
ការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ មានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកម្ពស់ជីវភាពប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សរថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងក្នុងតំបន់ និងក្រៅតំបន់។
នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើប អ៊ីអន បានសហការគ្នា ដើម្បីរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះ គឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សហគ្រិនខ្មែរ ពិតជាមានមោទនភាព នៅពេលបានឃើញពីកំណើនអតិថិជនគាំទ្រផលិតផលក្នុងស្រុក។ ភាពជាដៃគូរវាងសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន គឺជាការពង្រឹងការកសាងប្រព័ន្ធអេកូឡូស៊ី ក្នុងការជំរុញការលក់ក៏ដូចជាំគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមផងដែរ។ ឯកឧត្តម បានបន្ថែមថា ពិព័រណ៍ផលិតផក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុក នៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត ហើយវាក៏ស្របទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្សាភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំបន្ថែមទៀត។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៊ីអន ខេមបូឌា បានគូសបញ្ជាក់ដែរថា គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ហើយ ដែលផ្សារទំនើបអ៊ីអន បានសហការជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៊ីអនទាំង៣សាខា។ ពិព័រណ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក និងជនបរទេសផងដែរ។ លោកបន្ថែមថា ផ្សារទំនើបអ៊ីអន ប្តេជ្ញាគាំទ្រកសិករក្នុងស្រុក ផ្សព្វផ្សាយផលិតផលក្នុងស្រុក និងធានា សុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យ ដល់អតិថិជន។

តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកនេះ អតិថិជនអាចដើរទិញទំនិញដែលជាផលិតផលក្នុងស្រុក ដែលមានគុណភាពល្អជាច្រើនមុខ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត រួមមាន បន្លែផ្លែឈើស្រស់ៗ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត លើសពីនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃលទំនិញជាច្រើនមុខ និងឱកាសឈ្នះរង្វាន់ជាច្រើនទៀត រាល់ការបញ្ជាទិញចាប់ពី១៥ដុល្លារឡើងទៅផងដែរ៕









