កម្ពុជានិងប្រទេសចំនួន៥

ប្រទេសចំនួន៥ រួមទាំងកម្ពុជា នឹងត្រូវរងផលប៉ះពាល់ពីការបញ្ឈប់ផែនការវិនិយោគរោងចក្រថាមពលធ្យូងថ្មថ្មីៗរបស់ចិន


ការប្រកាសរបស់ចិនក្នុងការបញ្ឈប់វិនិយោគគម្រោងថ្មីៗលើរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសនៅទូទាំងតំបន់អាស៊ីដែលកំពុងមានគម្រោងថ្មីៗវិនិយោគដោយចិនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនេះ ពោលគឺរោងចក្រថ្មីៗទាំងអស់នោះកំពុងរង់ចាំប្រភពហិរញ្ញវត្ថុសម្រាប់សាងសង់បញ្ចប់ ហើយវាក៏ជាហានិភ័យមួយដែលអាចនឹងធ្វើឲ្យគម្រោងទាំងនោះត្រូវលុបចោលទៅវិញផងដែរ បើគ្មានធនធានហិរញ្ញវត្ថុសាងសង់។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន South China Morning Post។
ប្រទេសចំនួន៥ រួមទាំងកម្ពុជា នឹងត្រូវរងផលប៉ះពាល់ពីការបញ្ឈប់ផែនការវិនិយោគរោងចក្រថាមពលធ្យូងថ្មថ្មីៗរបស់ចិន
ដោយ

គេ​នៅ​ចាំ​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង នា​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​មុខ​ថ្លែង​ទៅ​កាន់​អង្គការសហប្រជាជាតិ​ដោយ​បាន​សន្យា​ថា ប្រទេស​ចិន​នឹង​លែង​សាងសង់​គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​ៗ នៅ​ក្រៅប្រទេស​តទៅ​ទៀត​ហើយ ដើម្បី​ចូលរួម​ដល់​ការ ការពារ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​។

យ៉ាង​ហោច​ណាស់ មាន​ប្រទេស​ចំនួន ៥​នៅ​អាស៊ី ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​អាច​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ពី​ផែនការ​លែង​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ក្រៅប្រទេស​របស់​ចិន ដោយសារ​តែ​ប្រទេស​ទាំង​៥​នេះ នា​ពេល​កន្លង​មកនេះ បាន​បន្ថែម​នូវ​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ធ្យូងថ្ម សម្រាប់​ផលិត​ជា​ថាមពល​អគ្គិសនី ផ្គង់​ផ្គង់​នៅ​ក្នុង​បណ្ដាញ​ថាមពល​ជាតិ​របស់​ខ្លួន​។ ប្រទេស​ទាំង​៥​នោះ រួម​មាន វៀតណាម ឥណ្ឌូ​នេ​ស៊ី ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង កម្ពុជា​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន South China Morning Post​។

វៀតណាម

បើ​ទោះបីជា​កន្លង​មកនេះ វៀតណាម​បាន​លុប​ចោល​ប្រហែល​ពាក់កណ្ដាល​នៃ​ផែនការ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៦​មក​ក៏​ដោយ​ចុះ ប៉ុន្ដែ ប្រទេស​នេះ ថ្មី​ៗ​នេះ ក៏​បាន​បង្កើន​ការ​ដំឡើង​លទ្ធភាព​ធ្យូងថ្ម​របស់​ខ្លួន​សម្រាប់​គោលដៅ​ឆ្នាំ​២០៣០ នៅ​ក្នុង​សេចក្ដី​ព្រាង​ផែនការ​ថាមពល​ផង​ដែរ ពោល​គឺ វៀតណាម​បាន​ដាក់​ចេញ​ផែនការ​នេះ តាំងពី​មុន​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង បាន​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី ២១ កញ្ញា​ទៅ​ទៀត​។

តាម​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​នវានុវត្តន៍ និង​អភិវឌ្ឍន៍​បៃតង​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​នេះ មាន​សំណើ​គម្រោង​ថាមពល​ធ្យូងថ្ម​ចំនួន​១៨​គម្រោង ដែល​នឹង​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន​ដល់​ទៅ ជាង​២០​ជី​ហ្គា​វ៉ា​ត់​ម៉ោង គឺ​ទំនងជា​មិន​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​តាម​ការ​ព្រមព្រៀង​នោះ​ទេ បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស​ថា​នឹង​លែង​សាងសង់​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​ៗ​តទៅ​ទៀត​។ គម្រោង​រោងចក្រ​ថាមពល​ធ្យូងថ្ម​នៅ​វៀតណាម បាន​ប្រឈម​នឹង​ការ​អូស​បន្លាយ​ពេលវេលា​ផង​ដែរ ខណៈ​ដែល​ប្រទេស​នេះ មាន​កំណើន​តម្រូវការ​ថាមពល​ជា​មធ្យម​ជាង​៩% គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០​។

ឥណ្ឌូ​នេ​ស៊ី

ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​កំពូល​ប្រទេស​នាំ​ចេញ​ប្រភេទ​ធ្យូងថ្ម​ក្ដៅ​ធំ​ជាងគេ ក្នុង​ពិភពលោក ដែល​មានការ​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់​ធ្យូងថ្ម​ផលិត​ជា​ថាមពល​អគ្គិសនី​ដល់​ទៅ ៦០% នៃ​ថាមពល​ដែល​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ការ​អភិវឌ្ឍ​ថាមពល​ស្អាត ឬ​ហៅ​ថា Clean Energy វិញ គឺ​ជួប​បញ្ហា​ជា​យូរ​មក​ហើយ ដោយសារ​តែ​ផែនការ​យកពន្ធ​របស់​រដ្ឋ​។ សម្រាប់​ឥណ្ឌូ​នេ​ស៊ី ធ្យូងថ្ម​ក៏​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​នយោបាយ និង​ប្រាក់​ចំណូល​សាធារណៈ​។ ខណៈ​ដែល​ក្រុមហ៊ុន​ជប៉ុន និង​ប្រទេស​លោក​ខាងលិច​មានការ​វិនិយោគ​លើ​វិស័យ​នេះ តាំងពី​ដើម​មក​នៅ​ឥណ្ឌូ​នេ​ស៊ី វត្តមាន​ក្រុមហ៊ុន​ចិន​ក៏​មាន​ច្រើន​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​មានកម្ម​វិធី​ជំរុញ​ការ​ផ្គត់ផ្គង់​ថាមពល​តាំងពី​ឆ្នាំ​២០០៦​មក ហើយ​វិនិយោគិន​ចិន​បាន​បន្ដ​និ​យោគ​កាន់តែ​ច្រើន​ឡើង​ៗ​។ បើ​ទោះបីជា ការ​ឈប់​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ៗ​បន្ថែម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ធ្យូងថ្ម និង​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ឥណ្ឌូ​នេ​ស៊ី​ក៏​ដោយ ប៉ុន្ដែ បើ​តាម​អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា វា​ក៏​ជា​ឱកាស និង ក្ដី​សង្ឃឹម​សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​។

ប៉ា​គី​ស្ថាន

ការ​ប្រើប្រាស់​ធ្យូងថ្ម​ផលិត​ជា​ថាមពល​អគ្គិសនី​នៅ​ប៉ា​គី​ស្ថាន គឺ​ចាប់ផ្ដើម​កម្រើក​ឡើង​នៅ​ក្រោយ​ឆ្នាំ​២០១៥ នៅ​គ្រា​ដែល​ការ​វិនិយោគ​ពី​ប្រទេស​ចិន​បាន​លេចឡើង តាម​រយៈ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ស្រាវជ្រាវ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន គឺ​លោក ហា​នី អ៊ី​សាត​។ អ្នកជំនាញ​រូប​នេះ អះអាង​ថា ចិន​មិន​ត្រឹមតែ​ផ្ដល់​នូវ​ប្រភព​មូលធន សម្រាប់​ការ​ពង្រីក​ការ​អភិវឌ្ឍ​រ៉ែ​ធ្យូងថ្ម និង ថាមពល​នៅ​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ចិន​ក៏​បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ក្នុង​ការ​រុករក​រ៉ែ​ថែម​ទៀត​ផង​។ បច្ចុប្បន្ន ក៏​មាន​គម្រោង​រោងចក្រ​ថាមពល​ធ្យូងថ្ម​មួយ​ចំនួន នៅ​ប្រទេស​ប៉ា​គី​ស្ថាន​នេះ ទំនងជា​មិន​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​សាងសង់​នោះ​ទេ​។ ប៉ុន្ដែ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​មាន​ផែនការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ​។

បង់​ក្លា​ដេ​ស

ប្រទេស​នេះ គឺ​មានការ​ពឹងផ្អែក​ខ្លាំង​ណាស់ ទៅ​លើ​ការ​ផ្គត់ផ្គង់​ហ្គា​ស​ធម្មជាតិ​ក្នុងស្រុក​សម្រាប់​ផលិត​ជា​ថាមពល​អគ្គិសនី ហើយ​ក៏​មាន​ផែនការ​ក្នុង​ការ​ប្រើប្រាស់​ធ្យូងថ្ម​បន្ថែម​ផង​ដែរ​។ ប៉ុន្ដែ ក្រុម​អ្នកវិភាគ​អន្តរជាតិ​មើលឃើញ​ថា រោងចក្រ​ថាមពល​ធ្យូងថ្ម​នៅ​បង់​ក្លា​ដេ​ស ទំនងជា​មិន​ដំណើរការ​នោះ​ទេ ដោយសារ​តែ​រដ្ឋាភិបាល មាន​ផែនការ​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​។ កន្លង​មក បង់​ក្លា​ដេ​ស​ទទួល​បាន​សំណើ​គម្រោង​ថាមពល​ធ្យូងថ្ម​ច្រើន​នៅ​ក្នុង​តម្រូវការ នៃ​មូលនិធិ​សាធារណៈ ជាង​ប្រទេស​ផ្សេង​ទៀត ហើយ​ក្នុង​សំណើ​ទាំងនោះ គឺ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ស្ថាប័នហិរញ្ញវត្ថុ និង សហគ្រាស​ចិន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ស្ថាន​ប័ន​តាមដាន​ថាមពល​សកលលោក​របស់​អា​មេ​រិ​ក​។

អ្នកជំនាញ​ពី​ស្ថាប័ន​ដដែល​នេះ បាន​គូសបញ្ជាក់​ថា ការ​ផ្អាក​លែង​សាងសង់​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ៗ​តទៅ​ទៀត​របស់​ចិន គឺ​ទំនងជា​នឹង​កាត់​បន្ថយ​លទ្ធភាព​រោងចក្រ​ធ្យូងថ្ម​ថ្មី​ៗ នៅ​បង់​ក្លា​ដេ​ស​ដល់​៩០% ដែល​វា​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផង​ដែរ​។

កម្ពុជា

ប្រទេស​កម្ពុជា ហាក់បីដូចជា​មានការ​ដើរ​បញ្ច្រាស​និន្នាការ​ក្នុង​តំបន់​បន្ដិច ដែល​រដ្ឋាភិបាល​បាន​សម្រេច​បង្កើន​ការ​ប្រើប្រាស់​ធ្យូងថ្ម​សម្រាប់​គម្រោង​ផ្គត់ផ្គង់​ថាមពល​របស់​ខ្លួន ក្រោយ​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​មាន​គ្រោះ​រាំង​ស្ងួត​បណ្ដាល​ឲ្យ​កម្ពុជា​មាន​ជួប​បញ្ហា​កង្វះខាត​ថាមពល​ប្រើប្រាស់ ព្រោះថា បើ​គិត​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​មាន​ប្រហែល​៥០% គឺជា​ថាមពល​ដែល​បាន​មក​ពី​វា​រី​អគ្គិសនី​។

កាលពី​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុម័ត​គម្រោង​រោងចក្រ​ថាមពល​ធ្យូងថ្ម​ធំ​ៗ​ចំនួន​២ និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ប្រទេស​ឡាវ ដើម្បី​ទិញ​ថាមពល​ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ចំនួន​២​ពី​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ផង​ដែរ​។ 

នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន EnergyLab Cambodia លោកស្រី ប្រាយ​ជេ​ត ម៉ាក​អ៊ី​ន​តូ​ស (Bridget McIntosh) បាន​និយាយ​ថា ការ​វិនិយោគ និង​អាជីវកម្ម​របស់​ចិន គឺ​មាន​ជាប់​ពាក់ព័ន្ធ​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ប្រតិបត្តិការ ឬ​គម្រោង​សាងសង់​ជិត​រួចរាល់​នៃ​រោងចក្រ​ថាមពល​ធ្យូងថ្ម​សរុប​ទំហំ​ប្រមាណ ១,៥​ជី​ហ្គា​វ៉ា​ត់​ម៉ោង​របស់​កម្ពុជា​។ ហើយ​វា​ទំនងជា​នៅ​មាន​ថាមពល​ប្រមាណ ៣,១​ជី​ហ្គា​វ៉ា​ត់​ម៉ោង​ទៀត នៃ​ថាមពល​ធ្យូងថ្ម​របស់​កម្ពុជា អាច​នឹង​មាន​រួម​បញ្ចូល​ការ​វិនិយោគ និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​បញ្ហា​ថាមពល​នេះ កំពុង​កើត​មាន​ជាស​កល​ទៅ​ហើយ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ កំពុង​មានការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​។ ជាក់ស្ដែង បើ​ទោះបីជា ទើបតែ​បាន​ប្រកាស​ថា នឹង​ឈប់​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​ៗ​នៅ​ក្រៅប្រទេស​នៅ​ចំពោះ​មុខ​អង្គការសហប្រជាជាតិ​ក៏​ដោយ ប៉ុន្ដែ ប្រទេស​ចិន ថ្មី​ៗ​នេះ ក៏​បាន​ជំរុញ​ឲ្យ​រោងចក្រ​របស់​ខ្លួន​ផលិត​ធ្យូងថ្ម​បន្ថែម​ឲ្យ​បាន​ដល់​ប្រមាណ ១០០​លាន​តោន ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ ក្រៅ​តែ​ពី​ប្រទេស​តំបន់​អាស៊ី នៅ​ប្រទេស​លោក​ខាងលិច ពិសេស​នៅ​អឺរ៉ុប​ក៏​ប្រឈម​នឹង​វិបត្តិ​ថាមពល​នេះ​ដូច​គ្នា​ដែរ​៕




អត្ថបទបន្ទាប់


IMFបានអះអាងថា «ទោះបីនៅមានហានិភ័យ តែចិនអាចដោះស្រាយវិបត្តិរបស់ ក្រុមហ៊ុនEvergrandeបាន ប្រសិនបើគេចង់»

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ជាយោបល់នៅក្នុងរបាយការណ៍របស់ខ្លួនថ្មីមួយ ដែលបានចេញផ្សាយនៅថ្ងៃទី១៣តុលា ថាប្រទេសចិនមានសមត្...

អាមេរិកនឹងចាប់ផ្ដើមបើកប្រទេសទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងចាប់ពីខែវិច្ឆិកា

ព័ត៌មាន
ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកព្រំដែនគោករបស់ខ្លួនឡើងវិញជាមួយប្រទេសក្បែរខាងដូចជា កាដាណា និងម៉ិកស៊ិក បន្ទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ