
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស បានគូសបញ្ជាក់ថា ស្ថានភាពនៃការដឹកជញ្ជូន និងការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៦ខែកន្លងមកនេះ នៅតែរក្សាបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ នៅក្នុងរយៈពេលប្រមាណ១ខែចុងក្រោយនេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមផ្លូវទឹកមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលបច្ចុប្បន្ននេះ កំពុងមានការកកស្ទះទំនិញជាច្រើន ដោយសារវិនិយោគិនមួយចំនួនកំពុងមមាញឹកក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារអាម៉េរិក ឱ្យបានមុនថ្ងៃទី១ ខែសីហា ដែលជាថ្ងៃកំណត់នៃការអនុវត្តពន្ធ៣៦% ដែលអាម៉េរិក ដាក់មកលើទំនិញកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក ទំនងជាអាចរងផលប៉ះពាល់មួយចំនួន ប្រសិនបើកម្ពុជា មិនអាចចរចាបញ្ចុះពន្ធឱ្យទាបជាងអត្រា៣៦% ទេនោះ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការកើនឡើងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក នៅមួយរយៈចុងក្រោយនេះ គឺដោយសារវិនិយោគិនចង់រក្សានូវផលចំណេញរបស់ខ្លួន មុនពេលអត្រាពន្ធនាំចេញទំនិញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ត្រូវកើនឡើងខ្ពស់ជាងមុន។ តែយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា អត្រាពន្ធខ្ពស់ក្នុងកម្រិត៣៦% ដែលអាម៉េរិក ដាក់មកលើកម្ពុជា នេះ នឹងអាចមានការប្រែប្រួលបន្ថែមទៀត ដោយសារកម្ពុជា នៅមានលទ្ធភាពក្នុងការចរចាបញ្ចុះពន្ធជាមួយអាម៉េរិក រហូតដល់ថ្ងៃទី១ ខែសីហា ខាងមុខ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការកើនឡើងខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅមួយរយៈចុងក្រោយនេះ មិនមែនដោយសារបញ្ហាសម្ពាធពន្ធបដិការពីសហរដ្ឋអាម៉េរិក ជិតដល់ថ្ងៃចូលជាធរមាននោះទេ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅពាក់កណ្តាលឆ្នាំនេះ គឺជាពេលដែលអ្នកផ្គត់ផ្គង់ទំនិញរបស់កម្ពុជា ភាគច្រើន ត្រូវបញ្ជូនទំនិញទៅឱ្យអ្នកបញ្ជាទិញនៅទីផ្សារអាម៉េរិក តាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នានាពេលកន្លងទៅ ដែលជំរុញឱ្យមានកំណើននាំចេញខ្ពស់នៅតាមកំពង់ផែនានាបែបនេះ។ ពាក់ព័ន្ធបញ្ហាពន្ធបដិការរបស់អាម៉េរិក ដាក់មកលើកម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងចរចាបញ្ចុះអត្រាពន្ធបដិការពីអត្រា៣៦%នេះ បន្ថែមទៀត។
សូមជម្រាបថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣០ពាន់លានដុល្លារ កើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញមានទំហំជាង១៤ពាន់លានដុល្លារកើនឡើងជាង១៦% ខណៈនាំចូលមកវិញ មានទំហំជាង១៦ពាន់លានដុល្លារ កើនឡើងជាង១៨%។ សហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅរយៈពេល៦ខែកន្លងមកនេះ ជាមួយទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕