ការនាំចេញទំនិញកម្ពុជាទៅអាមេរិក

ការនាំចេញទំនិញកម្ពុជាទៅអាមេរិក កើនឡើង ៥០% នៅពីរខែដំបូងឆ្នាំ២០២២


ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានជាង១ពាន់៧រយលានដុល្លារនៅពីរខែដើមឆ្នាំ២០២២ មានការកើនឡើងជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈការនាំចូលពីអាមេរិកមកកម្ពុជាមានត្រឹមតែជាង ៦០លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត៦%។ នេះបើតាមតួលេខដែលទើបតែចេញផ្សាយពីការិយាល័យស្ថិតិរបស់អាមេរិក។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

កំណើននៃការនាំចេញនេះ បានបង្ហាញឲ្យឃើញថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនោះទេ។ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា កត្តាដែលជួយជំរុញកំណើននាំចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយសារទំនិញនាំចេញទៅសហរដ្ឋអាមេរិកភាគច្រើនជាទំនិញបញ្ជាទិញមុនផលិត ខណៈដែលអាមេរិកក៏កំពុងមានតម្រូវការកើនឡើងដែរ។ ការទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញ ក៏កត្តារួមចំណែកមួយផងដែរ។

ទោះបីវិបត្តិកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ពិសេសសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃការរីកចម្រើនក៏ដោយ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ខ្សែចង្វាក់ផលិតកម្មនិងការនាំចេញរបស់កម្ពុជានោះទេ។ ពោលគឺការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារគោលដៅនានានៅតែបង្ហាញវិជ្ជមានគួរឲ្យកត់សម្គាល់ ដែលបង្ហាញពីសន្ទុះនៃការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា។

ជាក់ស្តែងបើតាមរបាយការណ៍ពីការិយាល័យស្ថិតិអាមេរិកការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកសម្រេចបានក្នុងទំហំ ១ពាន់ ៧រយលានដុល្លារអាមេរិកនៅ២ខែ ដើមឆ្នាំ២០២២ នេះ មានការកើនឡើងជាង ៥៣% បើធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ១ពាន់១រយលានដុល្លារអាមេរិក។ ចំណែកសហរដ្ឋអាមេរិកនាំចូលទំនិញមកកម្ពុជា មានទំហំ៦៣លានដុល្លារអាមេរិកធ្លាក់ចុះជិត៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលទំហំ៦៧លានដុល្លារអាមេរិក។ 

ជុំវិញកំណើននាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារកត្តាផ្គត់ផ្គង់ និងតម្រូវការមានការកើនឡើង គូបផ្សំកម្ពុជាទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក។ ម្យ៉ាងទៀត ទំនិញភាគច្រើនដែលនាំចេញទៅសហរដ្ឋអាមេរិកជាប្រភេទទំនិញបញ្ជាទិញមុនការផលិត ហើយភាពសុខសន្តិភាព ក៏ជាកត្តារួមចំណែកមួយផងដែរ។

ដោយឡែក ជុំវិញការនាំចូលទំនិញពីអាមេរិកមកកម្ពុជាមានការធ្លាក់ចុះ ក៏ត្រូវបានអ្នកជំនាញពន្យល់ថា គឺដោយសារតម្រូវការទំនិញពីសហរដ្ឋអាមេរិកដែលភាគច្រើនជារថយន្ត និងទំនិញដែលមានតម្លៃថ្លៃសម្រាប់ទីផ្សារកម្ពុជាមានការធ្លាក់ចុះ ស្របពេលមានកាត់បន្ថយពីក្រុមហ៊ុននាំចូល។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ មានជាង ៩ពាន់លានដុល្លារអាមេរិកកើនឡើង៣២% បើធៀបនឹងឆ្នាំ២០២០ ដែលមានជិត៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកសម្រេចបាន៨ពាន់៧រយលានដុល្លារ ខណៈនាំចូលពីអាមេរិកមានទំហំ៤១៣លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពី ការិយាល័យស្ថិតិរបស់អាមេរិក៕

None



អត្ថបទបន្ទាប់


តើអ្នកសេដ្ឋកិច្ចមានការយល់ឃើញខុសប្លែកគ្នាអ្វីខ្លះ ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២?

អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញពីការយល់ឃើញផ្សេងៗគ្នាជុំវិញ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ ដោយស្ថាប័នអន្តរជាតិធំៗដូចជាធនាគារព…

តើការនាំចេញទំនិញកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP មានសម្ទុះកើនឡើងយ៉ាងណាដែរ?

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញពីតួលេខនៃការនាំចេញទំនិញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ