តម្លៃមាសនៅលើទីផ្សារកម្ពុជា

តម្លៃមាសកម្ពុជាបានបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន!


តម្លៃមាសនៅលើទីផ្សារកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ពោលគឺមាស១តម្លឹងអាចលក់ចេញបានរហូតដល់ជាង៣,០៩០ដុល្លារឯណោះ។ ហាងឆេងមាសហក់ឡើងថ្លៃខ្ពស់នេះ ត្រូវបានអ្នកជំនាញអះអាងថា កើតឡើងដោយសារតែ ឥទ្ធិពលនៃការទទួលបានតម្រុយពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក។ អ្នកជំនាញក្នុងទីផ្សារជួញដូរមាសនៅកម្ពុជាវាយតម្លៃថា ហាងឆេងមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិទំនងជាអាចហក់ឡើងថ្លៃបន្តទៀតផងដែរ។
តម្លៃមាសនៅលើទីផ្សារកម្ពុជា
ដោយ

តម្លៃមាសនៅលើទិផ្សារពិភពលោករួមទាំងកម្ពុជា បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នៅមួយរយៈពេលចុងក្រោយនេះ តួយ៉ាងនៅថ្ងៃទី១៣ ខែកញ្ញានេះ តម្លៃមាសនៅកម្ពុជាបានហក់ឡើងដល់ជាង ៣,០៩០ដុល្លារក្នុង១តម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកំណត់ត្រាតម្លៃមាសនៅកម្ពុជា។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានវាយតម្លៃថា ចាប់តាំងពីដើមឆ្នាំ២០២៤ មកតម្លៃមាសបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដោយសារឥទ្ធិពលនៃភាពតានតឹងភូមិសាស្រ្តនយោបាយ និងបញ្ហាសង្គ្រាមនានា និងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃប្រាក់ដុល្លារអាម៉េរិកជាដើម។ តែអ្វីដែលធ្វើឱ្យតម្លៃមាសកាន់តែហក់ឡើងថ្លៃខ្ពស់យ៉ាងគំហុកនាពេលនេះ គឺបន្ទាប់ពីទទួលបានតម្រុយកាន់តែច្បាស់ពីការកាត់បន្ថយអត្រាការប្រាក់ប្រមាណ ០,២៥% របស់ធនាគារកណ្តាលអាម៉េរិកនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ។

អ្នកជំនាញដដែលរូបនេះវាយតម្លៃថា ប្រសិនបើការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកនៅដើមខែវិច្ឆិកា ខាងមុខនេះ ដំណើរការទៅដោយរលូននោះ លោកជឿជាក់ថា ហាងឆេងមាននៅលើទីផ្សារពិភពលោកនឹងមានការប្រែប្រួលបន្ថែមទៀត ពោលគឺប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត នោះតម្លៃមាសអាចនឹងមានការធ្លាក់ចុះ ដោយសារតែប្រវត្តិសាស្រ្តនៅក្នុងអាណត្តិរបស់លោក ត្រាំ នាពេលកន្លងមក លោកជំរុញឱ្យតម្លៃប្រាក់ដុល្លារមានទំនោរល្អប្រសើរ ហើយតម្លៃមាសធ្លាក់ចុះ។ តែយ៉ាងណា អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា តម្លៃមាសបច្ចុប្បន្ននៅតែមានទំនោរកើនឡើងជាបន្តទៀត នឹងអាចហក់ឡើងដល់ជាង៣ពាន់២រយដុល្លារក្នុងមួយតម្លឹងនាពេលខាងមុខនេះ។

យ៉ាងណាក៏ដោយចុះ ស្ថិតក្នុងស្ថានភាពទីផ្សារមាសមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ លោក ឡុង សំណាង ស្នើឱ្យអ្នកវិនិយោគ និងអាជីវករជួញដូរមាសគួរមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានព័ត៌មានឱ្យបានដិតដល់ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗលើការជួញដូរ និងបង្វិលដើមទុនរបស់ខ្លួន។ ម្យ៉ាងទៀត ស្ថិតក្នុងស្ថានភាពដែលតម្លៃមាសកំពុងហក់ឡើងបែបនេះ វាក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ អាចបញ្ចេញមាសលក់ដើម្បីយកប្រាក់ចំណេញផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


អាម៉េរិក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំនៅខែក្រោយនេះ

សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោក អាចប្រឈមនឹងសភាពការណ៍ទាល់ច្រកជាថ្មីក្នុងការធ្វើផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ ក្រោយរដ្ឋាភ…

កម្ពុជាចាត់ទុកកិច្ចប្រជុំរបស់ UN ស្តីពីអនាគត គឺជាការបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ និងគោលដៅនៃកិច្ចព្រមព្រៀងសម្រាប់អនាគត។ ការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ