មួយខែក្រោយសង្គ្រាមនៅអ៊ុយក្រែន

១ខែក្រោយសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីបង្កើនការវាយប្រហារឥតសំចៃដៃខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មលើម៉ូស្គូ


រហូតមកដល់ថ្ងៃនេះ គឺគម្រប់១ខែគត់តែម្តង ដែលបុរសខ្លាំងរបស់រុស្ស៊ី ពូទីន បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនបើកការឈ្លានពានលើអ៊ុយក្រែនជាផ្លូវការ ហើយដែលលោកពូទីនបានហៅថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីរំដោះអ៊ុយក្រែនចេញពីការគ្រប់គ្រងមិនល្អ។ អស់រយៈពេលមួយខែមកនេះ មនុស្សជិតមួយពាន់នាក់បានបាត់បង់ជីវិត នេះបើតាមរបាយការណ៍ផ្លូវការពីអង្គការ UN ខណៈជនស៊ីវិលរាប់លាននាក់ផ្សេងទៀត បានភៀសខ្លួន គ្មានទីជម្រក។
រូបតំណាង៖ កងទ័ពអ៊ុយក្រែន នៅសមរភូមិ

កិច្ច​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ត្រូវ​បាន​ធ្វើ​ឡើង​គ្រប់​ភាគី​ជម្លោះ មាន​ទាំង​ធម៌​ក្តៅ និង​មាន​ទាំង​ធម៌​ត្រជាក់​។ រីឯ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​វិញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខិតខំ​រិះរក​វិធី និង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី គោលដៅ​ចង់​ច្របាច់ក​សេដ្ឋកិច្ច​រុ​ស្ស៊ី​កុំ​ឲ្យ​ដកដង្ហើម​រួច ក៏​ប៉ុន្តែ​វា​នៅ​ស្ទាក់ស្ទើរ​មិន​ជ្រះ​ស្រះ​ឡះ​ត្រង់​ថា អឺរ៉ុប​នៅ​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង និង​ឧស្ម័ន​រុ​ស្ស៊ី ។ យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី​២៤​ខែមីនា​នេះ ដែល​ជា​ខួប​មួយ​ខែ​គត់​នៃ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី លើ​អ៊ុយ​ក្រែ​ន ខណៈ​ពេល​នេះ​សហរដ្ឋអាមេរិក​និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​កំពូល​មួយ ស្វែងរក​ការ​ទណ្ឌកម្ម​ថ្មី​ទៀត​ដាក់​លើ​រុ​ស្ស៊ី​។

សង្គ្រាម​ដ៏​ក្ដៅ​គគុក​រវាង​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​អូស​បន្លាយ​ដល់​រយៈពេល​១​ខែ​ហើយ ប៉ុន្ដែ ភ្លើងសង្គ្រាម​នៅ​តែ​បន្ដ​ឆាបឆេះ អាប់អួរ​ពេញ​អ៊ុយ​ក្រែ​ន​ដដែល បើ​ទោះបីជា​ភាគី​ទាំង​ពីរ ខំប្រឹង​ចរចា​ជា​ច្រើន​ដង​ក៏​ដោយ ក៏​លទ្ធផល​ហាក់​មិន​មាន​ផ្លែផ្កា​សោះ ប៉ុន្ដែ ការ​វាយប្រហារ​ពី​រុ​ស្ស៊ី​វិញ ក៏​មិន​ព្រម​បន្ធូរ​ដៃ​ដែរ​។ ទីក្រុង​ធំ​ៗ និង សំខាន់​ៗ​របស់​អ៊ុយ​ក្រែ​ន រង​ការ​បាញ់​ផ្លោង​ស្ទើរ រាប​ដល់​ដី​ទៅ​ហើយ ពិសេស​ក្រុង​កំពង់​ផែ​ម៉ា​រី​យូ​ប៉ូ​ល និង រដ្ឋធានី​កៀវ ដែល​ជា​សមរភូមិ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​រវាង​កងទ័ព​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​។ 

រុ​ស្ស៊ី​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង ខណៈ​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​កាន់តែ​មាន​ទឹកចិត្ត​ប្រយុទ្ធ  

ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​ទៅ​ៗ​របស់​រុ​ស្ស៊ី កងទ័ព​អ៊ុយ​ក្រែ​ន​មិន​បាន​បាក់ទឹកចិត្ត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី យ៉ាង​ក្លាហាន នៅ​លើស​រម​ភូមិ ដើម្បី​ការពារ​ប្រទេស​កំណើត​ខ្លួន​។ ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រដែ​ល​បាន​ស្រង់​សម្ដី​មន្ត្រី​យោធា​ជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​មិន​ត្រឹមតែ​ទប់ទល់​ការ​រុលទៅមុខរ​បស់ទ័ព​រុ​ស្ស៊ី​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​កំពុង​តស៊ូ​យ៉ាង​ស្វាហាប់​ដើម្បី​វាយបក​ដណ្តើម​យក​ទឹកដី​របស់​ខ្លួន ដែល​រុ​ស្ស៊ី​បាន​កាន់កាប់​យក ត្រលប់​មក​វិញទៀត​ផង​។

ជាក់ស្តែង ទ័ព​អ៊ុយ​ក្រែ​ន​វាយ​ដណ្តើម​យក​បាន​តំបន់​មួយ​នៅ​ក្បែរ​ទីក្រុង​កៀវ​មក​កាន់កាប់​វិញទៀត​ផង​។ នេះ​បើ​តាម​របាយការណ៍​មួយ ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ភាគី​អ៊ុយ​ក្រែ​ន​នៅឡើយ​។ សន្ទុះ​នៃ​កម្លាំង​ប្រយុទ្ធ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក​រំពឹង​ថា អ៊ុយ​ក្រែ​ន​អាច​នឹង​វាយ​ដណ្តើម​យក​ទីតាំង​ច្រើន​ពី​រុ​ស្ស៊ី​បន្ថែម​ទៀត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ 

បើ​តាម​មន្ត្រី​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​បើក​ការ​វាយប្រហារ​តបត​យ៉ាង​ខ្លាំងក្លា ទៅ​លើ​កងកម្លាំង​រុ​ស្ស៊ី​ក្នុង​ក្រុង​អ៊ី​ហ្ស៊ី​ម​(Izyum) ដែល​ជាទី​ក្រុង​តូច​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ តំបន់​នៃ​ទីក្រុង​ខា​គី​វ​(Kharkiv)​។

គួរ​ជម្រាប​ថា អ៊ី​ហ្ស៊ី​ម​នេះ​គឺជា​ក្រុង​ស្ថិត​នៅ​លើ​ផ្លូវ​សំខាន់​មួយ​ឆ្ពោះទៅ​កាន់​តំបន់​ដុន​បាស ដែល​អាច​អនុញ្ញាត​ឲ្យ​កងកម្លាំង​រុ​ស្ស៊ី​នៅ​ភាគ​ឦសាន និង​ភាគ​អាគ្នេយ៍​ត​ភ្ជាប់​គ្នា​។ ប្រសិនបើ​កងទ័ព​អ៊ុយ​ក្រែ​ន​អាច​វាយ​ដណ្តើម​យក​ក្រុង​អ៊ី​ហ្ស៊ី​ម​មក​វិញ​មែន បាន​សេចក្តី​ថា កងទ័ព​រុ​ស្ស៊ី​នឹង​ជួប​ការ​លំបាក​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ទោះបីជា​ទ័ព​រុ​ស្ស៊ី​បាន​ជាប់​គាំង​មិន​អាច​រុលទៅមុខ​រួច នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្តី តែ​កាំភ្លើង​ធំ និង​គ្រាប់​រ៉ុ​ក​កែ​តរបស់​រុ​ស្ស៊ី​បាន​បន្ត​ការ​ទម្លាក់​គ្រាប់បែក​របស់​ពួក​គេ​ទៅ​លើ​ទីក្រុង​ជា​ច្រើន​ពិសេស​ក្រុង​កំពង់​ផែ ម៉ា​រី​យូ​ប៉ូ​ល និង​រដ្ឋធានី​កៀវ ខណៈ​ដែល​ជន​ស៊ី​វិល​បានរ​ត់ទៅ​ជ្រកកោន​នៅ​ក្រោម​ដី​។

ចំនួន​អ្នក​ស្លាប់​របួស និង​វិបត្តិ​ជនភៀសខ្លួន​នៅ​អ៊ុយ​ក្រែ​ន​កំពុង​កើនឡើង​កាន់តែ​ច្រើន 

មួយ​ខែ​មកនេះ គ្មាន​ឡើយ​របាយការណ៍​ច្បាស់លាស់​ពី​ចំនួន​ទាហាន និង​ជន​ស៊ី​វិល ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លើកលែងតែ​របាយការណ៍​ពី​អង្គការសហប្រជាជាតិ​ចុង​ក្រោយ​បំផុត​មួយ គឺ​មាន​អ្នក​ស្លាប់​ប្រមាណ​ជិត​១​ពាន់​នាក់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស​។

គិត​ចាប់តាំងពី​ថ្ងៃ​ទី​១​នៃ​សង្គ្រាម​មក​ទល់​ពេល​នេះ ប្រជាជន​អ៊ុយ​ក្រែ​ន​ជាង ៣​លាន ៥​សែន​នាក់​ហើយ​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ក្បែរ​ខាង​។ ក្រៅពី​នោះ​មាន​ពលរដ្ឋ​ជិត​៧​លាន​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ប្រទេស បាន​ភៀសខ្លួន​ចេញពីផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ផ្សេង​ទៀត​។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​បាន​ចាត់​ទុក​ការ​រត់​ចាក​ចេញពី​ប្រទេស​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​នេះ ថា​ជា​វិបត្តិ​ជនភៀសខ្លួន​ដែល​រីក​ធំ​យ៉ាង​ឆាប់រហ័ស​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​នៅ​អឺរ៉ុប ចាប់តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​។

តើ​ទណ្ឌកម្ម​អ្វីខ្លះ​ដែល​មហាអំណាច​បាន​ដាក់​លើ​រុ​ស្ស៊ី ហើយ​រុ​ស្ស៊ី​ឆ្លើយ​តប​វិញ​អ្វីខ្លះ?

សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ក្រៅ​តែ​ពី​ជួយ​គាំទ្រ​អ៊ុយ​ក្រែ​នតា​មការ​ផ្គត់ផ្គង់​សម្ភារៈ​យោធា រួម​ផ្សំ​នឹង​ការ​ដាក់​ទណ្ឌកម្ម​គាបសង្កត់​លើ​លើ​ម៉ូ​ស្គូ​។ ក៏​ប៉ុន្តែ​ទីក្រុង​ម៉ូ​ស្គូ ក៏​មិន​បាន​នៅ​ស្ងៀម​ឲ្យ​គេ​រឹត​ក​នោះ​ដែរ ដោយ​បាន​ឆ្លើយ​តប តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​នានា​ត្រឡប់​ទៅ​វិញ​ដូច​គ្នា​។

ជាក់ស្តែង​ចុង​ក្រោយ​នេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​នឹង​ស្វែងរក​ការ​ទូទាត់​ជា​ប្រាក់​រូប (ruble) ដែល​ជា​រូប​បិ​យ​ប​ណ្ឌ​របស់​រុ​ស្ស៊ី សម្រាប់​ការ​ទិញ​ឧស្ម័ន​ពី​ប្រទេស​ណា ដែល​ប្រកាន់​ជំហ​មិន​រាក់ទាក់​ជាមួយ​ខ្លួន​អំឡុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រការ​នេះ​បាន​បណ្តាល​ឱ្យ​តម្លៃ​ឧស្ម័ន​នៅ​អ៊ឺ​រ៉ុ​ប​កើនឡើង​ថែម​ទៀត ដោយ​ក្តី​បារម្ភ​ថា ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថាមពល​ក្នុង​តំបន់​កាន់តែ​ខ្លាំង​។

សារ​របស់​លោកពូ​ទី​ន គឺ​បាន​និយាយ​ច្បាស់​ៗ​ថា​៖ ប្រសិនបើ​ចង់បាន​ឧស្ម័ន​របស់​រុ​ស្ស៊ី គឺ​ត្រូវ​ទិញ​ជាមួយ​រូបិយ​បណ្ណ​របស់​រុ​ស្ស៊ី​។

សូម​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ទៅ​ដល់ទី​ក្រុង Brussels សម្រាប់​កិច្ចប្រជុំ​នៃ​សម្ព័ន្ធភាព G7 និង​សហភាព​អឺរ៉ុប​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ដំណើរ​ទស្សនកិច្ច​របស់​លោក Biden ពេល​នេះ​ក៏​អាច​ជា​ការ​បំភ្លឺ​ផ្លូវ​មួយ​សម្រាប់​សម្ព័ន្ធមិត្ត​អឺរ៉ុប ដែល​ប្រទេស​ខ្លះ​បាន​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី ជុំវិញ​ថា​តើ​ត្រូវ​ដាក់​ទណ្ឌកម្ម​ថាមពល​បន្ថែម​ទៀត​ដែរ​ឬទេ​៕




អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកសិករកែប្រែឥរិយាបថពី «ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង» ទៅជា «ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម»

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាព ដែលធានាសន្តិសុខស្បៀង អាហារ…

សម្តេចតេជោ បញ្ជាឲ្យតាមចាប់ក្រុមអ្នកនេសាទត្រីខុសច្បាប់នៅតំបន់បឹងទន្លេសាបទាំងអស់

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ