
អាជ្ញាធរទទួលស្គាល់ថា ការលួចនាំចូលទុរេនពីប្រទេសជិតខាងតាមច្រករបៀងតូចៗរបស់ឈ្មួញកម្ពុជា ពិតជាកើតមានពិតប្រាកដមែន តែក្នុងបរិមាណតូចតួចប៉ុណ្ណោះ។ តើអាជ្ញាធរនៅតាមច្រកព្រំដែនគួរធ្វើយ៉ាងណា ដើម្បីអាចទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់ឱ្យមានប្រសិទ្ធភាព?
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ប្រសិនអាជ្ញាធរមានសមត្ថកិច្ច ដែលឈេជើងនៅតាមច្រកព្រំដែននៅតែព្រងើយកន្តើយដោយអនុញ្ញាតឱ្យនាំចូលទុរេនពីវៀតណាម ដោយគ្មានការត្រួតពិនិត្យរកសារធាតុគីមី នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់បរិភោគ ជាពិសេសអាចធ្វើឱ្យពួកគេប្រឈមនឹងការកើតជំងឺផ្សេងៗ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កន្លងមកអាជ្ញាធរនៅតាមច្រកព្រំដែនហាក់មិនបានអនុវត្តតាមនីតិវិធីច្បាប់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ ហើយការបង្ក្រាបការនាំចូលបន្លែផ្លែឈើ សាច់ និងទំនិញផ្សេងៗខុសច្បាប់ភាគច្រើនធ្វើឡើងដោយអាជ្ញាធរនៅខាងក្នុងទៅវិញ។ ជាមួយគ្នានេះ លោកបានសំណូមពរដល់អាជ្ញាធរមានសម្ថកិច្ចតាមច្រកព្រំដែនត្រូវពង្រឹងយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត។
ជាមួយគ្នានេះ ឧកញ្ញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេននៅខេត្តកំពត បានលើកឡើងថា ក្នុងនាមជាអ្នកដាំទុរេនក្នុងស្រុកមួយរូបលោកពឹងផ្អែកទៅលើអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ក្នុងការទប់ស្កាត់លំហូរចូលទុរេនខូចគុណភាពពីក្រៅប្រទេស ធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពដល់អ្នកបរិភោគក្នុងស្រុក។ លោកឧកញ្ញ៉ា បានបន្ថែមថា ខណៈទុរេនវៀតណាម កំពុងចាល់ដោយសារតែចិន រកឃើញមានផ្ទុកសារធាតុគីមី ឈ្មួញកណ្ដាលអាចនឹងនាំចូលយកមកលក់បន្តនៅក្នុងស្រុកជាក់ជាមិនខាន។ ជាមួយគ្នានេះ លោកឧកញ៉ា សំណូមពរដល់ឈ្មួញកណ្ដាលគួរតែរកស៊ីប្រកបដោយគុណធម៌ មិនត្រូវគិតតែពីប្រាក់ចំណេញ ដែលអាចធ្វើឱ្យមនុស្សស្លាប់ដោយប្រយោលបាន។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបានអះអាងថា ចំពោះការនាំចូលទុរេនតាមច្រកផ្លូវការ ឬច្រកព្រំដែនអន្តរជាតិ គឺមានសមត្ថកិច្ចឈរជើងចាំត្រួតពិនិត្យជានិច្ច តែយ៉ាងណាការនាំចូលទុរេនតាមច្រករបៀងមិនផ្លូវការមួយចំនួនដែលមិនមានសមត្ថកិច្ចនៅឈរជើង បច្ចុប្បន្ន ក.ប.ប. កំពុងសិក្សាស្វែងរក ដើម្បីយកមកត្រួតពិនិត្យ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាល បានដាក់ចេញនូវវិធានការទប់ស្កាត់ការនាំចូលទុរេនខូចគុណភាពពីក្រៅស្រុក ដែលមានផ្ទុកសារធាតុគីមីនាំឱ្យប៉ះពាល់សុខភាពជាបន្តបន្ទាប់។ ជាមួយគ្នានេះ អ្នកដាំទុរេនក្នុងស្រុកនៅតែឃើញមានការនាំចូលទុរេនពីក្រៅស្រុក ដោយសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធតាមច្រកព្រំដែនបន្ថែមការយកចិត្តទុកដាក់ ពិសេសត្រូវគិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ជា ម៉ារ៉ា