ទំហំនៃថវិកាកម្ពុជាចំណាយលើជំងឺកូវីដ១៩

តើកម្ពុជានឹងចំណាយប៉ុន្មាននៅឆ្នាំ២០២១ ដើម្បីប្រយុទ្ធទប់ទល់នឹងកូវិដ-១៩ ហើយឆ្នាំក្រោយត្រៀមប៉ុន្មានបន្ថែមទៀត?


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃថវិកាចំណាយអន្តរាគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាចនឹងកើនឡើងដល់ប្រមាណ ១.៤៥៤ លានដុល្លារអាមេរិក ខណៈដែលច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដាក់ចេញកញ្ចប់ថវិកាអន្តរាគមន៍ក្នុងទំហំ ៧១៩លានដុល្លារ។
ទិដ្ឋភាពប្រជាជនទទួលអំណោយពីរាជរដ្ឋាភិបាល

ការ​កើនឡើង​ទំហំ​ចំណាយ​នេះ ក៏​ដោយសារ​តែ​មាន​ករណី​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​កើនឡើង ពិសេស​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា ខណៈ​ដែល​នៅ​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​ត្រៀម​នឹង​ចំណាយ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការ​ឈ្វេងយល់​អំពី​ការ​កសាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយ​ហិរញ្ញវត្ថុ​សារ​ធារ​ណៈ សម្រាប់​ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២២ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ថ្លែង​ថា សម្ទុះ​នៃ​ការ​កើនឡើង​នូវ​ចំនួន​ករណី​នាំ​ចូល​មេរោគ​កូ​វី​ដ​១៩ ពិសេស ប្រភេទ​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​(Delta) នឹង​ធ្វើ​ឲ្យ​ទំហំ​ថវិកា​ចំណាយ​ទៅ​លើ​ការ​អន្តរាគមន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ​អាច​នឹង​ឈាន​ទៅ​ដល់​ប្រមាណ​១.៤៥៤​លាន​ដុល្លា​អា​មេ​រិ​ក​។

នៅ​ក្នុង​នោះ មានការ​ចំណាយ​លើ​កម្មវិធី​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ អាច​ឡើង​ដល់​ប្រមាណ ៧៤០​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​គម្រោង​កាលពី​ដើមឆ្នាំ មាន​ត្រឹមតែ ៣០ លាន​ដុល្លារ​អា​មេ​រិ​ក (​នេះ​មិន​ទាន់​គិតការ​ទិញ​វ៉ាក់សាំង​) ដែល​នៅ​ពេល​នោះ កម្ពុជា​យើង​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ និង បាន​រំពឹង​ទុក​ថា ការ​ចាប់ផ្ដើម​ចាក់​វ៉ាកសាំង​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១ នឹង​ជួយ​ឲ្យ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ធូរស្បើយ​ជាង​មុន​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុន្នី​រត្ន  បាន​បន្ថែម​ទៀត​ថា ការ​កើនឡើង​យ៉ាង​គំហុក​នៃ​បន្ទុក​ចំណាយ​លើ​ផ្នែក​សុខាភិបាល និង សង្គម នឹង​ធ្វើ​ឲ្យ​ឱនភាព​ថវិកា​ឆ្នាំ​២០២១ រីក​ធំ​រហូត​ដល់ ជាង​១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ខ្ពស់​ជាង​ការ​គ្រោងទុក​ក្នុង​ច្បាប់​ថវិកា​ប្រមាណ​ជិត​២​ភាគរយ​។

ឯកឧត្តម​បណ្ឌិត វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ដែរ​ថា ចំពោះ​ថវិកា​ដែល​បាន​និង​កំពុង​ចំណាយ​នា​ពេល​កន្លង​មកនេះ មិន​ត្រឹមតែ​ប្រើប្រាស់​លើ​ការ​ទប់ទល់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ក៏​បាន​ប្រើប្រាស់​ក្នុង​ការ​ជួយ​ជំរុញ​និង​សង្គ្រោះ​ជីវភាព​ពលរដ្ឋ​ងាយ​រង​គ្រោះ​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩​ប្រមាណ ៣​លាន​នាក់​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែល​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ផ្ដល់​ថវិកា​ទៅ​លើ​ការ​ចំណាយ

ចាំបាច់​នានា សម្រាប់​ការ​ទប់ទល់​ទៅ​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ដោយ​ក្នុង សម្រាប់​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​បាន​ត្រៀម​នូវ​ការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​អន្តរាគមន៍​ក្នុង​ទំហំ​ប្រមាណ​ជិត ១.០០០ លាន​ដុល្លា​អា​មេ​រិ​ក​ទៀត សំដៅ​ទៅ​លើ​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា ព្រមទាំង​បន្ត​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច ដើម្បី​ឈាន​ទៅ​ជំរុញ​ឡើង​វិញ​ជា​បណ្ដើរ​ៗ នូវ​ក្បាលម៉ាស៊ីន​កំណើនសេដ្ឋកិច្ច​ដែល​មាន​ស្រាប់ និង​ដែល​ជា​សក្ដានុពល​ថ្មី​ៗ​ស្រប​ទៅ​តាម​បរិបទ​( គន្លង​ប្រក្រតី​ភាព​ថ្មី​)៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនបានកម្រិតណា ខណៈកូវីដ-១៩ ប្រភេទ ឌែលតា កំពុងរាតត្បាតកាន់តែខ្លាំង?

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងរក្សាបានកំណើនក្នុងរង្វង់ ២,៤%នៅឆ្នាំ២០២១នេះ ពោលគឺទាបជាងក…

ក្រុមអ្នកដាំមៀនប៉ៃលិនមិនមានក្ដីរំពឹងថាភាគីថៃបើកឲ្យនាំចូលមៀនប៉ៃលិនវិញនោះទេ!

ព័ត៌មាន
ការបិទការនាំចូលផ្លែមៀនពីថៃ ទៅប្រទេសចិន កាលពីពេលថ្មីៗកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទីផ្សារមៀនប៉ៃលិន ឬតាង៉ែន របស់កសិករខ្មែរ។ ប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ