
លើសពីនេះ វានឹងជួយជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនឱ្យមានការកើនឡើងកាន់តែច្រើនទៀតថែម ដ្បិតជប៉ុនមានតម្រូវការប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំៗ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Mirarth Holdings និងក្រុមហ៊ុនដៃគូពាក់ព័ន្ធបានជួយឱ្យផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាអាចដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីនៅប្រទេសជប៉ុន ដែលមានជាង១ម៉ឺន៦ពាន់ទីតាំង។ ជាមួយគ្នានេះ លោកជំទាវ ក៏បានលើកទឹកចិត្ត និងគាំទ្រឱ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀតក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលម៉ាកសម្គាល់ភូមិសាស្រ្ត ឬ GI។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានចាត់ទុកការបង្ហាញវត្តមានរបស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជានៅក្នុងផ្សារ Family Mart ដ៏ល្បីនៅប្រទេសជប៉ុននេះ គឺជាសញ្ញាណវិជ្ជមានសម្រាប់ផលិតផលស្វាយចន្ទីកម្ពុជាក្នុងការទាញយកចំណែកទីផ្សារនៅក្នុងប្រទេសជប៉ុន ដ្បិតថាជប៉ុនមានតម្រូវការប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃប្រមាណជាង១ម៉ឺនតោនក្នុង១ឆ្នាំៗ ខណៈកន្លងមកគឺត្រូវបាននាំចូលពីទីផ្សារឥណ្ឌា និងវៀតណាម។ ប្រធានសមាគមស្វាយចន្ទីរូបនេះរំពឹងថា ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជានឹងកាន់តែមានវត្តមានច្រើនថែមទៀតនៅលើទីផ្សារអន្តរជាតិ បន្ទាន់ពីសួនកសិឧស្សាហកម្មស្វាយចន្ទីខេត្តកំពង់ធំដាក់ឱ្យដំណើរការ ដ្បិតថា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗជាច្រើនកំពុងត្រៀមខ្លួនចូលទៅក្នុងសួនកសិឧស្សាហកម្មនេះ។
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការបង្ហាញវត្តមានរបស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជានៅក្នុងផ្សារ Family Mart ដ៏ល្បីរបស់ជប៉ុននេះ កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings និងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Mirarth Holdings ជាមួយដៃគូចំនួន៥ ក្នុងការជំរុញការនាំចូល និងចែកចាយគ្រាប់ស្វាយចន្ទីកម្ពុជាមកកាន់ទីផ្សារជប៉ុន នាឱកាសទិវាជាតិកម្ពុជា អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ