
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស បានគូសបញ្ជាក់ថា តាមរយៈការបង្កើនការយកថ្លៃសេវាចូលចតកំពង់ផែលើកកប៉ាល់ចិន ពីសំណាក់អាម៉េរិកនេះ ចង់ ឬមិនចង់វានឹងជះឥទ្ធិពលមួយចំនួនដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ព្រោះទំនិញកម្ពុជា ដែលនាំចេញទៅអាម៉េរិក ភាគច្រើនត្រូវបានដឹកជញ្ជូនដោយប្រើប្រាស់កប៉ាល់របស់ចិន ដូចជាក្រុមហ៊ុន COSCO ជាដើម។ តែយ៉ាងណាចំពោះផលប៉ះពាល់បង្កឡើងដោយការបង្កើនការថ្លៃសេវាកំពង់ផែមកលើការដោះដូរពាណិជ្ជកម្មកម្រិតណានោះ អ្នកជំនាញរូបនេះ នៅមិនទាន់អាចវាយតម្លៃបាននោះទេ ដោយសារវាទើបកើតឡើងភ្លាមៗ។
ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ពន្ធលើកប៉ាល់ដែលចូលចតក្នុងកំពង់ផែរៀងខ្លួនរបស់ចិន និងអាម៉េរិក នេះ គឺជាឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា បញ្ហាដែលអាម៉េរិក ដាក់ពន្ធលើកប៉ាល់ចិននេះ ទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិកនោះទេ ដោយសារកម្ពុជា នៅមានជម្រើសប្រើប្រាស់កប៉ាល់របស់បណ្តាប្រទេសផ្សេងទៀតទៅកាន់ទីផ្សារអាម៉េរិក ខណៈបច្ចុប្បន្នបញ្ហានេះ ក៏ពុំទាន់បានជះឥទ្ធិពលណាមួយដល់វិស័យដឹកជញ្ជូនកម្ពុជា នោះដែរ ដោយតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹករវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបច្ចុប្បន្ន គឺមានស្ថានភាពល្អប្រសើរ ដោយជាមធ្យមចន្លោះពីប្រមាណជាង២ពាន់ដុល្លារទៅជាង៥ពាន់ដុល្លារក្នុង១ទូរកុងតឺន័រ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក សម្រេចបានទឹកប្រាក់ជាង៩,៥ពាន់លានដុល្លារ កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំទឹកប្រាក់ជាង៩,២ពាន់លានដុល្លារកើនឡើង២២% ខណៈនាំចូលពីអាម៉េរិក មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត៣រយលានដុល្លារកើនឡើងជិត៤៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕