តាមរយៈរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣% នៅឆ្នាំនេះ ដែលជំរុញឱ្យតម្លៃផលិតផលក្នុងស្រុកសរុបឈានដល់ប្រមាណជាង៥០ពាន់លានដុល្លារអាម៉េរិក ខណៈប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ប្រមាណជាង២ពាន់៩រយដុល្លារ។ បើតាមក្រសួងសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំនេះ ត្រូវបានចូលរួមគាំទ្រដោយកំណើននៃវិស័យឧស្សាហកម្មចំនួន៨,៦% វិស័យសេវាកម្មចំនួន៥,៦% និងវិស័យកសិកម្មកម្មចំនួន១,១%។
ពាន់ព័ន្ធស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥នេះ នឹងអាចសម្រេចបានក្នុងរង្វង់ជាង៦% ដូចអ្វីដែលស្ថាប័នជាតិ និងអន្តរជាតិនានា បានព្យាករ។
ការវាយតម្លៃបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះមើលឃើញពីស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។ យ៉ាងណាមិញ បើមើលលើកត្តាខាងក្នុង អ្នកជំនាញរូបនេះវាយតម្លៃថា ផ្អែកលើការរីកចម្រើននៃវិស័យសំខាន់ៗ ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់កម្ពុជា ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ ពិសេសការងើបឡើងវិញរបស់វិស័យទេសចរណ៍ ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៣% នៅឆ្នាំនេះបាន ឬមិនបាន វាអាស្រ័យលើការអនុវត្តរបស់រាជរដ្ឋាភិបាល ពោលគឺប្រសិនបើរាជរដ្ឋាភិបាលមានការសម្របសម្រួលឱ្យមានលក្ខខណ្ឌកាន់តែល្អប្រសើរផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ នោះវានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសម្ទុះកើនឡើង។
ហើយប្រសិនបើមិនមានការសម្របសម្រួលឱ្យស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា មានភាពល្អប្រសើរទេ នោះវាក៏អាចក្លាយជាឧបសគ្គមួយរបស់កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគ និងការសម្រចគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៣% នៅឆ្នាំនេះ។
ទន្ទឹមនឹងព្យាករសម្រេចបានកំណើនក្នុងរង្វង់៦,៣% នៅឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងបញ្ហា និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍកម្ពុជា ដូចជា កំណើនថមថយនៃសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចចិន ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរង្វង់៥,៨% នៅឆ្នាំ២០២៤ និង៦% នៅឆ្នាំ២០២៥។ ដោយឡែក ធនាគារពិភពលោកប្រចាំកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤ នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៣% មុនឡើងដល់៥,៥% នៅឆ្នាំ២០២៥។ កំណើននេះទាបជាងមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែមានការកើនឡើងបន្តិចម្ដងៗក្រោយការបិទបញ្ចប់ជំងឺកូវីដ-១៩៕