អាស៊ាន

អាស៊ានជឿជាក់ថា សមិទ្ធភាពការងាររបស់ប្រធានអាស៊ានឆ្នាំនេះនឹងជួយឲ្យតំបន់មានសន្តិភាព និងស្ថិរភាព


រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងមុតមាំថា សមិទ្ធភាពការងាររបស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣នេះ នឹងជួយឲ្យមានសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ការបង្ហាញការគាំទ្ររបស់អាស៊ានបែបនេះ បានធ្វើឡើងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ«សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។
អាស៊ានជឿជាក់ថា សមិទ្ធភាពការងាររបស់ប្រធានអាស៊ានឆ្នាំនេះនឹងជួយឲ្យតំបន់មានសន្តិភាព និងស្ថិរភាព

ប្រទេសឥណ្ឌុនេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្រោមបទបង្ហាញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ហើយក៏មានវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អញ្ជើញចូលរួម ផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នេះជាប្រវត្តិសាស្ត្រហើយ ដែលលោកស្រី អាដាល់ជីហ្សា ម៉ាកណូ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ជាលើកដំបូង បន្ទាប់ពីទីម័រឡេស្តេទទួលបានការឯកភាព ជាគោលការណ៍ ក្លាយជាប្រទេសសមាជិកអាស៊ានទី១១ ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅកម្ពុជា។

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ត្រូវបានចាប់ផ្តើមឡើងដោយបទ

បង្ហាញយ៉ាងលម្អិតរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ«សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានឯកភាពថា អាស៊ានពិតជាមានសារសំខាន់ ហើយបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំថា សមិទ្ធភាពអាទិភាពគន្លឹះរបស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នឹងជួយប្រែក្លាយអាស៊ាន ឲ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។ លើសពីនោះ កិច្ចប្រជុំក៏បានកោតសរសើរ ផងដែរ ចំពោះក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន

ក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេស ក្នុងការផ្តល់អនុសាសន៍ស្តីពី ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នអាស៊ាន ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពី ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដែលកម្ពុជា គឺជាម្ចាស់ផ្ទះ។

ចំពោះបញ្ហាទីម័រឡេស្ត រដ្ឋមន្ត្រីការបរទេសអាស៊ាន បានទុកភារកិច្ចនេះដល់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើការពន្លឿនការរៀបចំផែនទីចង្អុលផ្លូវមួយ ដែលផ្អែកលើលក្ខណៈវិនិច្ឆ័យគោលដៅសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ ហើយដែលនឹងដាក់ជូនអនុម័តនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ទន្ទឹមនោះ កិច្ចប្រជុំបានអនុម័តគោលការណ៍ណែនាំស្តីពីការអនុវត្តលក្ខន្តិក ជាអ្នកសង្កេតការណ៍របស់ទីម័រឡេស្ត សម្រាប់សមាជិកភាពអាស៊ាន ដើម្បីអនុញ្ញាតឲ្យទីម័រឡេស្តេអាចចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ និងអាចធ្វើសេចក្តីថ្លែងការណ៍បានតាមការសមស្រប។ រីឯ បញ្ហានៅមីយ៉ាន់ម៉ាវិញ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានទទួលស្គាល់ថា មានភាពស្មុគ្រស្មាញ និងលំបាក ដែលត្រូវការពេលវេលាដើម្បីឈានទៅរកដំណោះស្រាយនយោបាយយូរអង្វែង។ ដូច្នេះ រដ្ឋមន្រ្តីអាស៊ានក៏បានស្នើទៅភាគីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញឲ្យខ្លាំងបន្ថែមទៀត ក្នុងឥរិយាបថបរិយាប័ន្ន និងប្រកបដោយភាពបត់បែន និងឲ្យស្របតាមធម្មនុញ្ញអាស៊ាន ជាពិសេសចំពោះសេចក្តីព្រាងផែនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច តែម្ដង។

យ៉ាងណាមិញ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នា ពីបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានលើបញ្ហាតំបន់ និងអន្តរជាតិ ដូចជា វិបត្តិមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ជាដើម ដែលបណ្តាសមាជិកអាស៊ានបានព្រមព្រៀងគ្នាពីការលើកកម្ពស់យន្តការពហុភាគីនិយម ក្នុងដំណោះស្រាយបញ្ហាក្របខ័ណ្ឌអន្តរជាតិ និងសង្កត់ធ្ងន់ឱ្យសមាជិកអាស៊ានផ្តួចផ្តើមឱ្យដៃគូនីមួយៗ របស់ខ្លួនស្របតាមធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ដើម្បីឲ្យតំបន់អាស៊ានមានសន្តិភាព ស្ថិរភាព និងវិបុលភាព៕




អត្ថបទបន្ទាប់


ជប៉ុនត្រូវការ៥៤ពាន់លានដុល្លារក្នុងការផលិតបន្ទះឈីបបច្ចេកវិទ្យាថ្មីមួយប្រភេទ ដើម្បីប្រជែងជាមួយបច្ចេកវិទ្យាចិន

ព័ត៌មាន
ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប Rapidus ដែលជាក្រុមហ៊ុនគាំទ្រការផលិតដោយរដ្ឋរបស់ប្រទេសជប៉ុន លោក Tetsuro Higashi បានប្រាប់សារព័ត៌មានរ៉យទ័រក…

កម្ពុជាទទួលជ័យលាភីចំនួន១៧ ពីការអនុវត្តស្តង់ដាទេសចរណ៍អាស៊ានឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជាទទួលជ័យលាភី និងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ក្នុងនោះ មានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ