
លោក នៅ ស៊ីនិត កសិករដាំទុរេននៅភូមិបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានគូសបញ្ជាក់ឱ្យដឹងថា ក្រោយរដ្ឋាភិបាលកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងលើការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជា ទៅទីផ្សារចិន កសិករដាំទុរេនមួយចំនួនរួមទាំងរូបលោកផ្ទាល់កំពុងមមាញឹកក្នុងការរៀបចំឯកសារដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសុំវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អសម្រាប់នាំចេញ។ បើតាមកសិកររូបនេះមកទល់ពេលនេះចម្ការរបស់លោកនៅពុំទាន់ទទួលបានការចុះមកត្រួតពិនិត្យពីភាគីគយចិន នៅឡើយទេ ដូច្នេះហើយលោកយល់ថា លទ្ធភាពនៃការនាំចេញបានជាផ្លូវការទំនងជាមិនអាចទាន់ក្នុងរដូវកាលប្រមូលផលឆ្នាំនេះទេ ហើយប្រសិនជាទាន់ក៏អាចនៅចុងរដូវប្រមូលផលដែរ។ សម្រាប់ម្ចាស់ចម្ការទុរេនរូបនេះ លោកនឹងបន្តខិតខំពង្រឹងគុណភាពនៃការដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបជាមួយតម្រូវរបស់ទីផ្សារចិន។
មិនខុសគ្នានោះទេ លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខេត្តកំពង់ចាម បានឱ្យដឹងថា ទោះបីជាមានក្រុមហ៊ុនចិន មួយចំនួន បានចុះមកសិក្សាលទ្ធភាពគ្រោងម៉ៅចម្ការទុរេនរបស់សមាជិកក្នុងសហគមន៍ខ្លួនដើម្បីនាំចេញទៅកាន់ទីផ្សារចិន ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនទាំងនោះនៅពុំទាន់ទទួលបានសិទ្ធក្នុងការនាំចេញជាផ្លូវការនៅឡើយទេ ដោយនៅរង់ចាំការអនុញ្ញាតពីភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរសិន។ តែយ៉ាងណា ប្រធានសហគមន៍រូបនេះ បានឱ្យដឹងថា តាមការទទួលព័ត៌មានពីខាងក្រុមហ៊ុនចិន ទាំងនោះ ការនាំចេញទុរេនទៅកាន់ប្រទេសចិន ទំនងជាអាចសម្រេចបាននៅពេលប្រមូលផលទុរេនដំណាក់កាលទី២នៃឆ្នាំនេះ។
ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានវាយតម្លៃថា ទុរេនរបស់កម្ពុជា ទំនងជាអាចនាំចេញបាននៅក្នុងរដូវកាលប្រមូលផលដំណាក់កាលទី២នៃឆ្នាំនេះ ដ្បិតថា បច្ចុប្បន្នទាំងម្ចាស់ចម្ការ និងភាគីពាក់ព័ន្ធកំពុងមមាញឹកលើការអនុវត្តគោលការណ៍កសិកម្មល្អ ដើម្បីជំរុញកិច្ចការនាំចេញនេះ។ អ្នកជំនាញរូបនេះជឿជាក់ថា គុណភាពទុរេនរបស់កម្ពុជានឹងស្របតាមស្តង់ដាតម្រូវការរបស់ទីផ្សារចិន ទាំងទៅលើគុណភាព សុវត្ថិភាព និងរូបរាង។ តាមការវាយតម្លៃរបស់ លោក ធឿន ប៊ុនហុង ការប្រមូលផលទុរេនរបស់ប្រជាកសិករនៅឆ្នាំនេះហាក់មានកំណើនប្រមាណ៣០% ទៅ៤០% បើធៀបនឹងការប្រមូលផលកាលពីឆ្នាំមុន ហើយវាក៏ស្របគ្នានឹងកម្ពុជា ទទួលបានឱកាសក្នុងការនាំចូលទុរេនទៅកាន់ទីផ្សារចិន ផងដែរ។
លោក ស៊ីម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានវាយតម្លៃថា ការនាំចេញទុរេននៅក្នុងសហគមន៍កសិកម្មទុរេនបែកអន្លូង ស្ទឹងត្រង់ ទៅកាន់ទីផ្សារចិន ទំនងជាអាចសម្រេចបាននៅក្នុងឆ្នាំនេះ ព្រោះលោកសង្កេតឃើញថា មានម្ចាស់ចម្ការទុរេនមួយចំនួនបានមកស្នើសុំចុះបញ្ជីចម្ការ និងសុំវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អសម្រាប់នាំចេញ។ លោកជឿជាក់ថា នៅពេលទុរេនកម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន ជាផ្លូវការនោះ ប្រជាកសិករនឹងពង្រីកការដាំដុះរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់។
គួរបញ្ជាក់ថា ដើម្បីអាចនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនបាន កសិករត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅកាន់អគ្គនាយកដ្ឋានកសិកម្មជាមុនសិន បន្ទាប់ពីទទួលបានពាក្យស្នើសុំអគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីភាគីគយចិនចុះមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕