បើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ការខ្ចីនេះ គឺខ្ចីមកប្រើឲ្យមានមាយាទ ប្រើឲ្យចំគោលដៅ ប្រើក្នុងភាពជាម្ចាស់ ដូចដែលកម្ពុជាធ្លាប់បានធ្វើនាពេលកន្លងមក ពោលគឺមិនមែនខ្ចីមកប្រើមិនដឹងមុខមាត់ខុសទិសតំបន់នោះទេ។
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងនាពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ កម្ពុជា នឹងមានគម្រោងនៅក្នុងការខ្ចីថវិកាបន្ថែមទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាក៏គ្រោងសាកល្បងខ្ចីកម្ចីនៅក្នុងស្រុកផងដែរ ដែលកន្លងមក កម្ពុជាភាគច្រើន តែងតែខ្ចីបំណុលពីក្រៅស្រុកតែប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ចីដែលបានមកទាំងអស់នោះ គឺត្រូវយកមកប្រើប្រាស់ឲ្យចំមុខ ប្រើឲ្យមានមាយាទ ក្នុងភាពជាម្ចាស់ ដើម្បីឲ្យការប្រើប្រាស់កម្ចីមានប្រសិទ្ធភាពសម្រាប់ជំរុញដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងស្ថាប័នក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការចំណាយ និង បង្កើនប្រសិទ្ធភាពការងារផងដែរ។
គិតត្រឹមត្រីមាសទី១ឆ្នាំ២០២១ កម្ពុជាមានជាប់ជំពាក់បំណុលបរទេសសរុបកើនដល់ជាង៩ពាន់លានដុល្លារអាមរិក ដែលបានកើនឡើនពីចំនួនជាង ៨ពាន់៨រយលានដុល្លារអាមេរិកកាលពីចុងឆ្នាំ២០២០។ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្ដីព្រាងច្បាប់លើការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញថា ក្នុងចំណោមបំណុលបរទេសសរុបដែលប្រទេសកម្ពុជាបានជំពាក់ ក្នុងនោះ កម្ពុជាខ្ចីពីប្រទេសចិនប្រមាណជិត៤៤% ខណៈខ្ចីពីពហុភាគីផ្សេងទៀតមានជាង៣០% និង សល់ប៉ុន្មានជាបំណុលដែលខ្ចីពីប្រទេសមួយចំនួនទៀត។
សូមបញ្ជាក់ដែរថា ស្ថិតនៅក្នុងបរិការណ៍កូវីដ-១៩ ផ្ទុះរាលដាលកាន់តែខ្លាំងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានការចំណាយកាន់តែច្រើនផងដែរ ពិសេសការចំណាយដើម្បីប្រយុទ្ធទប់ទល់នឹងកូវីដ-១៩ និង ការស្ដារសេដ្ឋកិច្ចឡើងវិញ។ បើទោះបីជាការចំណាយច្រើន ដែលធ្វើឲ្យឱនភាពថវិកាមានការរីកធំក៏ដោយចុះ ប៉ុន្ដែ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់អះអាងថា ការរីកធំនៃឱនភាពថវិកានេះ មិនទាន់ជាបញ្ហាធំដុំសម្រាប់រាជរដ្ឋាភិបាលនោះទេ ដោយសារតែតម្រូវការថវិកាបន្ថែមនេះ នឹងត្រូវបំពេញមកវិញតាមរយៈការបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលនឹងអនុញ្ញាតឲ្យកម្ពុជាបន្ដគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ប្រកបដោយទំនុកចិត្ត ភាពរឹងមាំ និង ភាពជាម្ចាស់ការខ្ពស់៕
អត្ថបទ៖ ហួន ស្រីនីត