វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីខ្លះជួយជំរុញការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារ RCEP ឱ្យកើនឡើងជិត២៩% នៅឆ្នាំ២០២៣?


នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ជាង២៩ពាន់លានដុល្លារ ថយចុះ៥% បើធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែបើមើលតែលើការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារRCEP ក្នុងឆ្នាំ២០២៣វិញ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានទឹកប្រាក់ជាង៨ពាន់លានដុល្លារ កើនឡើងជិត២៩% បើធៀបនឹងឆ្នាំ២០២២។
វិស័យពាណិជ្ជកម្ម
ដោយ

តាមរយៈកំណើននេះបានជំរុញឱ្យក្រុមអ្នកជំនាញរំពឹងថា ការនាំចេញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងនេះនឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤នេះ ជាពិសេសការនាំចេញផលិតផលកសិកម្មតែម្តង​។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា​ បានគូសបញ្ជាក់ថា បើទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ នៅតែបន្តរងផលប៉ះពាល់ដោយសារវិបត្តិនានាយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់នៅតែមានសក្តានុពលខ្ពស់ និងមានកំណើនវិជ្ជមានជាបន្តបន្ទាប់។ តួយ៉ាង ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារRCEP នៅក្នុងឆ្នាំ២០២៣ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះកត់សម្គាល់ឃើញថា គឺមានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ បើទោះបីជាការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនៅមានកំណើនយឺតក្តី។ ការនាំចេញនៅតែរក្សាបានកំណើនខ្ពស់បែបនេះ ត្រូវបានឧកញ៉ា ស៊ិន ចន្ធី អះអាងថា គឺដោយសាររាជរដ្ឋាភិបាលបានខិតខំជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ឱ្យកាន់តែល្អប្រសើរល្អ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតែម្តង។

ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្រោមក្របខណ្ឌ RCEP រក្សាបានកំណើនខ្ពស់នោះ គឺដោយសារកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងក្របខណ្ឌ RCEP ស្របពេលទំនិញកម្ពុជានៅតែមានសក្តានុពល និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារមួយនេះ។ ការរងផលប៉ះពាល់នៃដំណើរការផលិតកម្ម ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មកែច្នៃរបស់ប្រទេសមួយចំនួន ក៏ជាកត្តារួមចំណែកជួយជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP ផងដែរ។ តាមរយៈកំណើននេះ បានជំរុញឱ្យអ្នកជំនាញរូបនេះជឿជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារ RCEP នឹងកាន់តែមានកំណើនជាបន្តបន្ទាប់ទៀត ជាពិសេសទំនិញកសិកម្មតែម្តង។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ RCEP សម្រេចបានក្នុងទំហំទឹកប្រាក់ជាង២៩ពាន់លានដុល្លារ ថយចុះ៥% បើធៀបនឹងឆ្នាំ២០២២។ ទោះបីទំហំពាណិជ្ជកម្មជារួមមានការធ្លាក់ចុះ ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារRCEP នៅក្នុងរយៈពេលដូចគ្នានេះវិញ គឺមានសន្ទុះកើនឡើងខ្ពស់ ដោយសម្រេចបានក្នុងទំហំជាង៨ពាន់លានដុល្លារកើនឡើងជិត២៩% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះវៀតណាម គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារ បន្ទាប់មកគឺទីផ្សារចិនមានទំហំជិត១ពាន់៥រយលានដុល្លារ តាមពីក្រោយដោយទីផ្សារជប៉ុនមានទំហំជាង១ពាន់១រយលានដុល្លារ និងទីផ្សារផ្សេងៗទៀត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ មានប្រទេសជាសមាជិកចំនួន១៥រួមមាន ប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតលើពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណាងកសិករស្នើឱ្យអាជ្ញាធរពង្រឹង និងទប់ស្កាត់ការនាំចូលត្រីខុសច្បាប់ ក្រោយតម្លៃ និងអ្នកចិញ្ចឹមត្រីធ្លាក់ចុះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជា ដែលតំណាងឱ្យកសិករចិញ្ចឹមត្រី បានស្នើឱ្យស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការលួចនាំចូលត្រីខុសច្បាប់ពីប្រទេសជិត…

កូរ៉េខាងត្បូងគ្រោងបោះទុនជិត៥០០ពាន់លានដុល្លារ ដើម្បីសង់បណ្ដុំរោងចក្របន្ទះឈីបដ៏ធំមហិមា

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្រកាសពីផែនការសាងសង់បណ្ដុំរោងចក្រផលិតបន្ទះឈីបដ៏ធំមហិមាមួយនៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ