Advertisement
Advertisement
Advertisement
វិធានការណ៍​សង្គ្រោះកម្មករ​កាត់ដេរ អំឡុងពេលវិបត្តិ Covid-19

ក្រសួងការងារអះអាងថា “កំពុងរៀបចំវិធានការថ្មី” ដើម្បីសង្គ្រោះកម្មករ-និយោជិត ដែលត្រូវបានព្យួរការងារ


មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីៈ បានអះអាងនាពេលថ្មីៗនេះថា ខាងក្រសួង “កំពុងរៀបចំវិធានការថ្មី” ដើម្បីជួយសង្គ្រោះដល់កម្មករ-និយោជិតរោងចក្រកាត់ដេរ ដែលបានបាត់បង់ការងារ ព្រោះតែរោងចក្របានព្យួរប្រតិបត្តិការផលិតជាបណ្ដោះអាសន្ន ដោយសារតែបញ្ហាផ្ទុះរាលដាលនៃ Covid-19។
កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ចេញពីធ្វើការ។ រូបថតសហការី
ដោយ
Advertisement

បើ​​គិតមកទល់​ថ្ងៃទី ០២ ខែមេសា​ មានរោងចក្រ​ចំនួន ជាង ៩០​រោងចក្រហើយ ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​ផលិត​របស់ខ្លួន និងមានកម្មករ​និយោជិត​ប្រមាណជាង ៦ម៉ឺននាក់ បាន​រងផលប៉ះពាល់​ការងារ។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ឲ្យដឹងថា វិធានការ​សម្រាប់​​ដាក់ចេញ​ជួយដល់​កម្មករ-និយោជិត​រោងចក្រ​កាត់ដេរ នៅអំឡុងពេល​មាន​វិបត្តិ​ Covid-19 នេះ គឺត្រូវ​ធ្វើឡើង​ទៅតាមដំណាក់កាល ដោយ​កាលពីមុន​វិធានការទី១ ដែលខាង​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងការងារ បានដាក់ចេញ​ដើម្បី​ជួយដល់​កម្មករ​រោងចក្រ​កាត់ដេរ​ ដែលរង​ផលប៉ះពាល់​ដោយសារ​ការព្យួរការងារនោះ គឺផ្អែកទៅលើ​ស្ថានភាព​ Covid-19 មិនទាន់​ក្លាយជា​បញ្ហា​សកល។ ប៉ុន្ដែ ឥឡូវនេះ ក្រសួង​ការងារ កំពុង​ពិនិត្យ​ទៅលើវិធានការថ្មីទៀត ដើម្បីដោះស្រាយ​បញ្ហា​ទាំងនេះ ស្របតាម​ការវិវត្ត​នៃ​សភាពការណ៍​។

ឯកឧត្តម ហេង សួរ បញ្ជាក់យ៉ាងដូច្នេះថា « វិធានការគឺមាន ដំណាក់កាល។ វិធានការទី១ គឺផ្អែកទៅ​លើស្ថានភាព​កូវីដ មិនទាន់ក្លាយជាបញ្ហាសកល។ ឥឡូវនេះយើង​កំពុងពិនិត្យ​ទៅលើ​វិធានការថ្មី។»

នៅពេលដែលត្រូវបានសួរថា តើ​វិធានការនេះ នឹងរួចរាល់ ដាក់ចេញ​នៅពេលណានោះ? ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ដោយខ្លីថា “កំពុងរៀបចំ”។

បើតាម​ក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ គិតមកទល់ថ្ងៃទី ០២ ខែមេសានេះ មានរោងចក្រ​កាត់ដេរចំនួន ៩១ហើយ ដែលត្រូវបានព្យួរ​ការងារ​កម្មករ ហើយក្នុងនោះ កម្មករ​និយោជិត​ដល់ទៅ​ប្រមាណ ៦១.៥០០ នាក់​ បានរង​ផលប៉ះពាល់​។

កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញ​នូវវិធានការណ៍​ដើម្បីជួយដល់​កម្មករ​ ដែលរងផលប៉ះពាល់​ ដោយសារតែ​រោងចក្រ​ផ្អាកដំណើរការ​ បណ្ដាលមកពី​កង្វះវត្ថុធាតុដើមផលិត អំឡុងពេល​មាន​ការផ្ទុះរាលដាល​នៃ Covid-19។ ក្នុងនោះ រាជ​រដ្ឋាភិបាល បាន​សម្រេច​នឹងផ្ដល់ជូន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ២០% នៃប្រាក់ខែគោល ១៩០ ដុល្លារ ​ជូនដល់កម្មករ ខណៈដែល​ ថៅកែរោងចក្រ​ត្រូវ​ផ្ដល់ជូន ៤០% បន្ថែមទៀត ដូច្នេះ កម្មករនិយោជិត​ ​នឹងត្រូវទទួល​បានសរុប ​៦០% នៃប្រាក់ខែគោល ១៩០ ដុល្លារ របស់ពួកគេ​អំឡុងពេល​ព្យួរការងារ​។ ប៉ុន្ដែ ដើម្បីទទួលបាន​ប្រាក់ឧបត្ថម្ភនេះ កម្មករ​និយោជិត ក៏តម្រូវ​ឲ្យចូលរួម​វគ្គបណ្ដុះបណ្ដាល​ខ្លី ដែលរៀបចំ​ដោយក្រសួងការងារផងដែរ។

អ្នកជំនាញ​ក្នុងវិស័យកាត់ដេរ​មួយរូប បានលើកឡើង ដោយស្នើសុំ​មិនបញ្ចេញឈ្មោះ បាន​ឲ្យដឹងថា រដ្ឋាភិបាល​គួរតែលុបចោល នូវលក្ខខណ្ឌ​នៃការតម្រូវ​ចូលរួម​វគ្គបណ្ដុះបណ្ដាលខ្លី​នេះចោលទៅ ដើម្បីឲ្យ​កម្មករ​និយោជិត ងាយទទួលបាន​ប្រាក់ឧបត្ថម្ភ។

អ្នកជំនាញ​គូសបញ្ជាក់ថា «លក្ខខណ្ឌតម្រូវនេះ វាមានការពិបាក​សម្រាប់​អនុវត្ត ដោយ​សារ​មិនដឹងថា វគ្គបណ្ដុះ​បណ្ដាលហ្នឹង​និយាយពីអ្វីខ្លះ នៅកន្លែងណា អាចចាប់ផ្ដើម​បាននៅពេលណានោះទេ។ ម្យ៉ាងទៀត ទាក់ទង​នឹង​សមត្ថភាព​នៃ​មជ្ឈមណ្ឌល​ ឬវិទ្យាស្ថានបណ្ដុះបណ្ដាល ក៏មិនសូវជាមានច្រើន ព្រោះ​គ្រឹះស្ថាន​មួយចំនួន​​ត្រូវបានផ្អាកដំណើរ​ការ ខណៈដែល​កម្មករ​​មានរាប់សែននាក់។»

«អ្វីដែល​សំខាន់នោះ ជាវិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃមេរោគ Covid-19 រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ​បានអំពាវនាវ​ ហាម​​ការជួបជុំ​ដែល​មាន​មនុស្សច្រើន។ ដូច្នេះ វាអាច​នឹង​ធ្វើឲ្យ​កម្មករ​ពិចារណា​នឹង​បោះបង់សិទ្ធិ ក្នុងការទទួល​ប្រាក់បឧបត្ថម្ភនេះ។» នេះបើតាម​ការបញ្ជាក់​របស់អ្នកជំនាញ ក្នុង​វិស័យកាត់ដេរ។​

Advertisement

ជុំវិញ​នឹង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​កម្មករ​ចូលរួម​វគ្គបណ្ដុះបណ្ដាល​ខ្លី ដែលរៀបចំដោយ​រាជរដ្ឋាភិបាល ទើបទទួល​បានឧបត្ថម្ភនេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា អះអាងថា ខាង​ថ្នាក់បច្ចេកទេស​នៃសមាគម បាន​​ពិភាក្សា​អំពីរឿងនេះរួចហើយ ដោយ​​មិនទាមទារ​ឲ្យ​មាន​ភ្ជាប់​លក្ខខណ្ឌ​បណ្ដុះ​បណ្ដាល​ទេ។

លោក កាំង ម៉ូនីកា លើកឡើងយ៉ាងដូច្នេះ «ថ្នាក់បច្ចេកទេសគឺយើង​បាន​ពិភាក្សា​គ្នាហើយ ដោយមិន​មានភ្ជាប់​លក្ខខណ្ឌ​បណ្តុះបណ្តាលទេ។ នៅពេលនេះ​រងចាំសេចក្តីសម្រេច​ចុងក្រោយ​ពីថ្នាក់ដឹកនាំ»។

យ៉ាងណាក៏ដោយចុះ សម្រាប់ខែ មេសា និងឧសភា ឆ្នាំ២០២០នេះ រោងចក្រ​កាត់ដេរ​មិនមានលទ្ធភាព​បើកប្រាក់ឧបត្ថម្ភ ៤០% ជូនដល់កម្មករ ក្នុងអំឡុងពេល​ផ្អាកការងារ​បណ្ដោះអាសន្ន បាននៅឡើយទេ ដោយសារ​ការលក់​សម្លៀក​បំពាក់​នៅ​អាមេរិក អឺរ៉ុប និង​កាណាដា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូវីដ​១៩។ នេះបើតាម​ការអះអាង​របស់ លោកកាំង ម៉ូនីកា អគ្គលេខាធិការរង​នៃសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា។

ជុំវិញ​​រឿងដែល​រោងចក្រ​មិនមានលទ្ធភាព​បើកប្រាក់ឧបត្ថម្ភ​៤០% ឲ្យកម្មករនិយោជិតនេះដែរ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួងការ បានគូស​បញ្ជាក់ខ្លីថា «រោងចក្រ​បានបើក​ផ្ដល់​ [ប្រាក់ឧបត្ថម្ភ] ៤០% [ដល់កម្មករ] រដ្ឋ​នឹង​ផ្ដល់​ជូន២០%»។

យ៉ាងណាក៏ដោយចុះ លោកកាំង ម៉ូនីកា គូសបញ្ជាក់ថា ចក្រតែងតែ​អនុវត្តតាម​បទបញ្ញត្តិ​ដែល​រដ្ឋាភិបាល​​បានដាក់ចេញ។ យ៉ាងណាមិញ រឿងផ្ដល់​ប្រាក់​ឧបត្ថម្ភ ៤០% និង២០% ជូនដល់​កម្មករនិយោជិត អំឡុងពេល​ផ្អាកការងារនេះ មិនមែនជា​លក្ខខណ្ឌ​ចំណុះឲ្យ​គ្នាទៅវិញទៅមកទេ ពីព្រោះរឿងផ្ដល់​ប្រាក់ឧបត្ថម្ភ ២០% ​គឺមានភ្ជាប់​លក្ខខណ្ឌ​នៃការចូលរួម​វគ្គបណ្តុះបណ្តាល ​ដែលត្រូវរៀប​ចំឡើង​ដោយរដ្ឋាភិបាល៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណី​ជា​សះស្បើយ​មាន​០៩​នាក់​ទៀត​ហើយ ខណៈ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី​មាន​ត្រឹម​០១​នាក់

ព័ត៌មាន
ចំនួនអ្នកដែលបានជាសះស្បើយបានកើនដល់៣៤នាក់ហើយ បន្ទាប់ពីបានព្យាបាលជាសះស្បើយ០៩នាក់ទៀត និងរកឃើញករណីឆ្លងថ្មី០១ករណី កាលពីថ្ងៃទី០១ ខែមេសាន...

រោងចក្រស្រាបៀរ និងភេសជ្ជៈ តម្លៃជាង១៦០ លានដុល្លារអាមេរិក មួយទៀត នឹងបើកដំណើរការនៅកម្ពុជា

ព័ត៌មាន
កម្ពុជា នឹងមានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈធំមួយទៀត ដែលមានតម្លៃវិនិយោគប្រមាណ ១៦០,៦ លានដុល្លារអាមេរិក ខណៈដែលគម្រោងរោងចក្រមួយនេះ ទើបត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ