ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បានគូស​បញ្ជាក់​ទៀតថា បច្ចុប្បន្ន​វៀតណាម គឺជាដៃ​គូ​វិនិយោគ​ធំលំដាប់​ ទី៥ របស់​កម្ពុជា ក្នុងនោះ ការវិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម នៅប្រទេស​កម្ពុជា មានប្រមាណ ២០៦គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង ៣ពាន់លាន​ដុល្លារ​អាមេរិក ​ខណៈក្រុមហ៊ុន​របស់​កម្ពុជា វិនិយោគ​នៅប្រទេស​វៀតណាម មានត្រឹម​តែ ១៨គម្រោង មានទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ជិត ៦០លានដុល្លារប៉ុណ្ណោះ។

សូមបញ្ជាក់ថា មុខទំនិញ​សំខាន់ៗដែល​ប្រទេស​វៀតណាម នាំចូល​មកកាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០១៧ មានដូចជា គ្រឿងសម្ភារ​សំណង់ ដែកថែប និង ដែក​ផ្សេងៗ តម្លៃជាង​ ៥០០លានដុល្លារ ប្រេងឥន្ធនៈ​តម្លៃជិត ៤០០លាន​ដុល្លារ និង ជីកសិកម្ម សម្លៀក​បំពាក់ គ្រឿងម៉ាស៊ីន និង ផលិតផល​ប្លាស្ទិក។

ដោយឡែក មុខទំនិញ​សំខាន់ៗ​របស់​កម្ពុជា ដែលនាំចេញ​ទៅ​វៀតណាម ភាគច្រើន ជាឈើហុប និងផលិតផល​ធ្វើពី​ឈើ ដែលមាន​តម្លៃ​ជាង ២០០លានដុល្លារ ស្វាយ​ចន្ទី​តម្លៃ​ជិត ១៧០​លានដុល្លារ និងកៅស៊ូ​តម្លៃ​ជាង ១៣០លានដុល្លារ​ និង ស្រូវ ជាដើម។

គួរបញ្ជាក់​ជា​ថ្មីថា កាលពីឆ្នាំ ២០១៧ ការដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងវៀតណាម មានទំហំជា​ទឹកប្រាក់​ប្រមាណ ៣.៨០០ លានដុល្លារ គឺកើន​ឡើង​ជិត ៣០ភាគរយ បើ​ប្រៀប​ធៀបនឹង​ឆ្នាំ ២០១៦ កន្លងទៅ៕




អត្ថបទបន្ទាប់


ឧកញ៉ា វេជ្ជ.គួច ម៉េងលី និពន្ធសៀវភៅពីរក្បាលបង្កប់យុទ្ធសាស្ត្រធ្វើជំនួញ និងការអប់រំ

ភ្នំដងរ៉ែក ទីពុំអាចភ្លេច និង១០៨ ចក្ខុវិស័យ គួច ម៉េងលី ជាឈ្មោះជាសៀវភៅ២ក្បាលដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េង…

វៀតណាម ដាក់គោលដៅ ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណូលប្រជាជនម្នាក់ នៅត្រឹមឆ្នាំ ២០៣៥

នៅឆ្នាំ ២០៣៥ ខាងមុខនេះ ប្រទេសវៀតណាម បានដាក់គោលដៅថា នឹងបង្កើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ឲ្យបានដល់ ១ម៉ឺនដុល្លារអាមេរិក ដែលចំនួនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ