តំបន់មានការអភិវឌ្ឍន៍ខ្លាំង

កត្តាអ្វីខ្លះធ្វើឲ្យការអភិវឌ្ឍប៉ែកខាងជើងភ្នំពេញមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?


យើងសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ែកខាងជើងរាជធានីភ្នំពេញ មានការផ្លាស់ប្តូរមុខមាត់កាន់តែខ្លាំង ជាពិសេសគម្រោងបុរីលំនៅដ្ឋានធំៗ និងអគារពាណិជ្ជកម្មជាច្រើនបានសម្រុកបន្ដសាងសង់នៅតំបន់នេះជាបន្ដបន្ទាប់។ តើមានកត្តាអ្វីខ្លះ ជំរុញឲ្យអ្នកវិនិយោគអចលនទ្រព្យផ្ដោតមុខព្រួញបាញ់ឆ្ពោះទៅតំបន់ភាគខាងជើងរាជធានីភ្នំពេញកាន់តែខ្លាំងយ៉ាងដូច្នេះ?
កត្តាអ្វីខ្លះធ្វើឲ្យការអភិវឌ្ឍប៉ែកខាងជើងភ្នំពេញមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?
ដោយ

គម្រោងបុរីវិមានភ្នំពេញ កំពុង​មានការអភិវឌ្ឍន៍លេចធ្លោរជាងគេមួយ​នៅតំបន់ភាគខាងជើង​រាជធានីភ្នំពេញ។ គម្រោងបុរីលំនៅដ្ឋានមួយនេះ ត្រូវបាន​អភិវឌ្ឍដោយ​​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា លី ហួរ ដែលជា​​អ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា។ បើតាម​​អ្នកឧកញ៉ា លី ហួរ បានអះអាងថា មូលហេតុដែលក្រុមហ៊ុនអ្នកឧកញ៉ា ពង្រីកការអភិវឌ្ឍគម្រោង​​អគារពាណិជ្ជកម្ម និងបុរីវិមានភ្នំពេញ​​​​នៅភាគខាងជើង​រាជធានីភ្នំពេញ គឺដោយសារតំបន់នេះ​មានខ្យល់អាកាស និងទឹកគ្រប់គ្រាន់ ដែលអំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតនៅតំបន់នោះ វាបណ្តុំដោយអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ និងស្ថាប័​នរដ្ឋមួយចំនួនទៀត ជាសក្ដានុពលខ្ពស់​សម្រាប់ការអភិវឌ្ឍ។

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ លី ហួរ គ្រុប

ជុំវិញនឹងការវិនិយោគនេះដែរ អ្នកជំនួញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យ១រូប គឺឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញមានការទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ គឺដោយសារតំបន់នោះមានដីធំៗទំនេរច្រើន ដែលអំណោយផលដល់ការអភិវឌ្ឍអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋានធំៗ។ ការផ្លាស់ប្តូរទីតាំងក្រសួង ស្ថាប័នរដ្ឋមួយចំនួនទៅប៉ែកខាងជើងនៅមួយរយៈចុងក្រោយ ក៏ជាកត្តាធ្វើឲ្យតំបន់នោះមានការទាក់ទាញខ្លាំងផងដែរ។ ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ​ និងដឹកជញ្ជូន រួមជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ត្រូវបានលេចត្រដែតឡើងនៅប៉ែកខាងជើងរាជធានីភ្នំពេញ។ 

ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

ស្រដៀងគ្នានេះ ​លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុមើលឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍អគាពាណិជ្ជកម្ម និងលំនៅឋានធំៗមួយចំនួន បាននាំគ្នាបោះទុនវិនិយោគលើការអភិវឌ្ឍន៍អគារ និងសំណង់ផ្សេងៗនៅប៉ែងខាងជើងរាជធានីភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗទាំងនេះ រួមជាមួយវត្តមានក្រសួង​ ស្ថាប័នរដ្ឋមួយចំនួន អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឲ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍន៍នៅតំបន់នោះមានការរីកចម្រើនខ្លាំងនាពេលអនាគត។ 

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា វិស័យសំណង់ ​និងអចលនទ្រព្យក្នុងឆ្នាំ២០២១ មានការរីកចម្រើនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ ទោះបីឆ្នាំ២០២១ កម្ពុជាបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដោយ។ តាមការរំពឹងពីអ្នកជំនាញ វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២២ នឹងមានកំណើនចន្លោះពី១០%ទៅ១៥%៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យមានចំណាត់ការសម្របសម្រួលចំពោះបញ្ហាតម្លៃសាច់ជ្រូកឡើងថ្លៃខ្ពស់

ព័ត៌មាន
ប្រទេសថៃ កំពុងតែប្រឈមនឹងបញ្ហាសាច់ជ្រូកឡើងថ្លៃខ្លាំង ដែលកំពុងប៉ះពាល់ដល់អ្នកលក់ និងអ្នកប្រើប្រាស់ក្នុងស្រុក។ ជុំវិញបញ្ហានេះ លោក ប្រាយុទ្ធ ច...

កម្ពុជាទទួលបានចំណូលជិត ៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ក្នុងឆ្នាំ២០២១

ព័ត៌មាន
វិបត្តិកូវីដ-១៩ មិនមែនជាឧបសគ្គធ្ងន់ធ្ងរនោះទេ សម្រាប់ដំណើរការនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការនាំចេញផលិតផលកសិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ