កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

តើអ្នកសេដ្ឋកិច្ចមានការយល់ឃើញខុសប្លែកគ្នាអ្វីខ្លះ ជុំវិញការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២?


អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញពីការយល់ឃើញផ្សេងៗគ្នាជុំវិញ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ ដោយស្ថាប័នអន្តរជាតិធំៗដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ ក្នុងនោះ ធនាគារអភិវឌ្ឍនអាស៊ី បានរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជាថា នឹងមាន៥,៣% ខណៈដែលធនាគារពិភពលោកវិញ ក៏រក្សាការព្យាករដូចមុនដែរ គឺថាសេដ្ឋកិច្ចកម្ពុជានឹងកើន៤,៥% នៅឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ តាមផែនការបំណុលកម្ពុជាអាចនឹងកើនដល់ ៣៥% នៃ GDP នៅឆ្នាំ២០២២ (រូបភាព៖ Pixabay )

សម្រាប់អ្នកជំនាញសេដ្ឋកិច្ច សុទ្ធតែមានមើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ គឺមានភាពល្អប្រសើរជាងឆ្នាំ២០២១ច្រើន ដោយសារតែមានការបើកចំហសេដ្ឋកិច្ចឡើងវិញ ការចាក់វ៉ាក់សាំងក៏មានអត្រាខ្ពស់ ហើយអ្វីដែលពិសេសនោះ គឺកម្ពុជាជាប្រទេសទី១ដំបូងគេនៅអាស៊ានដែលបានសម្រេចលុបចោលការធ្វើតេស្ដរកកូវីដ១៩លើអ្នកដំណើរពីបរទេស ដែលវាជាចំណុចល្អប្រសើរមួយក្នុងការទាក់ទាញទេសចរណ៍អន្តរជាតិ និងការស្ដារសេដ្ឋកិច្ចឡើងវិញ។

ជុំវិញនឹងការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២២នេះដែរ ត្រូវបាន លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២ សកម្មភាពសេដ្ឋកិច្ចកម្ពុជា កាន់តែបង្ហាញភាពរឹងមាំឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារវិបត្តិកូវីដ១៩ អស់រយៈពេល២ឆ្នាំ កន្លងមក។ បើតាមការកត់សម្គាល់របស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅដើមឆ្នាំ២០២២នេះ គឺមានភាពប្រសើរជាងដើមឆ្នាំ២០២១ ពិសេសវិស័យនៃការនាំចេញផលិតផលសម្លៀកបំពាក់ ការនាំចេញផលិតផលកសិកម្ម និងវិស័យលក់រាយ ដែលជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាថ។ បើទោះជាបែបនេះក្ដី បណ្ឌិត គី សិរីវឌ្ឍន៍ បានប៉ាន់ស្មានពីកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២នេះ ថានឹងមានត្រឹមតែប្រមាណ ៣%ទៅ៤% បើផ្អែកលើស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុបន្ននេះ។

ជាមួយគ្នានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចម្នាក់ទៀតនៃរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ក៏បានបង្ហាញពីទស្សនៈវិជ្ជមានចំពោះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២នេះដែរ។ បើតាមបណ្ឌិត ហុង វណ្ណៈ ផ្នែកលើកំណើននៃវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២២ កំណើននៃការនាំចេញមានរហូត១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដូច្នេះ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២នេះ នឹងសម្រេចបានលទ្ធផលប្រសើរ ដូចទៅនឹងការព្យាករ របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ឬអាចឈានលើសពីអ្វីដែលបានព្យាករទៅទៀត។

បើតាមនាយកស្តីទីប្រចាំប្រទេសកម្ពុជារបស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានងើបឡើងវិញ ដល់ប្រមាណ ៣% ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ២០២០។ ជាមួយនឹងការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ,ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ១៩បានអនុញ្ញាតឱ្យកម្ពុជា បើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និង ទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។ 

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៨,១% នៅឆ្នាំ២០២២ និង ៩,១% ក្នុងឆ្នាំ ២០២៣។ កំណើននេះ ក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែង។ ដោយឡែក ការនាំចេញទំនិញ និងសេវាកម្មត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ២០២២ និង២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញ ជាបណ្តើរៗ នៃវិស័យទេសចរណ៍។ ចំណែកវិស័យសេវាកម្ម ត្រូវបានADBព្យាករថា នឹងងើបឡើងវិញនៅកម្រិត ៤,៨% នៅឆ្នាំនេះ និង កើនដល់ ៦,៨% ក្នុងឆ្នាំ២០២៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានបិទអាជីវកម្ម កែច្នៃរថយន្ដ គ្មានច្បាប់អនុញ្ញាត

ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមានបិទអាជីវកម្ម កែច្នៃរថយន្ដគ្មានច្បាប់អនុញ្ញាត ដោយសង្កេតឃើញ មានរថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែល…

ការនាំចេញទំនិញកម្ពុជាទៅអាមេរិក កើនឡើង ៥០% នៅពីរខែដំបូងឆ្នាំ២០២២

ព័ត៌មាន
ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានជាង១ពាន់៧រយលានដុល្លារនៅពីរខែដើមឆ្នាំ២០២២ មានការកើនឡើងជាង៥០% បើធៀបនឹងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ